អន្តរជាតិ
បញ្ហាតៃវ៉ាន់៖ លោកម៉ាក្រុងថា អឺរ៉ុបមិនគួរដើរតាមអាម៉េរិកឬចិនឡើយ
10, Apr 2023 , 11:09 am        
រូបភាព
លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ចាប់ដៃជាមួយសមភាគីចិន លោក ស៊ី ជិនភីង នៅក្នុងក្រុងប៉េកាំង នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣។ រូបភាព AFP
លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ចាប់ដៃជាមួយសមភាគីចិន លោក ស៊ី ជិនភីង នៅក្នុងក្រុងប៉េកាំង នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣។ រូបភាព AFP
ប្រធានាធិបតីបារាំង លោក អាម៉េនុយអែល ម៉ាក្រុង នៅថ្ងៃទី៩ ខែមេសា បានលើកឡើងថា អឺរ៉ុប មិនគួរស្របតាមអាម៉េរិក ឬចិន ជុំវិញបញ្ហាតៃវ៉ាន់ឡើយ។ បើតាមមេដឹកនាំបារាំងរូបនេះ អឺរ៉ុប គឺមានស្វ័យភាពផ្ទាល់ខ្លួន។



ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន Politico និងLes Echos លោកអេម៉ានុយអែល ម៉ាក្រុង បានលើកឡើងពីហានិភ័យលើការគាំទ្ររបស់អឺរ៉ុបចំពោះអាម៉េរិក ឬការប្រតិកម្មជ្រុលរបស់ចិន ចំពោះតៃវ៉ាន់។ 
 
«រឿងដ៏អាក្រក់ ជាការគិតថា អឺរ៉ុបត្រូវតែស្របតាមអាម៉េរិក ឬផ្លាស់ប្តូរខ្លួនឯងចំពោះគោលនយោបាយអាម៉េរិក ឬការប្រតិកម្មជ្រុលរបស់ចិន»។ លោក ម៉ាក្រុងបានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី៩ ខែមេសា ក្រោយដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃនៅក្រុងប៉េកាំង។​ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
បើតាមលោកម៉ាក្រុង អឺរ៉ុបមានស្វ័យភាពផ្ទាល់ខ្លួន ហើយប្លុកមួយនេះ ត្រូវតែច្បាស់លាស់លើការយល់ឃើញរបស់ខ្លួនជាមួយអាម៉េរិក មិនថាបញ្ហាអ៊ុយក្រែន, ទំនាក់ទំនងជាមួយចិន ឬទណ្ឌកម្ម។ 
 
ត្រង់ចំណុចនេះ លោកមេដឹកនាំបារាំង បានបញ្ជាក់ថាអឺរ៉ុប មិនចង់ឱ្យមានការប្រឈមមុខដាក់គ្នារវាងប្លុក និងប្លុកឡើយ ហើយអឺរ៉ុប ក៏មិនត្រូវជួបនឹងបញ្ហាអស្ថិរភាពពិភពលោក និងវិបត្តិដែលមិនមែនជារបស់ខ្លួនដែរ។
 
កន្លងមក ចិន តែងតែចាត់ទុកតៃវ៉ាន់ជាដែនដីមួយរបស់ខ្លួន ខណៈរដ្ឋាភិបាលតៃវ៉ាន់បច្ចុប្បន្ន បានអះអាងថា ខ្លួនមានអធិបតេយ្យភាពពីចិន។ 
 
ក្រោយជំនួបរវាងលោកស្រី Tsai Ing-wen និងលោក Kevin McCarthy ក្នុងរដ្ឋកាលីហ្វ័រញ៉ា រដ្ឋាភិបាលក្រុងប៉េកាំង បានដាក់ទណ្ឌកម្មលើមន្រ្តីតៃវ៉ាន់ជាថ្មី រួមទាំងបណ្ណាល័យ  Ronald Reagan និងវិទ្យាស្ថាន Hudson។ 
 
មិនតែប៉ុណ្ណោះ មិនយូរប៉ុន្មានក្រោយលោក ម៉ាក្រុង ចាកចេញ ចិន ក៏បានធ្វើសមយុទ្ធយោធា ដើម្បីបង្ហាញសាច់ដុំដាក់តៃវ៉ាន់ផងដែរ។ ក្រោមសមយុទ្ធ Joint Sword ដែលត្រូវបញ្ចប់ត្រឹមថ្ងៃទី១០ ខែមេសា យោធាចិន នឹងហាត់សមពីការរុំព័ទ្ធតៃវ៉ាន់ ដោយមានការបញ្ជូនយន្តហោះចម្បាំង នាវា និងកម្លាំងយោធាទៅក្នុងសមុទ្រ។ ចិនត្រូវធ្វើសមយុទ្ធបាញ់គ្រាប់ពិតថែមទៀត ដើម្បីបិទបញ្ចប់សមយុទ្ធ Joint Sword៕ 
 
 

Tag:
 អាម៉េរិក
  ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com