អន្តរជាតិ
ចិន ដាក់ទណ្ឌកម្មជាថ្មីលើមន្រ្តីតៃវ៉ាន់ ក្រោយជំនួបមេដឹកនាំតៃវ៉ាន់ និងប្រធានសភាអាម៉េរិក
07, Apr 2023 , 10:59 am        
រូបភាព
លោកស្រី Hsiao Bi-khim តំណាងតៃវ៉ាន់ប្រចាំនៅអាម៉េរិក។ រូបភាព Reuters
លោកស្រី Hsiao Bi-khim តំណាងតៃវ៉ាន់ប្រចាំនៅអាម៉េរិក។ រូបភាព Reuters
ចិន បានប្រកាសដាក់ទណ្ឌកម្មជាថ្មីលើមន្រ្តីទូតតៃវ៉ាន់ ក្រោយជំនួបរវាងប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen និងប្រធានសភាតំណាងអាម៉េរិក លោក Kevin McCarthy នៅក្នុងដីអាម៉េរិកនាពេលកន្លងមក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋចិន នៅថ្ងៃទី៧ ខែមេសា។ 



ការជួបគ្នារវាងលោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ និងលោក Kevin McCarthy ប្រធានសភាតំណាងអាម៉េរិក នៅបណ្ណាល័យប្រធានាធិបតីអាម៉េរិក Ronald Reagan ក្នុងរដ្ឋកាលីហ្វ័រញ៉ា ក្នុងថ្ងៃទី៥ ខែមេសា បានធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំង ខឹងសម្បាយ៉ាងខ្លាំង។ ក្រោយជំនួបនេះ ចិន បានប្រកាសដាក់ទណ្ឌកម្មជាថ្មីលើមន្រ្តីទូតតៃវ៉ាន់។ 
 
តាមការប្រកាសរបស់ការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន រដ្ឋាភិបាលក្រុងប៉េកាំង បានសម្រេចដាក់ទណ្ឌកម្មលើ លោកស្រី​ Hsiao Bi-khim តំណាងតៃវ៉ាន់ប្រចាំនៅអាម៉េរិក។ ទណ្ឌកម្មនេះ គឺហាមឃាត់អ្នកវិនិយោគ និងក្រុមហ៊ុនពាក់ព័ន្ធនឹងលោកស្រី Hsiao ពីកិច្ចសហប្រតិបត្តិការជាមួយអង្គការ និងប្រជាជននៅចិន។ លោកស្រី Hsiao មិនត្រូវអនុញ្ញាតឱ្យចូលទឹកហុងកុង និងម៉ាកាវដែរ។ 
 
យ៉ាងណាមិញ តាមរយៈសំណេរលើបណ្តាញសង្គម Twitter តំណាងតៃវ៉ាន់ប្រចាំនៅអាម៉េរិករូបនេះ ហាក់មិនបានបង្ហាញក្តីបារម្ភអ្វីឡើយ។ 
 
«ចិន បានដាក់ទណ្ឌកម្មខ្ញុំម្តងទៀត ជាលើកទីពីរ»។ មន្រ្តីទូតតៃវ៉ាន់ បានលើកឡើងបែបនេះ នៅថ្ងៃទី៧ ខែមេសា។ 
 
នេះមិនមែនជាលើកទីមួយទេ ដែលរដ្ឋាភិបាលក្រុងប៉េកាំង បានប្រកាសដាក់ទណ្ឌកម្មលើមន្រ្តីតៃវ៉ាន់។ ក្រោយដំណើរទស្សនកិច្ចរបស់លោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាងអាម៉េរិក នៅក្នុងឆ្នាំ២០២២ កន្លងមក ចិន បានប្រកាសដាក់ទណ្ឌកម្មលើមន្រ្តីរដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ លោក Joseph Wu, អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិតៃវ៉ាន់ លោក Wellington Koo និងអ្នកនយោបាយមកពីបក្សបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ (DPP) ជាដើម។ 
 
សូមបញ្ជាក់ថា ចិន នៅថ្ងៃទី៦ ខែមេសា បានបញ្ជូននាវាចម្បាំង និងនាវាដឹកយន្តហោះចម្បាំងទៅក្នុងដែនទឹក នៅក្បែរកោះតៃវ៉ាន់។ មិនតែប៉ុណ្ណោះ ចិន ក៏បានបញ្ជូនឧទ្ធម្ភាគចក្រប្រឆាំងនាវាមុជទឹកចូលតំបន់កំណត់ការពារដែនអាកាសតៃវ៉ាន់ផង៕ 
 

Tag:
 ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com