អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក គីម ជុងអ៊ុន មកដល់សិង្ហបុរី, ត្រៀមជួបលោក លី សៀនឡុង
10, Jun 2018 , 1:48 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
ដោយ: ថ្មីៗ
 យន្តហោះ​ប៊ូអ៊ីង៧៤៧​របស់ចិន​ ដឹក​​មេដឹកនាំកំពូល​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន មកដល់​សិង្ហបុរីហើយនៅរសៀលថ្ងៃអាទិត្យទី ១០ ខែមិថុនានេះ។ ​នេះ​បើតា​​មការ​ចុះផ្សាយរបស់ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​ Yonhap ។


យន្តហោះ​របស់ចិន​ដែល​ចុះ​ចតនៅព្រលានយន្តហោះ​សិង្ហបុរី Changi នេះស្ថិត​ក្នុងចំណោមយន្តហោះ​ចំនួនបី​ដែលហោះ​ចេញពី​កូរ៉េខាងជើងនៅថ្ងៃអាទិត្យនេះ។ គេ​ជឿជាក់ថា​យន្តហោះ​របស់ចិន​ដែលចុះចតនេះ​ដឹកលោក គីម ខណៈយន្តហោះផ្សេងទៀត​នោះដឹកជញ្ជូន​មន្ត្រី​កូរ៉េខាងជើង អង្គរក្សផ្ទាល់ខ្លួនរបស់មេដឹកនាំកំពូល រថយន្តពិសេស និងសម្ភារផ្សេងទៀត​​ផងដែរ។
 
 
 

ដោយឡែក ភ្លាមៗក្រោយយន្តហោះចុះចត ​គេឃើញ​រដ្ឋមន្ត្រី​ការបរទេសសិង្ហបុរីលោក វីវៀន បាឡាសគ្រីស្នាន់ បង្ហោះ​រូបភាពតាមគណនីហ្វេសប៊ុកខ្លួនពេលលោក​ឈរចាំ​ស្វាគមន៍​លោក គីម ជុងអ៊ុន​ចុះពីយន្តហោះ។ បន្ទាប់អញ្ជើញមកដល់​ហើយនោះ ​លោក គីម នឹងអញ្ជើញ​ជួបនាយករដ្ឋមន្ត្រីសិង្ហបុរីផងដែរ។ ក្រសួងការបរទេសសិង្ហបុរីបានចេញសេចក្តីប្រកាសព័ត៌មានថា នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង នឹងជួប​លោក គីម នៅល្ងាច​ថៃ្ងអាទិត្យនេះ។

ចំណែកប្រធានាធិបតី​អាមេរិកលោក ត្រាំ កំពុងធ្វើ​ដំណើរ​តាម​យន្តហោះ Air Force One ពី​កាណាដា​ឆ្ពោះ​មក​សិង្ហបុរី ហើយលោក​ទំនងជាមក​ដល់នៅពេល​យប់​នេះ។ នៅព្រឹកថ្ងៃចន្ទស្អែកនេះ លោក ត្រាំ នឹងជួបពិភាក្សា​ជាមួយ​លោក​ លី ម្តង​ ពោលគឺមុនកិច្ចប្រជុំផ្លូវការមកដល់។

អត្ថបទទាក់ទង
 

តាមពិតទៅ ​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង នឹងត្រូវ​ជួប​មុខ​គ្នា​ជា​លើកដំបូង​នៅឯ​សណ្ឋាគារ Capella លើ​កោះ Sentosa របស់​សិង្ហ​បុរី​។ ប្រធាន​បទសំខាន់នៃកិច្ចពិភាក្សាគឺ ការរំសាយអាវុធនុយក្លេអ៊ែរ​កូរ៉េខាងជើង។ មុនចាក​ចេញពី​កាណាដាមកសិង្ហបុរីថ្ងៃ សៅរ៍ម្សិលមិញ លោក ត្រាំ បាន​បញ្ជាក់ក្នុងសារដែលបង្ហោះ​តាមគណនី Twitter ខ្លួនថា ជំនួប​នេះជា​បេសកកម្មស្វែងរកសន្តិភាព​ ហើយអ្វីដែលសំខាន់វា​ជាឱកាសតែម្តងប៉ុណ្ណោះមិនគួរខ្ជះខ្ជាយឡើយ។  លោកក៏កត់សម្គាល់ផងដែរថា លោក គីម នឹងប្រឹងប្រែង​ខ្លាំងក្នុងការស្វែងរក​សន្តិភាព​ពិតប្រា​កដនេះ​។

— Donald J. Trump (@realDonaldTrump) June 9, 2018 ជុំវិញ​ការ​ស្នាក់​វិញ លោក ត្រាំ ជ្រើស​រើសយក​សណ្ឋាគារ​ផ្កាយ​៥ Shangri-La ព្រោះ​ជា​សណ្ឋាគារ​ប្រណីត និង​ធ្លាប់​ទទួល​ស្វាគមន៍​មេដឹកនាំ​អាមេរិក​ច្រើន​ផង​។ ចំណែកឯ​លោក គីម វិញ ស្នាក់នៅ​សណ្ឋាគារ St Regis ។ សន្តិសុខ​ត្រូវបាន​ពង្រឹង​នៅ​បរិវេណ​សណ្ឋាគារ​ទាំងពី​រ​នេះ​។ មុននេះ​គេជឿជាក់ថា លោក គីមចង់​ស្នាក់នៅ​សណ្ឋាគារ Fullerton ដែលមាន​តម្លៃ​ថ្លៃ ប៉ុន្តែ​បែរជា​ស្នើ​រក​អ្នក​ចេញថ្លៃ​ឲ្យ​ទៅវិញ​៕

© រក្សាសិទ្ធិដោយ thmeythmey.com