ជាតិ
វីដេអូ
បណ្ដុំរូបិយបណ្ណ រៀល ក្នុង​របបកម្ពុជា​ប្រជាធិបតេយ្យ
21, Oct 2023 , 10:59 am        
រូបភាព
សៀមរាប៖ សារមន្ទីរ​ វិមាន​​សុខា នៅ​ក្រុង​សៀមរាប តាំង​វត្ថុ​បុរាណ​ជា​ច្រើន​មុខ ជាពិសេស​យានជំនិះ​បុរាណ ឧបករណ៍សោតទស្សបុរាណ នាឡិកា​បុរាណ ​​និង​វត្ថុបុរាណផ្សេងៗទៀត​ដែរ។ ក្នុង​នោះ​មានរូបិយវត្ថុពី​ជំនាន់មុន និង​ប្រទេស​ផ្សេងៗ ជា​លុយកាក់ផង និង​ជា​រូបិយបណ្ណ​ផង។ មានក្រដាស​ប្រាក់ រៀល ១បណ្ដុំ ដែលរបប​កម្ពុជា​ប្រជាធិបតេយ្យបាន​បោះ​ពុម្ពទុកចោល នាឆ្នាំ​១៩៧៥។ រូបិយបណ្ណ​៧ប្រភេទ​នេះ រាប់លាន​សន្លឹក មិន​ដែល​បាន​ប្រើប្រាស់។

 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកនាង ទស្សនាវីដេអូខាងក្រោមនេះ៖

 
លោក លី ប៉េងហេង ហៅ​តាឆ្កួត ​ដែលជាស្ថាបនិកសារមន្ទីរវិមានសុខា បាន​ដាក់​​ក្រដាស​ប្រាក់​ទាំងអស់នោះ​ក្នុង​ស៊ុម​មួយ បិតរូបិយបណ្ណ​មួយប្រភេទ ២សន្លឹក ដើម្បី​ទស្សនិកជន​ឃើញ​​ទាំង​ខាងមុខ ទាំង​ខាងក្រោយ។ ក្រដាស​របប​ខ្មែរ​ក្រហម១បណ្ដុំនោះ​មានគ្រប់​ប្រភេទ​​ទាំងអស់ ​​ដូចតទៅ : ០,១៛ ០,៥៛ ១៛ ៥៛ ១០៛ ៥០៛ និង ១០០៛។ សុទ្ធតែ​រូប​សកម្មភាព​​មនុស្សរួមគ្នាទាំងអស់ ពិសេស​មនុស្ស​ស្រី។ ​​​​វា​មាន​ខ្នាតផ្សេងៗពី​គ្នា ពីតូច ទៅ​ធំ តាម​តម្លៃ​របស់​វា។
 
រូបិយបណ្ណ​របប ពល ពត ត្រូវ​បាន​បោះពុម្ព​នៅ​ប្រទេស​ចិន ​ដើមឆ្នាំ​១៩៧៥ មុន​គាត់​កាន់​អំណាច​នៅ​ប្រទេស​ខ្មែរ។ ទាំងអស់​មាន​តម្លៃ​សរុប ២០លានរៀល ដែល​ស្មើនឹង ១២ ០០០​លាន​​រៀល​បច្ចុប្បន្ន។ ប្រហែល​ជាពេល​នោះ អ្នក​ដឹក​នាំ​ចលនា​ខ្មែរ​ក្រហម​រង់ចាំ​ឈ្នះ​សង្គ្រាម​​ស៊ីវិលសិន ទើប​ទៅចែកចាយ​ក្រដាស​ទាំង​អស់នោះ។ ពេល​ដំបូងមាន​គម្រោងការ​អ្វី​ក៏ដោយ ចាប់តាំងពីពេល​ដែល​ ពល ពត កាន់កាប់​ប្រទេស​ខ្មែរ ត្រូវ​បាន​សម្រេច​ចេញ​ពី​សេដ្ឋកិច្ច​ទីផ្សារ ហើយ​ឈប់​ប្រើ​លុយ​តែ​ម្ដង។ រូបភាព​លើ​រូបិយបណ្ណ​ខ្មែរ​ក្រហម​បង្ហាញ​នូវ​ការងាររួមស្រទាប់៣ ក្នុង​សង្គម​កុម្មុយនីស្តមុ​នេះ គឺ​កសិករ កម្មករ និង​ទាហាន។ សូម​បញ្ជាក់​ថា ក្រដាស​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​មិន​មែនបោះពុម្ព​ផ្សាយដោយ​ ធនាគារជាតិ​នៃ​កម្ពុជាទេ គឺបោះ​ពុម្ព​ផ្សាយ​ដោយ « ធនាគារ​កម្ពុជា » តាម​មាន​សរសេរ​ខាងមុខក្រដាស​ផង និង​ខាង​ក្រោយ​ក្រដាសផង។
 
រូបិយវត្ថុ រៀល ត្រូវបាន​បង្កើត​​ឡើងកាល​ពី​៦០ឆ្នាំ​មុន កាល​ពី​ប្រទេស​កម្ពុជា​មាន​ឯករាជ្យ ឆ្នាំ​១៩៥៣។ រហូត​ដល់​ឆ្នាំ​១៩៧២ ត្រូវ​បាន​បោះ​ពុម្ព​ក្រដាសរៀល​ជំនាន់​ទីមួយ ១៛ ២ប្រភេទ ក្រដាស ៥៛ ២ប្រភេទ ក្រដាស ១០៛ ២ប្រភេទ ក្រដាស ២០៛ ១ប្រភេទ ក្រដាស ៥០៛ ២ប្រភេទ ក្រដាស ១០០៛ ៤ប្រភេទ ក្រដាស ៥០០៛ ៣ប្រភេទ ហើយ​ក្នុងសម័យកាល លន់ នល់ ក្រដាស ៥០០៛ ១ប្រភេទ និងក្រដាស ១០០០៛ ១ប្រភេទ។ រូបិយវត្ថុ រៀល ជំនាន់​ទីពីរ ត្រូវ​បាន​បង្កើត​ឆ្នាំ​១៩៨០ បន្ទាប់​ពី​របប​ខ្មែរ​ក្រហម។ ពេល​នោះ ប្រាក់ រៀល មាន​តម្លៃ​ខ្ពស់​ជាង​បច្ចុប្បន្នមួយពាន់​ដង។ 
 
សារមន្ទីរ​ វិមាន​សុខា បើក​រៀងរាល់​ថ្ងៃ ពី​ម៉ោង៨ព្រឹក ដល់​ម៉ោង​៥ល្ងាច។ វាស្ថិតនៅផ្លូវ​លេខ២២ ភូមិ​ត្រពាំង​សេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ សំបុត្រចូល​មានតម្លៃ​ ៥០០០រៀល សម្រាប់​ពលរដ្ឋ​ខ្មែរ​ម្នាក់ និង ២០០០០រៀល សម្រាប់​ពលរដ្ឋ​បរទេស​ម្នាក់។ សូម​បញ្ជាក់​ថា ក្នុង​សារមន្ទីរក៏មាន​ហាងកាហ្វេ​តុបតែងជាមួយវត្ថុបុរាណ​ច្រើន​ដែរ៕
 
អត្ថបទទាក់ទង













Tag:
 រូបិយបណ្ណ
  ប្រាក់រៀល
  លុយ
© រក្សាសិទ្ធិដោយ thmeythmey.com