អន្តរជាតិ
លោក បៃឌិន ថា ជំនួយមនុស្សធម៌ទៅក្នុងតំបន់កាហ្សា អាចចាប់ផ្តើមនៅថ្ងៃទី២០ ខែតុលា
19, Oct 2023 , 1:59 pm        
រូបភាព
លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក (ឆ្វេង) ជាមួយលោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល នៅក្នុងក្រុង Tel Aviv ក្នុងថ្ងៃទី១៨ ខែតុលា។ រូបភាព AFP
លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក (ឆ្វេង) ជាមួយលោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល នៅក្នុងក្រុង Tel Aviv ក្នុងថ្ងៃទី១៨ ខែតុលា។ រូបភាព AFP
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នៅថ្ងៃទី១៨ ខែតុលា បានលើកឡើងថា ជំនួយមនុស្សធម៌ទៅកាន់តំបន់កាហ្សា អាចនឹងចាប់ផ្តើមត្រឹមថ្ងៃទី២០ ខែតុលា ដោយនាំចូលតាមច្រកព្រំដែន Rafah របស់អេហ្ស៊ីប។ បន្ថែមពីនេះ លោក បៃឌិន បានប្រកាសផ្តល់ជំនួយ ១០០លានដុល្លារដល់មូលនិធិសម្រាប់តំបន់កាហ្សា និងតំបន់ត្រើយខាងលិច (West Bank) ផង។



លោក ចូ បៃឌិន បានបំពេញទស្សនកិច្ចនៅអ៊ីស្រាអែលដែលស្ថិតក្នុងពេលមានសង្រ្គាម នៅថ្ងៃទី១៨ ខែតុលា។ ដំណើរទស្សនកិច្ចរបស់លោក បៃឌិន ជាការបង្ហាញពីសាមគ្គីភាពរបស់អាម៉េរិកចំពោះសម្ព័ន្ធមិត្តអ៊ីស្រាអែល។ 
 
ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានាធិបតីអាម៉េរិក បានប្រកាសផ្តល់ជំនួយទៅប្រជាជនប៉ាឡេស្ទីន ដែលកំពុងតែខ្វះខាតយ៉ាងខ្លាំង ក្នុងនោះមានដូចជាទឹកស្អាត ស្បៀង ថ្នាំពេទ្យ និងសម្ភារផ្សេងៗ ក្រោយពីមានការភៀសខ្លួនទ្រង់ទ្រាយធំ។ 
 
បើតាមលោកបៃឌិន ជំនួយមនុស្សធម៌ដែលចូលទៅក្នុងតំបន់កាហ្សាតាមច្រកព្រំដែន Rafah អាចចាប់ផ្តើមយ៉ាងឆាប់បំផុតត្រឹមថ្ងៃទី២០ ខែតុលា។ ច្រកព្រំដែន Rafah ជាច្រកតែមួយគត់ ដែលគ្រប់គ្រងដោយអេហ្ស៊ីប ខណៈពេលអ៊ីស្រាអែល មិនអនុញ្ញាតឱ្យមានការនាំចូលជំនួយមនុស្សធម៌តាមច្រកព្រំដែន ដែលជាប់នឹងដែនដីរបស់ខ្លួនឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Times of Israel។ 
 
ការផ្ដល់ជំនួយមនុស្សធម៌នេះ ធ្វើឡើងក្រោយពីមានការចរចាលើកិច្ចព្រមព្រៀង រវាងប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sissi និងនាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ។
 
ជំនួយមនុស្សធម៌ដំបូងចំនួន ២០រថយន្តធំៗ នឹងត្រូវដឹកតាមច្រកអេហ្ស៊ីប ក្រោយការឯកភាពពីប្រធានាធិបតីប្រទេសអេហ្ស៊ីប។ យ៉ាងណាមិញ អេហ្ស៊ីប ក៏ត្រូវជួសជុលផ្លូវទៅកាន់តំបន់កាហ្សាផងដោយសារបានរងការខូចខាត ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល នៅពេលកន្លងមក។ 
 
ស្របគ្នានេះ ការិយាល័យនាយករដ្ឋមន្រ្តីអ៊ីស្រាអែល បានប្រកាសថា អ៊ីស្រាអែលនឹងអនុញ្ញាតឱ្យអាហារ ទឹក ថ្នាំពេទ្យចូលទៅដល់តំបន់ភាគខាងត្បូងកាហ្សាពីអេហ្ស៊ីប ប៉ុន្តែខ្លួននឹងជ្រៀតជ្រែកលើកិច្ចការនេះ ប្រសិនបើជំនួយទាំងនោះធ្លាក់ដល់ដៃក្រុមហាម៉ាស។ កន្លងមក អ៊ីស្រាអែល បានបញ្ជាក់ច្បាស់ៗរួចហើយថា អ៊ីស្រាអែល នឹងបើកច្រកមនុស្សធម៌ទៅកាន់តំបន់កាហ្សាឡើងវិញ ប្រសិនបើក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំងទាំងអស់។ 
 
មិនខុសពីអ៊ីស្រាអែលឡើយ ប្រធានាធិបតីអាម៉េរិក ក៏បានព្រមានពីការបញ្ចប់ជំនួយទៅតំបន់កាហ្សាដែរ ប្រសិនបើក្រុមហាម៉ាសរឹបអូសយកជំនួយទាំងនោះ ឬហាមឃាត់មិនឱ្យមានជំនួយចូលទៅក្នុងតំបន់កាហ្សា។ 
 
ក្នុងដំណើរទស្សនកិច្ចនៅអ៊ីស្រាអែលរយៈពេលប្រមាណ៦ម៉ោង ក្នុងថ្ងៃទី១៨ ខែតុលា លោកបៃឌិន បានប្រកាសផ្តល់ជំនួយ១០០លានដុល្លារដល់មូលនិធិសម្រាប់តំបន់កាហ្សា និងតំបន់ត្រើយខាងលិច (West Bank)។ លើសពីនេះ មេដឹកនាំអាម៉េរិករូបនេះ បានសន្យាថា លោកគ្រោងស្នើទៅកាន់សភាអាម៉េរិកនៅក្នុងសប្តាហ៍នេះ សម្រាប់កញ្ចប់ថវិកាគាំទ្រដែលមិនធ្លាប់មានពីមុខសម្រាប់អ៊ីស្រាអែល ក្នុងការការពារខ្លួនប្រឆាំងនឹងហាម៉ាស។ 
 
តាមការបញ្ជាក់របស់ប្រមុខអឌ្ឍចន្ទ​ក្រហមសម្រាប់តំបន់ Sinai ភាគខាងជើង ជំនួយច្រើនជាង ២០រថយន្តដែមានទម្ងន់៣ពាន់តោន កំពុងមានវត្តមាននៅក្បែរព្រំដែន Rafah ។
 
ចំណែកអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូ​នីញូ ហ្គូតេ​រ៉េស នៅថ្ងៃទី១៨ ខែតុលា បានអំពាវនាវឱ្យមានបទឈប់បាញ់យ៉ាងឆាប់រហ័ស ដើម្បីអាចឈានទៅដល់ការដោះលែងចំណាប់ខ្មាំង និងជំនួយមនុស្សធម៌ទៅក្នុងតំបន់កាហ្សា។ គិតត្រឹមថ្ងៃទី១៩ ខែតុលា សង្រ្គាមរវាងអ៊ីស្រាអែល និងហាម៉ាស បានឈានដល់ថ្ងៃទី១២ ហើយ ខណៈប្រជាជនលើសពី៤ពាន់នាក់ បានស្លាប់បាត់បង់ជីវិត។ 
 
ដោយឡែកនៅលើឆាកអន្តរជាតិឯណោះវិញ អាម៉េរិក បានប្រើសិទ្ធិវ៉េតូលើការចេញសេចក្តីសម្រេចដោយក្រុមប្រឹក្សាសន្តិសុខ ដែលអំពាវនាវឱ្យមានការផ្តល់ជំនួយមនុស្សធម៌ទៅប្រជាជនប៉ាឡេស្ទីនក្នុងតំបន់កាហ្សា និងរិះគន់រាល់អំពើហិង្សា ដែលប្រឆាំងនឹងប្រជាជនស៊ីវិលក្នុងតំបន់កាហ្សារួមទាំងអ៊ីស្រាអែល។ 
 
ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃទី១៨ ខែតុលា លោកស្រី Linda Thomas-Greenfield អគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅអង្គការសហប្រជាជាតិ បានលើកឡើងថា អាម៉េរិក មានការសោកស្តាយណាស់ដែលសេចក្តីព្រាងសេចក្តីសម្រេច មិនបានបញ្ជាក់ពីសិទ្ធិការពាររបស់អ៊ីស្រាអែល។ ត្រង់ចំណុចនេះ លោកស្រី Thomas-Greenfield បានយល់ឃើញថា ដូចបណ្តាប្រទេសផ្សេងទៀត អ៊ីស្រាអែលមានសិទ្ធិក្នុងការការពារខ្លួន ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។ 
 
ក្នុងការបោះឆ្នោតលើសេចក្តីព្រាងនោះ ប្រទេសចំនួន១២ បានបោះឆ្នោតគាំទ្រ ខណៈរុស្ស៊ី និងអង់គ្លេសរើសយកអនុបវាទ។ សេចក្តីព្រាងសេចក្តីសម្រេចនេះ ត្រូវបានស្នើដោយប្រេស៊ីល។  ប្រេស៊ីលដែលជាប្រធានផ្លាស់វេនប្រចាំខែតុលានៅក្រុមប្រឹក្សាសន្តិសុខ បារាំង ចិន អេមីរ៉ាតអារ៉ាប់រួម និងសមាជិកផ្សេងទៀត បានបង្ហាញការខកចិត្ត និងសោកស្តាយចំពោះការបោះឆ្នោតរបស់អាម៉េរិក៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com