ជាតិ
ដីស្នាក់ការCNRP លក់បាន១,៦លានដុល្លារ ហើយសម្ដេច ហ៊ុន សែន និងសម្ដេច ស ខេង បាន១លានដុល្លារ ពីសំណងជំងឺចិត្ត
22, Dec 2022 , 11:59 am        
រូបភាព
ទីតាំងដីទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ ដែលជាអចលនទ្រព្យរបស់លោក សម រង្ស៊ី ត្រូវបានតុលាការដាក់លក់បានតម្លៃ ១,៦លានដុល្លារ ដើម្បីយកទៅសងជំងឺចិត្តសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន , សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ , សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដែលបានឈ្នះក្តីកន្លងមក។



ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ សម្ដេច ហ៊ុន សែន បានប្រកាសថា ដីទីស្នាក់ការអតីតគណបក្សប្រឆាំងរបស់លោក សម រង្ស៊ី នេះ លក់សង់សំណងជំងឺចិត្ត សម្ដេច និងថ្នាក់ដឹកនាំកម្ពុជាផ្សេងទៀត មិនទាន់គ្រប់ចំនួនឡើយ។ ក្នុងនោះសម្ដេច ហ៊ុន សែន ទើបតែបានទទួលសំណងជំងឺចិត្តពីការឈ្នះក្តីលោក សម រង្ស៊ី ចំនួន៧០ម៉ឺនដុល្លារប៉ុណ្ណោះ ក្នុងទំហំទឹកប្រាក់សំណងរដ្ឋប្បវេណី ១លានដុល្លារ។ ដូច្នេះនៅសល់ទឹកប្រាក់សំណង ៣០ម៉ឺនដុល្លារទៀត ដែលសម្ដេច ត្រូវទទួលបានពីលោក សម រង្ស៊ី បន្ថែមទៀត។
 
ដោយឡែកសម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានឈ្នះបណ្ដឹងលើលោក សម រង្ស៊ី ក៏បានទទួលសំណងជំងឺចិត្ត ប្រមាណ៣០ម៉ឺនដុល្លារ ពីការលក់ទ្រព្យសម្បត្តិឡៃឡុង របស់មេដឹកនាំអតីតបក្សប្រឆាំងនេះដែរ។ សំណងជំងឺចិត្តសម្ដេច ស ខេង ក៏នៅខ្វះ២០ម៉ឺនដុល្លារទៀតដែរ។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលបានបកស្រាយលើវេទិកា នាព្រឹកថ្ងៃទី២២ ធ្នូ។
 
បើតាមប្រមុខរដ្ឋាភិបាលដដែល សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ក៏បានសំណងពីការឈ្នះក្តីលោក សម រង្ស៊ី ដូចគ្នា។ «ឥឡូវនេះ ស្នាក់ការ(គណបក្សសង្គ្រោះជាតិ)ហ្នឹង (លក់)អត់គ្រប់ទេ ព្រោះហ្អែងត្រូវសងគេ២លាន ប៉ុន្តែស្នាក់ការហ្នឹង លក់បានតែ១លាន ៦សែនទេ»។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា ទឹកប្រាក់សម្ដេច ទទួលបានពីសំណងនេះ បានបញ្ជូនទៅឱ្យក្រុមមេធាវីរដ្ឋាភិបាល សម្រាប់យកទៅប្រើប្រាស់ក្នុងការជួយដោះស្រាយបញ្ហាពលរដ្ឋ។
 
តាមរយៈការចុះផ្សាយរបស់សារព័ត៌មាន Fresh News ដីអតីតស្នាក់ការគណបក្សសង្គ្រោះជាតិនេះ ត្រូវបានតុលាការលក់បានជាង១លាន ៦សែនដុល្លារ ហើយបែងចែកដល់ដើមបណ្តឹងរាជរដ្ឋាភិបាល ទទួលបានជាង៤៤ម៉ឺនដុល្លារ, សម្តេច ហេង សំរិន ទទួលបានជិត៥ម៉ឺនដុល្លារ, សម្តេច ហ៊ុន សែន ទទួលបានជាង៧៧ម៉ឺនដុល្លារ, សម្តេច ស ខេង ជាង៣៨ម៉ឺនដុល្លារ និងរតនាគារជាតិជាង៥ពាន់ដុល្លារ។
 
កាលពីខែវិច្ឆិកា ២០២១ លោក អ៊ឹម វណ្ណៈ ចៅក្រមអនុវត្តសាលាដំបូងរាជធានីភ្នំពេញ បានចេញ«ដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំ» តាមសំណើដើមបណ្តឹងរដ្ឋប្បវេណី រួមមាន៖ សម្តេច ហ៊ុន សែន , សម្តេច ហេង សំរិន , សម្តេច ស ខេង និងមេធាវីតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា។
 
«រឹបអូសអចលនវត្ថុ មានបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ លេខ ភព០៩៧២៥ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០៧ ចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ មានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាកម្មសិទ្ធិរបស់កូនបំណុលនៃការអនុវត្ត ឈ្មោះ សម រង្ស៊ី និងប្រពន្ធឈ្មោះ ជូឡុង សូមួរ៉ា ដើម្បីយកប្រាក់មកទូទាត់បំណុលឱ្យម្ចាស់បំណុលនៃការអនុវត្ត រហូតដល់គ្រប់ចំនួន»។ នេះបើតាមដីកាសម្រេចលោក អ៊ឹម វណ្ណៈ។
 
កន្លងមក លោក សម រង្ស៉ី ត្រូវបានប្តឹងដោយ សម្តេច ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ។ បណ្ដឹងនេះ ក្រោយពីលោក សម រង្ស៊ី បានថ្លែងថា សម្តេច ហ៊ុន សែន បានសូកប៉ាន់អ្នកនាង ធី សុវណ្ណថា នូវទឹកប្រាក់១លានដុល្លារ ដើម្បីវាយប្រហារលើគណបក្សសង្រ្គោះជាតិ។ តុលាការកំពូលបានសម្រេចឱ្យលោក សម រង្ស៊ី ចាញ់ក្តី និងសងជំងឺចិត្តចំនួន ៤០០០លានរៀល កាលពីថ្ងៃទី១៩ ធ្នូ ២០១៨។
 
ដោយឡែកលោក សម រង្ស៊ី ក៏ត្រូវបានប្តឹងដោយសម្តេច ហេង សំរិន កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោយពីមេដឹកនាំបក្សប្រឆាំងរូបនេះ បាននិយាយថា សម្តេច បានដាក់ទោស សម្តេច សីហនុ ព្រះបរមរតនកោដ្ឋ ជាជនក្បត់ជាតិ ក្រោយសម័យរបប ប៉ុល ពត។ តុលាការកំពូល បានសម្រេចឱ្យលោក សម រង្ស៊ី សងជំងឺចិត្តសម្ដេច ហេង សំរិន ៤០០០លានរៀលដែរ កាលពីថ្ងៃទី១ វិច្ឆិកា ២០១៧។
 
ងាកមកបណ្ដឹងសម្ដេច ស ខេង ប្ដឹងលោក សម រង្ស៊ី វិញ គឺពាក់ព័ន្ធនឹងមរណភាពលោក ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ ។ សម្ដេច ស ខេង បានប្ដឹងមេដឹកនាំបក្សប្រឆាំងរូបនេះ កាលពីថ្ងៃទី២ កក្កដា ២០១៩ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ក្រោយពីលោក សម រង្ស៊ី បាននិយាយថា លោក ឌី វិជ្ជា ដែលជាកូនប្រុសលោក ហុក ឡង់ឌី កំពុងរៀបចំផែនការសងសឹក លើសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយមានការជួយគាំទ្រកម្លាំងពីសម្ដេច ស ខេង រដ្ឋមន្រ្តីមហាផ្ទៃ។ លោក សម រង្ស៊ី ត្រូវបានតុលាការដំបូង សម្រេចឱ្យបង់ប្រាក់សំណង ២ពាន់លានរៀល កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០។
 
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវតភ្ជាប់ទៅខេត្តព្រះសីហនុ ដដែលនេះ សម្ដេច ហ៊ុន សែន ក៏បានប្រកាសពីការប្រើប្រាស់ផ្លូវច្បាប់ ទៅលើអ្នកនយោបាយ និងអ្នកដែលប្រើប្រាស់ពាក្យចោទមកលើគណបក្សប្រជាជនថា ជា«ចោរ»។ ជាពិសេសអំឡុងពេលក្រោយការបោះឆ្នោត។
 
«បំបាត់វប្បធម៌ឱ្យតែក្រោយបោះឆ្នោត ,  ឯង(ត្រូវបានគេចោទ)ក្លាយទៅជាចោររហូត។ ឥឡូវហ្នឹង អាអ្នកដែលចោទគេថា ជាចោរហ្នឹង ត្រូវតែ(ប្ដឹង)សងជំងឺចិត្ត អ្នកដែលអ្នកឯងចោទគេ។ មិនមែនជាសិទ្ធិបញ្ចេញមតិទេ។ អ៊ីចឹងគណបក្សប្រជាជនជាចោរមួយជីវិត? ត្រូវបំបាត់(វប្បធម៌)ហ្នឹងចោល»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ដែលប្រកាសមិនលើកលែងឱ្យអ្នកដែលចោទគណបក្សប្រជាជនថា «ចោរ»ឡើយ ចាប់ពីពេលនេះទៅ ។
 
ក្រៅពីបណ្ដឹងខាងលើនេះ លោក សម រង្ស៊ី មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ក៏នៅរងបណ្ដឹងមិនក្រោម១០បទចោទ ទៀតដែរ។ ក្នុងបទចោទទាំងនេះ ក៏មានការសម្រេចដាក់ទោសលោក សម រង្ស៊ី ពី២៥ ឆ្នាំ ដល់ទោសជាប់ពន្ធនាគារមួយជីវិតទៀតផង៕
 
 

Tag:
 ហ៊ុន សែន
  ស ខេង
 នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com