ជាតិ
ឈ្វេងយល់ចំណុចសំខាន់ៗ ជុំវិញការបោះឆ្នោតព្រឹទ្ធសភា នៅថ្ងៃស្អែក
× ភ្នំពេញ៖ យុទ្ធនាការនៃការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ដែលមានរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១0 ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២0១៨ បានបញ្ចប់ហើយ ដោយគណបក្សប្រជាជនកម្ពុជា មានសកម្មភាពផុសផុលជាងគេ។ ឯគណបក្សផ្សេងទៀត មានលក្ខណស្ងៀមស្ងាត់ និងមានសកម្មភាពតិចតួចប៉ុណ្ណោះ។
នៅថ្ងៃស្អែក គឺថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២0១៨ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នឹងចាប់ផ្តើមដំណើរការ។ រហូតដល់ម៉ោង៣រសៀល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងប្រកាសលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ មានគណបក្ស៤ ចូលរួម គឺគណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ និងគណបក្សយុវជនកម្ពុជា។ ចំណែក គណបក្សភ្លើងទៀន ដែលពីមុនមានឈ្មោះថា គណបក្ស សម រង្ស៊ី និងចាត់ទុកជាគណបក្សប្រឆាំងក្នុងស្ថាប័នព្រឹទ្ធសភា មិនបានចូលរួមនោះទេ។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺជាការបោះឆ្នោតបែបអសកល។ ការបោះឆ្នោតបែបអសកល គឺជាការបោះឆ្នោតមួយ ដែលប្រជាពលរដ្ឋទូទៅ មិនមានសិទ្ធិចូលរួមឡើយ។ អ្នកចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ហៅថាអង្គបោះឆ្នោត។ អង្គបោះឆ្នោត មាន២ គឺតំណាងរាស្ត្រ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។
អង្គបោះឆ្នោត ដែលត្រូវចួលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងនីតិកាលទី៤នេះ មានចំនួន ១១,៦៩៥នាក់ ដោយក្នុងនោះ មានតំណាងរាស្ត្រ១២៣នាក់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់១១៥៧២នាក់។
សមាជិកព្រឹទ្ធសភាពីមុន មាន៦១នាក់។ ប៉ុន្តែនៅនីតិកាលទី៤នេះ សមាជិកព្រឹទ្ធសភា ត្រូវបានបង្កើនដល់៦២នាក់។
កម្ពុជា មានការបោះឆ្នោត២ប្រភេទ គឺការបោះឆ្នោតបែបសកលនិងការបោះឆ្នោតបែបអសកល។ ការបោះឆ្នោតបែបសកល រួមមាន ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ ឯការបោះឆ្នោតបែបអសកល រួមមានការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ៕
© រក្សាសិទ្ធិដោយ thmeythmey.com