អន្តរជាតិ
ជម្លោះអ៊ីស្រាអែល-ហាម៉ាស៖ អ្នកស្លាប់កើនឡើងដល់លើស១ពាន់នាក់
09, Oct 2023 , 9:59 am        
រូបភាព
រូបភាព AP
រូបភាព AP
គិតត្រឹមព្រឹកថ្ងៃទី៩ ខែតុលា ករណីស្លាប់នៅក្នុងដែនដីអ៊ីស្រាអែលបានកើនឡើងដល់ជាង ៧០០ករណី ខណៈប្រជាជននៅក្នុងតំបន់កាហ្សាមានអ្នកស្លាប់ជាង៤១៣នាក់។ នេះជាករណីស្លាប់ច្រើនបំផុតនៅអ៊ីស្រាអែលបើគិតចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល-អារ៉ាប់ ក្នុងឆ្នាំ១៩៧៣។


 
ការប៉ះទង្គិចរវាងយោធាអ៊ីស្រាអែល និងហាម៉ាស នៅតែបន្តកើនឡើង និងធ្ងន់ធ្ងរខ្លាំង គិតចាប់តាំងពីថ្ងៃទី៧ ខែតុលាមក។ ក្នុងសង្រ្គាមមួយនេះ អ៊ីស្រាអែល បានចាត់វិធានការ ដោយវាយប្រហារតាមផ្លូវការលើតំបន់កាហ្សាវិញ និង បណ្តេញក្រុមសកម្មប្រយុទ្ធហាម៉ាសឱ្យចេញពីដែនដីរបស់ខ្លួន ដែលស្ថិតនៅភាគខាងត្បូងប្រទេស។ 
 
ក្នុងរយៈបាញ់ប្រហាររយៈពេល ជាង២ថ្ងៃមកនេះ ប្រជាជននៅអ៊ីស្រាអែលច្រើនជាង ៧០០នាក់ បានស្លាប់បាត់បង់ជីវិត ដោយក្នុងនោះរួមមានទាំងបរទេស និងនិស្សិតកម្ពុជាម្នាក់ផង ស្របពេលអ្នករបួសមានជាច្រើនពាន់នាក់។ នេះបើតាមការបញ្ជាក់ទិន្នន័យចុងក្រោយពីកម្លាំងការពារអ៊ីស្រាអែល (IDF) នៅថ្ងៃទី៩ ខែតុលា។  ទិន្នន័យអ្នកស្លាប់នេះ ជាតួលេខដ៏អាក្រក់បំផុតរបស់អ៊ីស្រាអែល បើគិតចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល-អារ៉ាប់ នៅក្នុងឆ្នាំ១៩៧៣មក។ 
 
ជម្លោះក្នុងឆ្នាំ១៩៧៣នោះ ប្រជាជននៅអ៊ីស្រាអែល បានបាត់បង់ជីវិតប្រមាណ ២៥៦៩នាក់ និងរបួសប្រមាណ ៧៥០០នាក់ នៅក្នុងការប្រយុទ្ធរយៈពេល ៣សប្តាហ៍។ បន្ថែមពីនេះ ក្រុមហាម៉ាស និងយោធាអ៊ីស្រាអែល ក៏បានចាប់ខ្លួនចំណាប់ខ្មាំងពីភាគីទាំងសងខាង ជាច្រើននាក់ផងដែរ។ 
 
ចំណែកប្រជាជននៅតំបន់កាហ្សាវិញ បានបាត់បង់ជីវិតយ៉ាងហោចណាស់៤១៣នាក់ ក្រោយពីការវាយប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅព្រឹកថ្ងៃទី៨ ខែតុលា នាយករដ្ឋមន្រ្តីអ៊ីស្រាអែលបានអះអាងថា កម្លាំងរបស់អ៊ីស្រាអែល បានកម្ទេចក្រុមឈ្លានពានដែនដីខ្លួនមួយផ្នែកធំ ហើយពេលនេះ អ៊ីស្រាអែល បានចាប់ផ្តើមដំណាក់កាលវាយប្រហារដែរ។
 
ក្រុមហាម៉ាស បានចាប់ផ្តើមចូលមកក្នុងដីអ៊ីស្រាអែល តាមរយៈឆត្រយោង ម៉ូតូ និងទូក។ តាមការបញ្ជាក់របស់អ្នកនាំពាក្យរបស់ក្រុមហាម៉ាសនៅពេលកន្លងទៅ ប្រតិបត្តិការក្រុមប្រយុទ្ធរបស់ខ្លួនប្រឆាំងនឹងអ៊ីស្រាអែល គឺដើម្បីឆ្លើយតបអំពើឃោរឃៅលើ ប្រជាជនប៉ាឡេស៊្ទីនទាំងអស់ដែលបានកើតមាននៅពេលកន្លងមក។ ត្រង់ចំណុចនេះ ក្រុមហាម៉ាស ចង់ឱ្យសហគមន៍អន្តរជាតិ បញ្ឈប់អំពើឃោរឃៅនៅក្នុងតំបន់កាហ្សា ដែលប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន។
 
ក្រោយពីការវាយប្រហារដ៏ខ្លាំងក្លាពីសំណាក់ក្រុមហាម៉ាស ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានបញ្ជាឱ្យមានការគាំទ្រអ៊ីស្រាអែលបន្ថែម នៅចំពោះមុខការវាយប្រហារពីសំណាក់ក្រុមហាម៉ាស។ ស្របគ្នានេះ រដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន បានបញ្ជាក់យ៉ាងច្បាស់ៗថា អាម៉េរិក នឹងបញ្ជូនធនធាន និងឧបករណ៍ឱ្យបានឆាប់រហ័សទៅកាន់កម្លាំងការពារអ៊ីស្រាអែល ដោយរួមទាំងអាវុធផង។ 
 
ប្រមុខការពារជាតិអាម៉េរិករូបនេះ ក៏បានបញ្ជាឱ្យក្រុមនាវាចម្បាំង និងនាវាដឹកយន្តហោះចម្បាំងអាម៉េរិក  USS Gerald R Ford ចេញដំណើរឆ្ពោះទៅសមុទ្រមីឌីទែរ៉ាណេភាគខាងកើតផង។
 
យ៉ាងណាមិញ ជំនួយរបស់អាម៉េរិកទៅកាន់អ៊ីស្រាអែល ត្រូវបានក្រុមហាម៉ាស ចាត់ទុកជាការឈ្លានពានប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន។ 
 
សូមបញ្ជាក់ថា ជនបរទេសជាច្រើនត្រូវបានរាយការណ៍ថា ត្រូវបានសម្លាប់ ចាប់ខ្លួន និងបាត់ខ្លួន ក្នុងនោះរួមមានប្រជាជនថៃ ប្រេស៊ីល អាម៉េរិក បារាំង អាល្លឺម៉ង់ អ៊ុយក្រែន និងបណ្តាប្រទេសផ្សេងទៀត៕ 
 

Tag:
 អ៊ីស្រាអែល
  ប៉ាឡេស្ទីន
  ហាម៉ាស
© រក្សាសិទ្ធិដោយ thmeythmey.com