អន្តរជាតិ
អាស៊ាន បារម្ភលើសកម្មភាពមួយចំនួនក្នុងសមុទ្រចិនខាងត្បូងដែលបង្កហានិភ័យ
07, Sep 2023 , 3:22 pm        
រូបភាព
លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី និងជាប្រធានផ្លាស់វេនអាស៊ានឆ្នាំ២០២៣។ រូបភាព Twiiter_Joko Widodo
លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី និងជាប្រធានផ្លាស់វេនអាស៊ានឆ្នាំ២០២៣។ រូបភាព Twiiter_Joko Widodo
បណ្តារដ្ឋអាស៊ានមួយចំនួន បានបង្ហាញពីក្តីបារម្ភជាច្រើន​ពាក់ព័ន្ធនឹងជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងលើការទាមទារដី, សកម្មភាពជាច្រើន, ឧបទ្ទវហេតុធ្ងន់ធ្ងរ ដោយក្នុងនោះរួមមានការបង្កហានិភ័យដល់សុវត្ថិភាពមនុស្ស និងការបំផ្លាញបរិស្ថានក្នុងសមុទ្រ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានចេញនៅថ្ងៃទី៦ ខែកញ្ញា។


ក្រោយកិច្ចប្រជុំមេដឹកនាំកំពូលអាស៊ាន ឥណ្ឌូណេស៊ី ដែលជាប្រធានផ្លាស់វេន បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានលើកឡើងថា រដ្ឋអាស៊ានមួយចំនួន បានបង្ហាញក្តីបារម្ភពីសកម្មភាពរបស់រដ្ឋមួយចំនួន នៅក្នុងសមុទ្រចិនខាងត្បូង ដែលអាចបង្កឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស។ 
 
«យើងបានពិភាក្សាពីស្ថានភាពនៅក្នុងសមុទ្រចិនខាងត្បូង។ ក្នុងអំឡុងកិច្ចប្រជុំ ក្តីបារម្ភមួយចំនួន ត្រូវបានលើកឡើងដោយបណ្តារដ្ឋសមាជិកអាស៊ានលើការទាមទារដី, សកម្មភាព, ឧបទ្ទវហេតុធ្ងន់ធ្ងរក្នុងសមុទ្រចិនខាងត្បូង រួមទាំងសកម្មភាពបង្កឱ្យជីវិតមនុស្ស ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ បំផ្លាញបរិស្ថានសមុទ្រ បង្កើនភាពតានតឹង អាចអាចបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់»។ ប្រធានអាស៊ានបានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍ចេញនៅថ្ងៃទី៦ ខែកញ្ញា។ 
 
សមុទ្រចិនខាងត្បូង ជាដែនទឹកជម្លោះមួយ ដែលបន្តមានភាពរកាំរកូស  ហើយត្រូវបានចិនទាមទារស្ទើរតែប្រមាណ ៩០ភាគរយ។ ម៉ាឡេស៊ី ហ្វីលីពីន ព្រុយណេ និងវៀតណាម ក៏ជាភាគីនៃជម្លោះនេះដែរ។ មុនកិច្ចប្រជុំអាស៊ាននេះ ចិនបានបញ្ចេញផែនទីថ្មីមួយ ដោយបន្តទាមទារសមុទ្រចិនខាងត្បូង ជាដែនទឹករបស់ខ្លួន។ 
 
បើទោះសេចក្តីថ្លែងការណ៍ខាងលើ មិនសំដៅដល់សកម្មភាពរបស់រដ្ឋណាមួយ ប៉ុន្តែទំនងសំដៅដល់សកម្មភាពចិននៅក្នុងតំបន់នោះ។ កន្លងមក កងល្បាតចិន បានបាញ់ទឹកដាក់កប៉ាល់របស់ហ្វីលីពីន ដើម្បីរារាំងមិនឱ្យផ្គត់ផ្គង់នាវាចម្បាំងសល់ពីសម័យសង្រ្គាមលោកលើកទីពីរ ដែលត្រូវបានប្រើប្រាស់ជាមូលដ្ឋានមួយនៅក្នុងសមុទ្រចិនខាងត្បូង។ នាវាចម្បាំងនេះ មានវត្តមាននៅតំបន់ Second Thomas Shoal ក្នុងសមុទ្រចិនខាងត្បូងដែលចិនចាត់ទុកជាដែនទឹករបស់ខ្លួន។
 
បន្ថែមពីនេះ ប្រធានអាស៊ានបានជំរុញឱ្យភាគីជម្លោះទាំងអស់ រឹតត្បិតសកម្មភាពរបស់ខ្លួន ដើម្បីបញ្ចៀសការរីកសាយជម្លោះ ក៏ដូចជាធ្វើឱ្យស្ថានភាពជម្លោះកាន់តែស្មុគស្មាញ និងថែរក្សាសន្តិភាពនៅក្នុងតំបន់។ 
 
ក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ ឥណ្ឌូណេស៊ី បានអំពាវនាវឱ្យភាគីជម្លោះស្វែងរកសេចក្តីសម្រេចប្រកបដោយសន្តិភាព ដោយផ្អែកលើច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១០៩៨២ផង។​
 
មកទល់ពេលនេះ ក្រុមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) នៅតែបន្តចរចារវាងអាស៊ាន និងចិន ដើម្បីជាយន្តការដោះស្រាយជម្លោះដ៏សំខាន់មួយ ហើយក្រមប្រតិបត្តិមួយនេះ អាចជួយកាត់បន្ថយភាពតានតឹងរវាងចិន និងរដ្ឋអាស៊ានមួយចំនួន ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង៕
 

Tag:
 អាស៊ាន
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com