អន្តរជាតិ
ចិន បញ្ជូននាវាដឹកយន្តហោះចម្បាំងទៅក្បែរតៃវ៉ាន់ ក្រោយជំនួបមេដឹកនាំតៃវ៉ាន់ និងអាម៉េរិក
06, Apr 2023 , 3:40 pm        
រូបភាព
នាវាដឹកយន្តហោះចម្បាំងចិន Shandong។ រូបភាព AFP
នាវាដឹកយន្តហោះចម្បាំងចិន Shandong។ រូបភាព AFP
ចិន នៅថ្ងៃទី៦ ខែមេសា បានបញ្ជូននាវាចម្បាំង និងនាវាដឹកយន្តហោះចម្បាំងទៅក្នុងដែនទឹក នៅក្បែរ កោះតៃវ៉ាន់ ក្រោយជំនួបរវាងប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen និងប្រធានសភាតំណាងអាម៉េរិក លោក Kevin McCarthy។ ការពង្រាយនាវាដឹកយន្តហោះចម្បាំងបែបនេះ ត្រូវបានរដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ ចាត់ទុកជាបញ្ហាដ៏រសើប។



ជំនួបរវាងប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen និងលោក Kevin McCarthy ប្រធានសភាតំណាងអាម៉េរិក បានធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំងប្រតិកម្មយ៉ាងខ្លាំង និងព្រមានចាត់វិធានការឆ្លើយតបឱ្យបានម៉ត់ចត់បំផុត។ 
 
មិនខុសពីដំណើរទស្សនកិច្ចរបស់លោកស្រីណាន់ស៊ី ផេនឡូស៊ី ប្រធានសភាតំណាងអាម៉េរិកនៅតៃវ៉ាន់ក្នុងឆ្នាំ២០២២ឡើយ ចិន បានពង្រាយនាវាចម្បាំងជាថ្មី នៅក្នុងថ្ងៃទី៦ ខែមេសា ក្រោយជំនួបមេដឹកនាំតៃវ៉ាន់ និងប្រធានសភាអាម៉េរិក។
 
តាមការបញ្ជាក់របស់ក្រសួងការពារជាតិតៃវ៉ាន់ នៅព្រឹកថ្ងៃទី៦ ខែមេសា នាវាចម្បាំងចំនួន ៣គ្រឿងត្រូវចាប់បានសញ្ញានៅក្នុងដែនទឹកចន្លោះរវាងតៃវ៉ាន់ និងចិន។ មិនតែប៉ុណ្ណោះ ចិន ក៏បានបញ្ជូនឧទ្ធម្ភាគចក្រប្រឆាំងនាវាមុជទឹកចូលតំបន់កំណត់ការពារដែនអាកាសតៃវ៉ាន់ផង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។ 
 
ស្របគ្នានេះ ចិនបានបញ្ជូននាវាដឹកយន្តហោះចម្បាំង Shandong ទៅក្នុងដែនទឹកនោះផង។ បញ្ហានេះ ត្រូវបានរដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ លោក Chiu Kuo-cheng ប្រាប់អ្នកសារព័ត៌មានថា ជារឿងដ៏រសើប។ 
 
«នៅពេលនាវាដឹកយន្តហោះចម្បាំងត្រូវបានបញ្ជូនចេញ វាតែងតែមានការហោះហើរយន្តហោះចម្បាំង ប៉ុន្តែយើងមិនបានឃើញពីការហោះឡើង និងចុះចតពីសំណាក់យន្តហោះចម្បាំងឡើយ»។ រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ បានបញ្ជាក់បែបនេះ នៅថ្ងៃទី៦ ខែមេសា ដោយបន្តថា នាវាដឹកយន្តហោះចម្បាំងអាម៉េរិក USS Nimitz ក៏កំពុងប្រតិបត្តិការនៅចម្ងាយប្រមាណ ៧០០គីឡូម៉ែត្រពីភាគខាងកើតតៃវ៉ាន់ផង។ បើតាមលោក Chiu តៃវ៉ាន់ នឹងមានប្រតិកម្ម ប្រសិនបើនាវាល្បាតចិនឆ្លងបន្ទាត់បែងចែករវាងចិន និងតៃវ៉ាន់។ 
 
នេះមិនមែនជាលើកទីមួយឡើយ ដែលចិនបានពង្រាយនាវាចម្បាំងនៅជុំវិញតៃវ៉ាន់។ នៅក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីផេឡូស៊ី ចិន ក៏បានពង្រាយនាវាចម្បាំង និងធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ជាច្រើនថ្ងៃ។ 
 
ក្រោយជំនួបរវាងលោកស្រីTsai និងលោក McCarthy ក្រសួងការបរទេសចិន បានចេញសេចក្តីថ្លែងការណ៍មួយ ដោយប្រើពាក្យធ្ងន់ៗថា រដ្ឋាភិបាលក្រុងប៉េកាំង នឹងចាត់វិធានឱ្យខ្លាំង និងមានប្រសិទ្ធភាព ដើម្បីការពារអធិបតេយ្យ និងបូរណភាពដែនដីរបស់ខ្លួន។ ចំណែកក្រសួងការពារជាតិចិនវិញ បានប្រកាសថា ចិនជំទាស់រាល់ទំនាក់ទំនងផ្លូវការរវាងចិន និងអាម៉េរិក។ បើតាមក្រសួងការពារជាតិ កងទ័ពចិននឹងការពារអធិបតេយ្យ និងសន្តិភាព រួមទាំងស្ថិរភាពនៅលើច្រកសមុទ្រតៃវ៉ាន់៕ 
 

Tag:
 ចិន
 ​ តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com