អន្តរជាតិ
ចិន និងរុស្ស៊ីឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ និងការពារសន្តិភាពនៅតំបន់ឥណ្ឌប៉ាស៊ីហ្វិក
22, Feb 2023 , 8:29 pm        
រូបភាព
លោកវ៉ាង យី នាយកការិយាល័យគណៈកម្មការកិច្ចការបរទេសនៃបក្សកុម្មុយនីស្តចិន បានជួបជាមួយលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោក Nikolai Patrushev  នៅថ្ងៃទី២១ ខែកុម្ភៈ។ រូបភាពក្រសួងការបរទេសចិន
លោកវ៉ាង យី នាយកការិយាល័យគណៈកម្មការកិច្ចការបរទេសនៃបក្សកុម្មុយនីស្តចិន បានជួបជាមួយលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោក Nikolai Patrushev នៅថ្ងៃទី២១ ខែកុម្ភៈ។ រូបភាពក្រសួងការបរទេសចិន
រុស្ស៊ី និងចិន នៅថ្ងៃទី២១ ខែកុម្ភៈ បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌពហុភាគី និងកែលម្អអភិបាលកិច្ចពិភពលោក។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសចិន។ ទន្ទឹមនេះ ភាគីទាំងពីបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ និងការពារយ៉ាងមុតមាំចំពោះសន្តិភាព​ និងស្ថិរភាពនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។



លោកវ៉ាង យី នាយកការិយាល័យគណៈកម្មការកិច្ចការបរទេសនៃបក្សកុម្មុយនីស្តចិន នៅថ្ងៃទី២១ ខែកុម្ភៈ បានជួបជាមួយលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោក Nikolai Patrushev បានជជែកពីស្ថានភាពយុទ្ធសាស្រ្តអន្តរជាតិ ពហុភាគីនិយម រួមទាំងជំទាស់រាល់ការគំរាមសម្លុតបែបឯកតោភាគី។ 
 
ភាគីទាំងពីរ បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ ការពារយ៉ាងមុតមាំចំពោះសន្តិភាព និងស្ថិរភាពនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយជំទាស់គំនិតបែបសង្រ្គាមត្រជាក់ ការប្រឈមមុខបែបប្លុក និងការប្រឆាំងបែបមនោគមវិជ្ជា។ ស្របគ្នានេះ ភាគីបានយល់ឃើញថា ទំនាក់ទំនងក្រុងមូស្គូ​ និងក្រុងប៉េកាំង គឺរឹងមាំ និងសំខាន់។ 
 
«ទំនាក់ទំនងរុស្ស៊ី-ចិន មានលក្ខណៈចាស់ទុំ និងរឹងមាំ ដែលអាចឈរបាន នៅក្នុងស្ថានភាពអន្តរជាតិមានការប្រែប្រួលយ៉ាងឆាប់រហ័ស»។ លោក វ៉ាង យី​ បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ប្រទេសទាំងពីរ ត្រៀមខ្លួនជាស្រេចក្នុងការពារផលប្រយោជន៍ជាតិ​ និងសេចក្តីថ្លៃថ្នូរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន RT។ 
 
ជាការឆ្លើយ លោក Patrushev ទំនាក់ទំនងប្រទេសទាំងពីរ គឺមានតម្លៃមិនអាចកាត់ថ្លៃបាន និងមិនអាចរារាំងបានដោយប្រទេសខាងក្រៅ។ បើតាមមន្រ្តីរុស្ស៊ីរូបនេះ ភាពជាដៃគូយុទ្ធសាស្រ្តជាមួយចិន ជាអាទិភាពសម្រាប់រុស្ស៊ី ដោយប្រទេសទាំងពីរ បានប្តេជ្ញាបង្កើតសណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយភាពត្រឹមត្រូវ។ 
 
ក្នុងដំណើរទស្សនកិច្ចរបស់លោកវ៉ាងនេះ ធ្វើឡើងស្របពេលសង្រ្គាមនៅអ៊ុយក្រែន កំពុងមានភាពស្មុគស្មាញ។ ក្នុងថ្ងៃទី២១ ខែកុម្ភៈ រុស្ស៊ីបានប្រកាសព្យួរសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ខណៈប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានប្រកាសគាំទ្រអ៊ុយក្រែនដោយមិនរាថយ ក្នុងការទប់ជាមួយរុស្ស៊ី។ 
 
សូមបញ្ជាក់ថា សារព័ត៌មាន Wall Street Journal នៅថ្ងៃទី២២ ខែកុម្ភៈ បានចុះផ្សាយថា លោកស៊ី ជិនភីង នឹងធ្វើទស្សនកិច្ចនៅក្រុងមូស្គូ នៅប៉ុន្មានខែខាងមុខ ដើម្បីជួបជាមួយលោក វ្ល៉ាឌីមៀ ពូទីន៕ 
 

Tag:
 ចិន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com