ជាតិ
ពលរដ្ឋបារាំង លោក​ ហ្គ្រីប៊ែល ចំណាយពេល និងថវិកាជាច្រើនជួសជុលឡាន RENAULT ​ចំណាស់៥០ឆ្នាំហើយ
14, Apr 2023 , 7:20 pm        
រូបភាព
បារាំង៖  ពលរដ្ឋបារាំង លោក​ត្រកូល ហ្គ្រីប៊ែល ​បាន​ទិញ​ឡាន​ម៉ាក RENAULT ប្រភេទ 12 ម៉ូឌែល TN ពណ៌ស ផលិត​ឆ្នាំ​១៩៧៣ ១គ្រឿង កាលពីអំឡុងឆ្នាំ២០២២។ ដោយសារ​វាជិះ​មិនបាន គាត់​បាន​ទុកចត​រថយន្ដ​នេះនៅ​មុខ​ផ្ទះ​​ ហាលវាលប្រហែល​​កន្លះ​ឆ្នាំហើយ។ គាត់ត្រូវការពេលដើម្បី​​ធ្វើ​បញ្ជី​លើគ្រឿងបន្លាស់​ដែលត្រូវ​ជួសជុល ឬគ្រឿង​ដែល​ត្រូវការ​ស្វែងរកជាមុន​។ សម្រាប់ការជួសជុលរថយន្តនេះ លោក បានចំណាយពេលវេលា កម្លាំង និងថវិកាអស់ច្រើនដែរ។

 
សូមអញ្ជើញលោកអ្នកនាង ទស្សនាវីដេអូខាងក្រោមនេះ៖ 
 
 
ម៉ាស៊ីន​មិន​ឆេះ​ទេ។ កៅអ្វី​ខាង​មុខទាំង​២​ត្រូវតែ​ដូរ។ ទ្រង់ទ្រាយ​ត្រូវ​តម្រង់​បន្តិច និង​បាញ់​ថ្នាំ​ពណ៌ស​ឡើង​វិញ ហើយ​បិត​ដង​ក្រូម៉េ​ថ្មីខាង​ឆ្វេង។ បញ្ហា​មួយ​ចុងក្រោយ ច្រែះស៊ី​ដែក​ខ្លះ​ដែរ​។ ពេលនេះ​ ​ម្ចាស់​យានយន្ដ​កញ្ចាស់នេះ ​កំពុងតែដក​គ្រឿង​ចេញ​ទាំងអស់ ទុក​វា​នៅ​កន្លែងទូលាយ​​ល្មម ដោយ​មាន​របៀប​រៀបរយ។ គ្រឿង​ដែល​ត្រូវ​ទុក គាត់​នឹងសម្អាតវា​យ៉ាងជាក់លាក់។ គ្រឿង​ខ្លះ គាត់នឹង​ប្រើ​តែ​អេប៉ុង​ធម្មតា អេប៉ុងដែក ឬ​ច្រាស ជាមួយ​ទឹក​សាប៊ូ​​ ​តែ​សម្រាប់​ខ្លះទៀត គាត់នឹង​ត្រូវ​ខាត់វា។ ហើយសម្រាប់​គ្រឿង​ខ្លះ​ៗទៀត គាត់នឹង​ប្រើ​សាំង ឬ​គីមី ​ដើម្បីសម្អាត។ ប្រសិន​ជា​ច្រែះ​ស៊ី​ដែក គាត់នឹង​ប្រើម៉ូទ័រស្វានជាមួយច្រាស​រោមរឹង និង​ថ្នាំ​ ដើម្បី​ដកច្រែះចេញ។ បើ​សិនជា​ត្រូវការ​ក្រូម៉េ​ឡើង​វិញ គាត់​នឹងឱ្យ​ជាង​ធ្វើ។ កិច្ចការមួយទៀត ដែល​គាត់នឹង​ទុកឱ្យ​ជាង​ធ្វើ គឺ​សម្អាត​ម៉ាស៊ីន តាម​របៀប​ពិសេស។ គឺ​ជា​បច្ចេកទេស​បាញ់​គ្រាប់​ឈើ​តូចៗ​ខ្លាំងៗ ! វា​ថ្លៃ​បន្តិច ប៉ុន្តែ​វា​ធ្វើ​ឱ្យ​មើល​ទៅសម្អាតហើយ ទោះបី​ជា​ម៉ាស៊ីន​​ពី​៥០​​ឆ្នាំ​មុន​ក៏ដោយ ផ្ទៃវា​ចេញ​មក​មាន​សភាពដូច​ទំនើប​វិញ មិន​គួរ​ឱ្យ​ជឿ។ 


តាម​ធម្មតា ពេលយក​រថយន្ដ​មួយមក​ធ្វើ​ទំនើបកម្ម លោក​ត្រកូល ហ្គ្រីប៊ែល មិន​ព្រមធ្វើ​តាម​លទ្ធភាពទេ។ គ្រឿងណា ដែល​មិន​អាច​ជួសជុល​ឱ្យ​បាន​ល្អ​ប្រសើរ គាត់ដូរវា​តែ​ម្ដង។ ឧទាហរណ៍​ទ្រង់ទ្រាយឡានគាត់​មិន​តោនទេ។ បើសិន​ជាត្រូវការ គាត់រកផ្នែក​ទ្រង់ទ្រាយ​ពី​ឡាន​ប្រភេទ​ដូចគ្នា​ទៅ​ដូរ​វិញ។ ជម្រើស​ទីមួយ គាត់​រក​ទិញ​គ្រឿង​បន្លាស់​ប្រើប្រាស់​ហើយពីឡាន​ដទៃ ប្រភេទ​ដូចគ្នា ឆ្នាំដូចគ្នា។ ជម្រើស​ទី២ គាត់​ទិញ​គ្រឿងបន្លាស់​ថ្មី​ ដែល​ក្រុមហ៊ុនមួយចំនួន​ផលិត​ សម្រាប់​ជួសជុល​រថយន្ដ​បុរាណ។ សូម​បញ្ជាក់​ថា គឺ​ជាគ្រឿងបន្លាស់ ដែលផលិតថ្មី ក៏ប៉ុន្តែ​ដែល​ដូច​គ្រឿង​ដើម។
 


ជា​ចុងក្រោយ រួចរាល់បន្ទាប់​ពី​បាញ់ថ្នាំ​ពណ៌ដូច​ពី​ដើម ឬលាប​ថ្នាំការពារ​ច្រែះសម្រាប់​គ្រឿង​ខាង​ក្រោម គាត់ដំឡើង​ឡាន​ឡើង​វិញ។ ប្រសិនបើ​គេ​បាន​បន្ថែម​គ្រឿង​ខ្លះ ឧទាហរណ៍​សម្រាប់សោភ័ណភាព តាំង​ពី​យូរ​មក​ហើយ គាត់​ទុក​វា​ប្រើបន្ត។ ក៏ប៉ុន្តែ​បើសិន​ជាគេ​បាន​បន្ថែម​គ្រឿង​ខុស​សម័យ គាត់​យកវា​ទៅបោះចោល មិន​​ប្រើ​បន្តទេ។ ដល់​ជំហាន​នេះ គាត់​មាន​តែ​គ្រឿង​ស្អាត​បំផុត ដូច្នេះ​គាត់​ដំឡើង​រថយន្ដ​ឡើង​វិញ ដោយ​ប្រុងប្រយ័ត្ន​​ណាស់ កុំ​ឱ្យ​ធ្វើ​កាយវិការខុស​នាំ​ឱ្យ​ខូច​អ្វី​មួយ សូម្បី​តែ​ស្នាម​តិចតួច។ នេះ​ជា​មូលហេតុ​ដែល​​ធ្វើ​ឱ្យ​គាត់​ដំឡើង​មួយៗ ដោយ​ប្រើក្រដាស​កាសែត ​ក្រដាសកាតុង ឬពូក ដើម្បី​ការពាររហូត។ អំពី​ផ្លាកលេខ លេខ​ចាស់ ឬលេខថ្មី​ក៏ដោយ គាត់កូម្ម៉ង់​ផ្លាក​ថ្មី តាម​ស្តង់ដារនៃ​សម័យ​រថយន្ដ ដើម្បី​កុំ​ឱ្យ​ខុស​សម័យ។ នៅ​សហភាព​អឺរ៉ុប ច្បាប់​ចរចរ​អនុញ្ញាត​ឱ្យ​ធ្វើ​បែប​នេះ​ សម្រាប់​ឡាន​ដែល​មាន​អាយុកាល ​៣០ឆ្នាំ​ឡើង​ទៅ។



 គាត់មិន​ដែល​ទិញ​រថយន្ដ​បុរាណ ដែល​គេ​បាន​កែ​ច្នៃ។ យ៉ាងណាក៏ដោយ នៅ​ទ្វីប​អឺរ៉ុប មិន​សូវ​មានទេ។ អ្វី​ដែល​គាត់ពេញ​ចិត្ត គឺជា​ឡាន​ចាស់ៗ ដែល​រក្សា​សភាព​ដូច​កាល​ពី​នៅ​ថ្មី។ ហេតុនេះ ​គាត់​មាន​របៀបក្នុង​ការ​ប្រើ​ប្រាស់​រថយន្ដ ដែល​គាត់​បាន​សង្គ្រោះ​ហើយ ! ទីមួយ បើ​មិន​ជិះ មួយ​សប្ដាហ៍​ម្ដង គាត់​បញ្ឆេះ​ម៉ាស៊ីន។ ទី​ពីរ គាត់​មិន​យក​ទៅ​បើកបរ​នៅ​ពេល​ដែលអាកាសធាតិ​​ត្រជាក់ពេក ឬ​នៅ​ពេល​ដែលធ្លាក់​​ភ្លៀង។ ទីបី មុន​នឹង​បើកបរ គាត់​ពិនិត្យ​កម្រិត​ប្រេង កម្រិត​ទឹក និងពន្លឺ​ហ្វារ និង​ស៊ីញ៉ូ។ ទីបួន បន្ទាប់​ពី​បាន​ប្រើ​ហើយ​ គាត់​សម្អាត​ឡានតាម​ក្រោយ។ ប្រសិន​បើ​ត្រូវការ​លាង​ទឹក លាង​ហើយ គាត់​​ជូត ឬ​បាញ់​ខ្យល់ ដើម្បី​វា​ស្ងួត។ ជា​ការ​ពិត ភាពសើមគឺជា​ខ្មាំង​នៃ​លោហធាតុ។ ជា​ទូទៅ រៀងរាល់​ដង ដែល​គាត់បើកបររថយន្ដ​បុរាណ​ណាមួយ​របស់​គាត់ គាត់​មិន​ប្រញាប់ប្រញាល់នោះទេ។ គាត់​ប្រើ​ពេល​ច្រើន ដោយធ្វើគ្រប់​កាយវិការ​មួយៗ។ គាត់ថែរក្សា​​ស្នាដៃ​របស់គាត់គ្រប់យ៉ាង ដោយ​ការពារ​វា​ជា​និច្ច និង​ថែទាំ​វាឱ្យ​បាន​ល្អ​បំផុត។
 


RENAULT 12 (R12) TN គឺ​ជា​ R12 គូទវែង ដែល​ប្រណីត​ជាង។ ត្រូវបាន​ចាប់ផ្ដើម​ផលិត​ម៉ូឌែល​នេះ ឆ្នាំ​១៩៧៣។ ហើយ​មួយឆ្នាំក្រោយមក ​ឈ្មោះ​​ម៉ូឌែលត្រូវ​បាន​ដូរ។ រថយន្ដ R12 ត្រូវ​បាន​ផលិត​ពី​ឆ្នាំ១៩៦៩ ​ដល់​ឆ្នាំ​១៩៨០។ ក្នុង​រោងចក្រផ្សេងៗ នៅ​ប្រទេស​បារាំង នៅ​ប្រទេស​អេស្ប៉ាញ នៅ​អតីតប្រទេស​យូហ្កូស្លាវី និង​នៅ​ប្រទេស​កូឡំប៊ី។ ចំណែក​នៅ​ប្រទេស​តួកគី គេ​បន្ត​ផលិត​ទៀត​រហូត​ដល់​ឆ្នាំ​២០០៦ សរុប​ទាំងអស់ ៤ ០៩០ ៦២៩ គ្រឿង។ សូម​បញ្ជាក់​ថា R12 ភាគច្រើន​មាន​ទ្រង់ទ្រាយ​ធម្មតា មិនមែនជា​ទ្រង់ទ្រាយ​គូទវែងទេ។ ក៏ប៉ុន្តែ​ធ្លាប់​មាន​ម៉ូឌែល​ពិសេស​មួយ បង្កើត​ឡើង​រួមជា​មួយ​ក្រុមហ៊ុន Gordini បែបកីឡា។ ពី​ឆ្នាំ​១៩៧០ ទៅ​ឆ្នាំ​១៩៧៤ R12 Gordini បានប្រណាំង​ឈ្នះ ២៤​ប្រកួត ទូទាំង​ពិភពលោក។
 


បងប្អូន​បង្កើត​ RENAULT Fernand និង Marcel បាន​បង្កើតក្រុមហ៊ុន RENAULT ​ឆ្នាំ​១៨៩៨ នៅ​ទីក្រុង Boulogne-Billancourt ប្រទេស​បារាំង។ បើតាមចំនួនរថយន្ដ​ផលិត​ ឆ្នាំ​២០២១ ក្រុម​សម្ព័ន្ធ RENAULT-NISSAN-MITSUBISHI ជា​ក្រុម​សម្ព័ន្ធចំណាក់ថ្នាក់លេខ​៣ ​ទូទាំង​ពិភព​លោក៕
 
 

Tag:
 រថយន្ត
  យានយន្ត
  រថយន្តបុរាណ
  ឡានបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com