ជាតិ
សុខភាព
សម្តេច ហ៊ុន សែន ផ្តាំទៅពិធីករ-ការិនី និងអ្នកចម្រៀង ប្រយ័ត្នជំងឺទឹកនោមផ្អែមដោយសារភេសជ្ជៈប៉ូវកម្លាំង
27, Jun 2023 , 10:26 am        
រូបភាព
ដោយ: រួបរួម
«គ្រាន់តែចិបៗ បន្តិចបានហើយ តែមិនស្រួលទឹកនោមផ្អែមទាំងអស់»។ សម្តេច ហ៊ុន សែន បានផ្តាំផ្ញើយ៉ាងខ្លីបែបនេះ ទៅកាន់ពិធីករ-ពិធីការិនី និងអ្នកចម្រៀង ដែលតែងតែភ្លក្សភេសជ្ជៈប៉ូវកម្លាំងនានាក្នុងការប្រគំតន្ត្រី ទៅតាមការតម្រូវរបស់អ្នកឧបត្ថម្ភកម្មវិធី។

 
នាជិតបិទបញ្ចប់ពិធីសំណេះសំណាលជាមួយកម្មករ-និយោជិតជិត២ម៉ឺននៅកំពង់ស្ពឺព្រឹកថ្ងៃទី២៧ ខែមិថុនា នេះ ប្រមុខរដ្ឋាភិបាលណែនាំឱ្យមានការប្រុងប្រយ័ត្នទាក់ទងនឹងជំងឺទឹកនោមផ្អែម ដោយសារតែការនិយមទឹកក្រូច និងភេសជ្ជៈប៉ូវកម្លាំង ជាពិសេសពិធីករ-ពិធីការិនី និងអ្នកចម្រៀងក្នុងការប្រគំតន្ត្រី។
បើតាមរបាយការណ៍របស់សហព័ន្ធបង្ការជំងឺទឹកនោមផ្អែមអន្តរជាតិ នៅឆ្នាំ២០៤៥ អត្រាអ្នកកើតជំងឺទឹកនោមផ្អែមនៅទូទាំងពិភពលោកនឹងអាចកើនឡើងដល់៧០០លាននាក់។ បើធៀបនឹងរបាយការណ៍ឆ្នាំ២០១៩ ពិភពលោកមានអ្នកជំងឺទឹកនោមផ្អែម ៤៦៣លាននាក់ប៉ុណ្ណោះក្នុងចន្លោះអាយុ២០ទៅ៧៩ឆ្នាំ។ នេះជាកំណើនដ៏ធំមួយ ដែលសឹងតែកើនឡើងទ្វេដងក្នុងរយៈពេល ២៦ឆ្នាំទៅមុខ។
 
សហព័ន្ធទប់ស្កាត់ជំងឺទឹកនោមផ្អែមអន្តរជាតិបានរាយការណ៍ថា មនុស្ស៤៦៣លាននាក់ មានអាយុចន្លោះពី២០ទៅ៧៩ឆ្នាំ មានជំងឺទឹកនោមផ្អែមនៅទូទាំងពិភពលោកគិតត្រឹមឆ្នាំ២០១៩ ។ នៅឆ្នាំ ២០៤៥ ចំនួនអ្នកកើតជំងឺទឹកនោមផ្អែមត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ ៧០០លាននាក់ ស្មើនឹង១០,៩ភាគរយនៃចំនួនប្រជាជនពិភពលោក។
 
តំបន់ដែលមានអ្នកកើតជំងឺទឹកនោមផ្អែមច្រើនបំផុតគឺនៅអាមេរិកខាងជើង និងមជ្ឈិមបូព៌ា។ ចំណែកតំបន់អាស៊ីខាងត្បូង ត្រូវបានគេកំណត់ថា ជាតំបន់ដែលមានអត្រាអ្នកកើតជំងឺទឹកនោមផ្អែមកើនឡើងលឿនបំផុតមួយ ប្រហាក់ប្រហែលនឹងតំបន់អាស៊ីខាងលិច និងអាម៉េរិកឡាទីន។ នៅឆ្នាំ២០៤៥ តំបន់នេះនឹងអាចមានតួលេខអ្នកកើតជំងឺស្មើនឹង១១,៣ភាគរយនៃចំនួនប្រជាជនក្នុងតំបន់។
 
គួរបញ្ជាក់ថា ជំងឺទឹកនោមផ្អែមមាន២ប្រភេទ គឺប្រភេទទី១ និងទី២ ហើយភាគច្រើនមនុស្សនៅជុំវិញពិភពលោកកើតជំងឺទឹកនោមផ្អែមប្រភេទទី២។ ក្រៅពីកត្តាចំណីអាហារ និងលំហាត់ប្រាណ មូលហេតុនៃការកើនឡើងអត្រាអ្នកកើតជំងឺទឹកនោមផ្អែមក៏ត្រូវបានចូលរួមដោយ កង្វះការយកចិត្តទុកដាក់តាមដានសុខភាពផងដែរ។ តាមរបាយការណ៍ ក្នុងឆ្នាំ២០១៩ អ្នកមានជំងឺទឹកនោមផ្អែមដែលមិនបានធ្វើរោគវិនិច្ឆ័យត្រូវបានប៉ាន់ប្រមាណថាមានចំនួន ជាង ២៣១,៩លាននាក់នៅទូទាំងពិភពលោក ដែលស្ទើរតែពាក់កណ្តាលនៃករណីសរុប៕

© រក្សាសិទ្ធិដោយ thmeythmey.com