សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
រដ្ឋមន្ត្រី​ការងារ​ថៃ​ ស្នើ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមាបន្ថែមទៀត
12, Dec 2023 , 9:59 pm        
រូបភាព
កម្មករសំណង់ថៃ ។ រូបភាព ៖ khaosode
កម្មករសំណង់ថៃ ។ រូបភាព ៖ khaosode
រដ្ឋមន្ត្រីក្រសួងការងារថៃនៅថ្ងៃទី១២ ខែធ្នូ បាននិយាយថា គណៈរដ្ឋមន្រ្តីនឹងពិនិត្យឡើងវិញនូវសំណើដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃជាមធ្យមចំនួន២,៣៧ភាគរយបន្ថែម បន្ទាប់ពីគណៈកម្មាធិការប្រាក់ឈ្នួលបានសម្រេចចិត្តផ្តល់ប្រាក់ឈ្នួលទាបជាងគោលដៅរបស់រដ្ឋាភិបាល។

 
ការអះអាងនេះធ្វើ​ឡើង​បន្ទាប់​ពីនាយករដ្ឋមន្រ្តីថៃលោក សេដ្ឋា ថាវីស៊ីន បាននិយាយថា  ការ​ដំឡើង​ប្រាក់​ឈ្នួល​ដែល​បាន​ព្រមព្រៀង​ជាមួយ​មន្ត្រី​រដ្ឋាភិបាល វិស័យ​ឯកជន និង​ក្រុម​ការងារ​កាលពី​សប្តាហ៍​មុន​គឺមានកម្រិត​ទាប​ពេក។
 
«ខ្ញុំមិនយល់ស្របនឹងផែនការដំឡើងប្រាក់ឈ្នួលនេះទេ ហើយចង់ឱ្យពិនិត្យមើលឡើងវិញ»។ រដ្ឋមន្ត្រីក្រសួងការងារថៃលោក Phipat Ratchakitprakarn បានប្រាប់អ្នកសារព័ត៌មានដោយបន្ថែមថា លោក​នឹងស្នើឡើងវិញនូវការដំឡើងថ្លៃចំណុចផ្សេងទៅកាន់គណៈរដ្ឋមន្ត្រីនៅចុងខែនេះ។
 
គណៈកម្មាធិការប្រាក់ឈ្នួល រួមទាំងក្រុមអាជីវកម្ម និងក្រុមការងារបានយល់ព្រមដំឡើងកម្រិតដល់ចន្លោះពី ៣៣០បាតទៅ ៣៧០បាត (៩,៣៣ដុល្លារដល់ ១០,៤៦ដុល្លារ) ក្នុងមួយថ្ងៃចាប់ពីដើមឆ្នាំ២០២៤។ ការដំឡើងប្រាក់ឈ្នួលអប្បរមាប្រចាំថ្ងៃកើនចន្លោះពី ២ ទៅ ១៦បាតឬជាមធ្យម ២,៣៧ ភាគរយនាពេលបច្ចុប្បន្ន។ 
 
កាលពីខែតុលាឆ្នាំមុន ថៃបានដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន ៥,០២ភាគរយ។ គណបក្សភឿថៃដែលកំពុងកាន់អំណាចសព្វថ្ងៃបានសន្យាបង្កើនប្រាក់ឈ្នួលអប្បបរមាដល់ ៤០០បាតក្នុងមួយថ្ងៃ។
 
ប៉ុន្តែធុរកិច្ចជាច្រើនបានបង្ហាញការមិនពេញចិត្តចំពោះការដំឡើងប្រាក់ឈ្នួលនេះទេ ដោយសារតែការកើនឡើងនៃថ្លៃដើមជំរុញទប់ស្កាត់ការប្រជែងអាជីវកម្ម ស្របពេលមានកំណើនសេដ្ឋកិច្ចធ្លាក់ចុះ។
 
សេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍បានកើនឡើងយឺតជាងការរំពឹងទុក ១,៥ភាគរយនៅក្នុងត្រីមាសទី៣ ធៀបគ្រាដូចគ្នាឆ្នាំមុន ដោយសារការនាំចេញធ្លាក់ចុះ និងការចំណាយច្រើនរបស់រដ្ឋាភិបាល។
 
សហព័ន្ធឧស្សាហកម្មថៃនៅថ្ងៃទី១២ ខែធ្នូ បានលើកឡើងពីការព្រួយបារម្ភថាប្រាក់ឈ្នួលអប្បបរមាខ្ពស់នឹងប៉ះពាល់ដល់អាជីវកម្មដែលនឹងផ្តល់បន្ទុកលើការចំណាយ រួមជាមួយនឹងអត្រាការប្រាក់កាន់តែខ្ពស់ស្របពេលមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក៕ 
 

Tag:
 ថៃ
  ប្រាក់ឈ្នួល
© រក្សាសិទ្ធិដោយ thmeythmey.com