ជាតិ
នាយរងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តត្បូងឃ្មុំ ត្រូវបានបណ្តេញពីក្របខណ្ឌ
13, Jan 2024 , 3:09 pm        
រូបភាព
ឧបនាយករដ្ឋមន្ដ្រី  ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស សុខា បានបណ្តេញ លោក ថុន សុផាន់ណារិទ្ធ នាយរងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តត្បូងឃ្មុំ ចេញពីក្របខណ្ឌ ក្រោមហេតុផលល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។

យោងតាមលិខិតប្រកាសដោយក្រសួងមហាផ្ទៃ នាថ្ងៃទី១៣ មករានេះបានអនុវត្តវិន័យចំពោះលោកវរសេនីយ៍ទោ ថុន សុផាន់ណារិទ្ធ អត្តលេខ ៧៥២១៨ នាយរងការិយាល័យ​ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។
 
 ក្នុងន័យនេះ លោក ស សុខា ក៏បានដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តាញចេញពីក្របខណ្ឌមន្រ្តីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យរបស់កម្លាំងនគរបាលជាតិ។
 
គិតត្រឹមថ្ងៃទី៨ មករា ក្រោមការដឹកនាំរបស់លោក ស សុខា រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ  គឺមានមន្ត្រីនគរបាល ជាង៥០នាក់ហើយ ដែលបានរងពិន័យ ដកតួនាទី និងតំណែង។ ក្នុងចំណោម៥០នាក់នោះ មានមន្ត្រីនគរបាលប្រមាណ៤០ ត្រូវបានបណ្ដេញចេញពីក្របខណ្ឌ។ នេះបើតាមលោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ៕
 
 

Tag:
 ThmeyThmey
  ប្រឆាំងគ្រឿងញៀន
  មហាផ្ទៃ
© រក្សាសិទ្ធិដោយ thmeythmey.com