អន្តរជាតិ
រដ្ឋមន្រ្តីការបរទេសចិន លើកសំណើស្វែងរកដំណោះស្រាយសម្រាប់សង្រ្គាមនៅអ៊ុយក្រែន
21, Feb 2023 , 5:59 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសចិន លោក​ ឈីន កាង នៅក្នុងគំនិតផ្តួចផ្តើមសន្តិសុខសកល។ រូបភាព Global Times
រដ្ឋមន្រ្តីការបរទេសចិន លោក​ ឈីន កាង នៅក្នុងគំនិតផ្តួចផ្តើមសន្តិសុខសកល។ រូបភាព Global Times
រដ្ឋមន្រ្តីការបរទេសចិន លោក ឈីន កាង នៅថ្ងៃទី២១ ខែកុម្ភៈ បានផ្តល់សំណើស្វែងរកដំណោះស្រាយសម្រាប់សង្រ្គាមនៅអ៊ុយក្រែន ស្របពេលសង្រ្គាមឈានចូលមួយឆ្នាំ។ ការផ្តល់សំណើស្វែងរកដំណោះស្រាយនេះ ធ្វើឡើងដោយសារចិនមានក្តីបារម្ភ ចំពោះការរីកសាយនៃជម្លោះ និងមិនអាចគ្រប់គ្រងបាន។



សល់តែបីថ្ងៃទៀតប៉ុណ្ណោះ សង្រ្គាមនៅអ៊ុយក្រែន បានឈានចូលមួយឆ្នាំហើយ ខណៈដំណោះស្រាយរកសន្តិភាពនៅតែមិនទាន់មានច្រកចេញ។ ដោយរុស្ស៊ីនៅតែបន្តវាយប្រហារលើអ៊ុយក្រែ​ន រដ្ឋមន្រ្តីការបរទេសចិន លោក ឈីន កាង បានផ្តល់សំណើស្វែងរកដំណោះស្រាយសម្រាប់ប្រទេសទាំងពីរ។ 
 
«ចិននៅតែបន្តផ្តល់តម្លៃឱ្យកិច្ចចរចាសន្តិភាព និងផ្តល់សុភវិច្ឆយចិនចំពោះការដោះស្រាយបញ្ហានយោបាយក្នុងវិបត្តិអ៊ុយក្រែន និងសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីលើកតម្កើងកិច្ចចរចា និងការពិភាក្សា»។ ប្រមុខការទូតចិន បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសន្និសីទគំនិតផ្តួចផ្តើមសន្តិសុខសកលនៅទីក្រុងប៉េកាំង ក្នុងថ្ងៃទី២១ ខែកុម្ភៈ។ 
 
ចិននឹងចេញផ្សាយសំណើជុំវិញការស្វែងរកដំណោះស្រាយលើវិបត្តិអ៊ុយក្រែននៅក្នុងសប្តាហ៍នេះ។ តាមការបញ្ជាក់របស់លោកឈីន  រដ្ឋាភិបាលជំរុញឱ្យប្រទេសពាក់ព័ន្ធទាំងអស់ឈប់ធ្វើឱ្យជម្លោះបន្តឆេះទៅទៀត ហើយនឹងឈប់បន្ទោសចិនជុំវិញជម្លោះនៅអ៊ុយក្រែន។ 
 
ការអះអាងរបស់លោកឈីន ធ្វើឡើងក្រោយរដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន បានអះអាងថា ចិន កំពុងពិចារណាផ្តល់អាវុធទៅរុស្ស៊ី។ មិនតែប៉ុណ្ណោះ លោកប្លីងខិន ក៏បានចោទចិន បានផ្តល់ជំនួយមិនធ្វើឱ្យគ្រោះថ្នាក់ដល់ជីវិតដល់រុស្ស៊ីថែមទៀត។ 
 
ក្នុងដំណើរទស្សនកិច្ចនៅក្រុងកៀវ លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក បានសន្យាផ្តល់ជំនួយយោធាក្នុងទំហំ ៥០០លានដុល្លារ ឱ្យក្រុងកៀវ ដើម្បីទប់នឹងការវាយប្រហាររបស់រុស្ស៊ី។ អាវុធទាំងនោះរួមមាន គ្រាប់កាំភ្លើងធំ, អាវុធ howitzer និងមីស៊ីលប្រឆាំងរថក្រោះ Javelin។
 
មុនការផ្តល់សំណើស្វែងរកដំណោះស្រាយខាងលើ ចិននៅថ្ងៃទី១៦ ខែកុម្ភៈ បានបង្កើតអង្គការសន្ធានកម្មអន្តរជាតិ ដើម្បីសម្របសម្រួលក្នុងការដោះស្រាយជម្លោះមួយ ដែលមានមូលដ្ឋាននៅហុងកុង។ 
 
ស្របគ្នានេះ លោកវ៉ាង យី នាយកការិយាល័យគណៈកម្មការកិច្ចការបរទេសនៃបក្សកុម្មុយនីស្តចិន កំពុងធ្វើទស្សនកិច្ចនៅក្រុងមូស្គូ ក្រោយបំពេញទស្សនកិច្ចនៅបណ្តាប្រទេសអឺរ៉ុប ដើម្បីស្វែងរកដំណោះស្រាយសម្រាប់ជម្លោះនៅអ៊ុយក្រែន ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Tass។ 
 
បន្ថែមពីនេះ រដ្ឋមន្រ្តីការបរទេសចិន ក៏បានលើកឡើងពីបញ្ហាកោះតៃវ៉ាន់ផង។ បើតាមលោកឈីន ក្រុងប៉េកាំង ទទូចឱ្យប្រទេសទាំងអស់បញ្ឈប់ប្រើប្រាស់ពាក្យ «អ៊ុយក្រែនថ្ងៃនេះ តៃវ៉ាន់ថ្ងៃស្អែក» ទៀត។ ពាក្យមួយនេះ គឺសំដៅដល់ចិន អាចវាយប្រហារលើតៃវ៉ាន់នៅថ្ងៃអនាគត។ 
 
មិនតែប៉ុណ្ណោះ រដ្ឋមន្រ្តីការបរទេសចិន បានយល់ថា វាមានសម្ពាធជាច្រើន និងប៉ុនប៉ងពីសំណាក់ប្រទេសដទៃ ក្នុងការកៀបសង្កត់ចិន កាន់តែខ្លាំងឡើងៗ ដោយបញ្ហានេះ ធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យ និងសន្តិសុខចិន។ ក្នុងន័យនេះ លោកឈីន បានទំទាស់ជាថ្មីលើគំនិតបែបសង្រ្គាមត្រជាក់ និងការជ្រៀតជ្រែកពីសំណាក់ប្រទេសខាងក្រៅ មកក្នុងកិច្ចការរបស់ចិន។ 
 
បើទោះរដ្ឋមន្រ្តីការបរទេសរូបនេះ មិនបានបញ្ជាក់ពីប្រទេសណាមួយឱ្យបានច្បាស់លាស់ ប៉ុន្តែលោកទំនងសំដៅដល់អាម៉េរិក និងប្រទេសនៅតំបន់អឺរ៉ុបមួយចំនួន ដែលតែងរិះគន់ចិន ជុំវិញបញ្ហាកោះតៃវ៉ាន់ ពាណិជ្ជកម្ម បច្ចេកវិទ្យា និងសិទ្ធិមនុស្សជាដើម។ 
 
សូមបញ្ជាក់ថា ក្នុងវេទិកាជុំវិញសន្តិសុខសកលនេះ ចិន បានបញ្ចេញសៀវភៅជុំវិញទស្សនគំនិតផ្តួចផ្តើមសន្តិសុខសកល ស្របពេលពិភពលោក កំពុងប្រឈមបញ្ហាជាច្រើន។ សៀវភៅដដែលនេះ ក៏បានបញ្ជាក់ផងដែរថា សង្រ្គាមនុយក្លេអ៊ែរ គឺគ្មានអ្នកឈ្នះដាច់ខាត និងមិនគួរកើតឡើងឡើយ។ 
 
 

Tag:
 ចិន
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com