ជាតិ
សម្ដេច ហ៊ុន ម៉ាណែត ណែនាំឱ្យតែងតាំងមន្ត្រី ដោយប្រុងប្រយ័ត្ន ចៀសវាងការអន្តរាគមន៍ផ្សេងៗ
06, Nov 2023 , 11:38 am        
រូបភាព
សម្ដេច ហ៊ុន ម៉ាណែត ណែនាំឱ្យថ្នាក់ដឹកនាំតាមក្រសួង និងស្ថាប័ន ជ្រើសរើស និងតែងតាំងមន្ត្រី ទៅតាមតួនាទីនីមួយៗ ដោយមានការប្រុងប្រយ័ត្ន ហើយចៀសវាងរងការអន្តរាគមន៍ពីអ្នកដទៃ លើការតែងតាំងនេះ។ ប្រមុខរដ្ឋាភិបាល ថ្លែងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ” នាថ្ងៃទី៦ វិច្ឆិកា។



សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការតែងតាំងមន្ត្រី ត្រូវពិនិត្យលើសមត្ថភាព និងលក្ខខណ្ឌគុណសម្បត្តិ ដែលអាចទទួលយកបាន សាកសមតាមមុខតំណែងនានា។ «ត្រូវមានការវាយតម្លៃឱ្យបានច្បាស់លាស់ ចៀសវាងការអន្តរាគមន៍ផ្សេងៗ ការចាត់តាំង ការតែងតាំងក៏សំខាន់ ជាពិសេសប្រធានអង្គភាព ស្ថាប័នថ្នាក់ក្រោមជាតិ ព្រោះតួនាទីតួអង្គថ្នាក់ដឹកនាំគឺសំខាន់ណាស់ ជាអ្នកកំណត់ទិសដៅ»។ នេះបើតាមនាយករដ្ឋមន្ត្រី។
 
កន្លងមក លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចដកតំណែងលោក ហេង ហាប់ ស្នងការរងខេត្តកំពត ឱ្យមកជាមន្ត្រីវិញ។ បើតាមសេចក្តីសម្រេចរបស់លោក ស សុខា កាលពីថ្ងៃទី១២ កញ្ញា ការដកតំណែងស្នងការរងខេត្តកំពតរូបនេះ ដោយសារតែរូបគេល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។
 
ដោយឡែក លោកអនុសេនីយ៍ឯក ហុង សារ៉ុម នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំសំព្រោជ នៃអធិការដ្ឋាននគរបាលស្រុកស្ទោង ក៏ត្រូវបានដកតំណែងឱ្យមកធ្វើជាមន្ដ្រីវិញ កាលពីថ្ងៃទី១១ កញ្ញា ។ ការដកតំណែងមេប៉ុស្ត៍រូបនេះ ដោយសាររូបគេ ធ្លាប់មានប្រវត្តិពាក់ព័ន្ធនឹងករណីប្លន់ទូរមាស ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ កាលពីឆ្នាំ២០១៥។
 
សម្ដេច ហ៊ុន ម៉ាណែត ទទួលស្គាល់ពីចំណុចខ្វះខាតរបស់ថ្នាក់ដឹកនាំស្ថាប័ននានា ក្នុងការចាត់តាំង និងតែងតាំងមន្រ្តី សម្រាប់ការផ្ដល់តួនាទី និងឋានៈ។ ដោយមើលឃើញពីបញ្ហានេះ ទើបប្រមុខរដ្ឋាភិបាលណែនាំឱ្យមានការវាយតម្លៃ និងពិនិត្យឱ្យបានត្រឹមត្រូវ ចៀសវាងមានការអន្តរាគមន៍ពីអ្នកមានសិទ្ធិអំណាច ក្នុងការសម្រេចចិត្តផ្ដល់តួនាទីនេះ។ សម្ដេច បានសង្កត់ធ្ងន់ថា ការតែងតាំង និងចាត់តាំងមនុស្សឱ្យចំគោលដៅ ទើបការងារអាចទទួលបានប្រសិទ្ធភាពខ្ពស់ ក្នុងការបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។

អត្ថបទទាក់ទង
 

Tag:
 ហ៊ុន ម៉ាណែត
  នយោបាយ
  នគរបាលជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com