កីឡាអន្តរជាតិ
អន្តរជាតិ
មហាសេដ្ឋីនី Pang ស្ត្រីទី១ ជាប់ជាប្រធានសហព័ន្ធបាល់ទាត់ថៃ
08, Feb 2024 , 9:59 pm        
រូបភាព
អ្នកស្រី Nualphan Lamsam ឬ Madame Pang ជាប់ជាប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) ទី១៨ ក្រោយទទួលបានសំឡេងឆ្នោតគាំទ្រលើសលុប នាការបោះឆ្នោតនៅថ្ងៃទី៨ ខែកុម្ភៈ។ មហាសេដ្ឋីនីរូបនេះ ជាស្ត្រីទី១ ដែលកាន់តំណែងជាប្រធាន FAT និងដំបូងបំផុតនៅអាស៊ី។



Madame Pang បានលាលែងពីតំណែងអ្នកចាត់ការទូទៅក្រុមកីឡាបាល់ទាត់ជម្រើសជាតិថៃនៅថ្ងៃទី៤ ខែកុម្ភៈ បន្ទាប់ពីក្រុមជម្រើសជាតិថៃធ្លាក់ចេញពីពានរង្វាន់ Asian Cup ឆ្នាំ ២០២៣ វគ្គ១៦ក្រុមចុងក្រោយ​ ក្រោយចាញ់អ៊ូសបេគីស្ថាន ២-១។ ការលាលែងនេះ ដោយសារអ្នកស្រី ចង់ផ្តោតលើយុទ្ធនាការប្រជែងតំណែងប្រធាន FAT។
 
នៅទីបំផុត Madame Pang ដែលសព្វថ្ងៃមានវ័យ ៥៧ឆ្នាំ ពិតជាទទួលបានតំណែងថ្នាក់ដំកនាំកំពូលនៃក្បាលម៉ាស៊ីនបាល់ទាត់ថៃ ជំនួសលោក Somyot Pumphanmuang ដែលចប់អាណត្តិ ដោយទទួលបានសំឡេងគាំទ្រ៦៨ ចំណោមសំឡេងសរុប ៧៣សំឡេង។
 
ស្ត្រីដែលមានក្តីស្រឡាញ់វិស័យកីឡាបាល់ទាត់រូបនេះ ប្រជែងឈ្នះគូប្រជែង៤រូបផ្សេងទៀត ដោយក្នុងនោះ រួមមានអ្នកស្រី Pauline Ngampring ដែលជាអ្នកនយោបាយថៃ រួមជាមួយអតីតអ្នកនាំពាក្យរបស់ Thai League លោក Warong Witthaya ជាដើម។
 
ដើម្បីប្រជែងតំណែងប្រធាន FAT នេះ អ្នកស្រី Nuanphan Lamsam បានបង្ហាញគោលនយោបាយរបស់ខ្លួនជាសាធារណៈ ដោយលើកឡើងថាប្រសិនអ្នកស្រីបានតំណែងនេះមែន នឹងកៀរគររកប្រាក់តាមរយៈការលក់សិទ្ធិផ្សាយការប្រកួត ដើម្បីជួយក្រុមក្នុងលីគបាល់ទាត់ថៃ ឱ្យកាន់តែប្រសើរឡើង។ មហាសេដ្ឋីនីរូបនេះ ក៏បង្ហាញមហិច្ឆតា នាំក្រុមបាល់ទាត់ក្នុងស្រុក ជាប់ក្នុងលំដាប់កំពូលទាំង១៥ នៅតំបន់អាស៊ីផងដែរ៕
 
 

Tag:
 Madame Pang
  FAT
© រក្សាសិទ្ធិដោយ thmeythmey.com