កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ស្វែងយល់​ពូ​ល A រវាង​ម្ចាស់ផ្ទះ​រុស្ស៊ី អា​រ៉ា​ប៊ី​សា​អូឌីត អេ​ហ្ស៊ី​ប និង​អ៊ុយ​រូ​ហ្គា​យ​
23, Mar 2018 , 8:39 am        
រូបភាព
​រុស្ស៊ី​ឈ្នះ​ការបោះឆ្នោត​ដើម្បី​បាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​បាល់ទាត់ FIFA World Cup 2018 កាលពី​ខែធ្នូ ឆ្នាំ​២០១០​។ នេះ​ជា​លើក​ទី​២​ហើយ​ដែល​ក្រុម​មកពី​តំបន់​អឺរ៉ុប​អាច​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​នេះ​បន្ទាប់ពី​អាល្លឺម៉ង់​បាន​សិទ្ធិ​នៅ​ឆ្នាំ​២០០៦​។ រុស្ស៊ី​ដែលមាន​អ្នកចាត់ការ​ទូទៅ លោក Stanislav Cherchesov ស្ថិតក្នុង​ពូ​ល A ត្រូវ​ស្វាគមន៍ អា​រ៉ា​ប៊ី​សា​អូឌីត​ពី​តំបន់​អាស៊ី​, អេ​ហ្ស៊ី​ប​ពី​អាហ្វ្រិក និង អ៊ុយ​រូ​ហ្គា​យ​ពី​អាមេរិក​ខាងត្បូង​។



អត្ថបទទាក់ទង


​រុស្ស៊ី​នឹង​ចាប់ផ្តើម​ប្រកួត​បើកឆាក World Cup ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត នៅ​ថ្ងៃទី​១៤ ខែមិថុនា នា​កីឡដ្ឋាន Luzhniki ក្នុង​ក្រុង​ម៉ូស្គូ វេលា​ម៉ោង​១០​យប់ [​ម៉ោង​នៅ​កម្ពុជា​]​។ ការប្រកួត​បើកឆាក​គឺជា​ព្រឹត្តិការណ៍​សំខាន់​មួយ​ដែរ សម្រាប់​អ្នកគាំទ្រ​នៅលើ​ពិភពលោក បន្ទាប់ពី​ការប្រកួត​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​។ អា​រ៉ា​ប៊ី​សា​អូឌីត ក៏​នឹង​ក្លាយជា​ក្រុម​ពី​អាស៊ី​ដំបូង​គេ​ដែល​អាច​ចូលរួម​ក្នុងការ​ប្រកួត​បើកឆាក​ព្រឹត្តិការណ៍​ដ៏​នេះ​ផងដែរ​។​

​អ្វីដែល​យើង​គួរ​ដឹង​អំពី​ក្រុម​ទាំង​៣​ដែល​ត្រូវ​ជួប​ម្ចាស់ផ្ទះ​រុស្ស៊ី​
​អេ​ហ្ស៊ី​ប​៖ ព្រឹត្តិការណ៍ World Cup នៅ​រុស្ស៊ី​ឆ្នាំ​២០១៨ គឺជា​វត្តមាន​លើកដំបូង​របស់​អេ​ហ្ស៊ី​ប​ចាប់តាំងពី​បង្ហាញខ្លួន​នៅ​ឆ្នាំ​១៩៩០ ដែល​អ៊ីតាលី​ធ្វើ​ម្ចាស់ផ្ទះ​។ ខ្សែប្រយុទ្ធ​ឆ្នើម​របស់ Liverpool កីឡាករ Mohamed Salah គឺជា​វីរបុរស​ដែល​ជួយ​ឲ្យ​ប្រទេស​ក្នុង​ពិភព​អារ៉ាប់​មួយ​នេះ​បាន​កៅអី​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រុស្ស៊ី​នា​ខែមិថុនា​ខាងមុខនេះ​។​

 អា​រ៉ា​ប៊ី​សា​អូឌីត​៖ Mohammad Al-Sahlawi ខ្សែប្រយុទ្ធ​ដ៏​មាន​ថាមពល និង​ភាពស្វាហាប់​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​បានបង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​ប្រចាំ​ទ្វីបអាស៊ី​ជាមួយ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​១៦​គ្រាប់​ដើម្បី​នាំ​ង​ប្រទេស​ក្នុង​ពិភព​អារ៉ាប់​នេះ​ឈានទៅ​រុស្ស៊ី​ឆ្នាំ​២០១៨​។​

​អ៊ុយ​រូ​ហ្គា​យ​៖ ជា​ម្ចាស់​ជើងឯក World Cup ពីរ​សម័យកាល ពោលគឺ​ឈ្នះ​ក្នុង​ព្រឹត្តិ​កាណ៍​លើកដំបូង​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​ឆ្នាំ​១៩៣០ និង​លើក​ទី​២​ក្នុង​ឆ្នាំ​១៩៥០ ដែល​ប្រេ​ស៊ី​ល​ជា​ម្ចាស់ផ្ទះ​។ ក្រុម​មកពី​អាមេរិក​ឡាទីន​មួយ​នេះ​មាន​កីឡាករ​ឆ្នើម​របស់ខ្លួន​ដូចជា Luis Suarez និង Edison Cavani​។​

​អ្វីដែល​គួរ​ចាប់អារម្មណ៍​ជាងគេ​សម្រាប់​ក្រុម​នៅ​ពូ​ល A នេះ គឺ​អាយុរ​របស់​អ្នកចាំទី​អេ​ហ្ស៊ី​ប Essam El-Hadary ដែលមាន​វ័យ​រហូត​សល់ ៤៥​ឆ្នាំ និង​ជា​កីឡាករ​ចំណាស់​ជាងគេ​នៅ World Cup លើក​ទី​២២​នេះ​៕


Tag:
 បាល់ទាត់ FIFA World Cup
  GroupA
© រក្សាសិទ្ធិដោយ thmeythmey.com