កីឡាអន្តរជាតិ
អន្តរជាតិ
Guerrero នឹង​ឱប​ប្រធាន​ក្រុម​អូស្ត្រាលី ដែល​ជួយ​ឲ្យ​រូបគេ​បាន​លេង World Cup នៅ​រុស្ស៊ី​
26, Jun 2018 , 3:45 pm        
រូបភាព
 ប្រធាន​ក្រុម​ជម្រើសជាតិ​ប៉េ​រូ Paolo Guerrero នឹង​ឱប​កីឡាករ Mile Jedinak ប្រធាន​ក្រុម​អូស្ត្រាលី​ទុកជា​ការ​អរគុណ​សម្រាប់​ការរួមចំណែក​សម្រេច​ក្តី​សុបិន​របស់ខ្លួន​ដើម្បី​មាន​វត្តមាន​លើកដំបូង​ក្នុង​ការប្រកួត​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក FIFA World Cup នៅ​រុស្ស៊ី ឆ្នាំ​២០១៨​នេះ​។​



​ប៉េ​រូ នឹងត្រូវ​តទល់​ជាមួយ​អូស្ត្រាលី​សម្រាប់​ការប្រកួត​ចុងក្រោយ​ពូ​ល C នៅវេលា​ម៉ោង ៩ យប់ ថ្ងៃទី ២៦ ខែមិថុនា​នេះ​។ នៅមុន​ពេល​កែ​បាល់ Guerrero ថា​នឹង​ឱប Jedinak ដើម្បី​ជាការ​អរគុណ​ចំពោះ​ការ​ជ្រោ​ម​ជ្រែ​ញ​ជួយ​ខ្លួន​ឲ្យ​រួច​ផុតពី​ការហាម​ប្រាម​ចូល​រូ​ម​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​ជុំវិញ​ករណី​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់​។​

​ខ្សែប្រយុទ្ធ​វ័យ​៣៤​ឆ្នាំ ត្រូវបាន​ហាមឃាត់​ក្នុង​សកម្មភាព​កីឡាបាល់ទាត់​រយៈពេល ១៤ ខែ កាលពី​ថ្ងៃទី​១៤ ខែឧសភា​ពី​សំណាក់​តុលាការ​អាជ្ញាកណ្តាល​កីឡា (CAS) ក្រោយ​ធ្វើតេស្ត​រកឃើញថា​មាន​ផ្ទុក​សារធាតុ​កូកាអ៊ីន ដែល​នឹងធ្វើ​ឲ្យ​រូបគេ​ខក​ខានទៅ​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​ប៉េ​រូ​ក្នុង​ការប្រកួត​បាល់ទាត់​ពិភពលោក​នៅ​រុស្ស៊ី​។​


Mile Jedinak ប្រធានក្រុមរបស់ជម្រើសជាតិអូស្ត្រាលី

​ប៉ុន្តែ​ជុំវិញ​ការហាមឃាត់​នេះ ប្រធាន​ក្រុម​ជម្រើសជាតិ​៣​រូប​ដែល​ស្ថិតក្នុង​ពូ​ល C ជាមួយ​ប៉េ​រូ រួមមាន Mile Jedinak របស់​អូស្ត្រាលី Simon Kjaer របស់​ដា​ណឺ​ម៉ាក និង Hugo Lloris អ្នកចាំទី​បារាំង បាន​ប្រតិកម្ម និង​តវ៉ា ដោយ​សរសេរ​លិខិត​រួមគ្នា​ទៅកាន់ FIFA ដើម្បី​សុំ​ឲ្យ​ពួកគេ​លើកលែង​បម្រាម​នេះ​វិញ​។ ក្រៅពីនោះ ក៏មាន​ការតវ៉ា​ពី​ប្រជាជន និង​ប្រធានាធិបតី​ប៉េ​រូ​ផ្ទាល់​ផង​តែម្តង​ដើម្បី​សុំ​ឲ្យ Guerrero បានបង្ហាញ​ខ្លួន​សម្រាប់​ក្រុម​ជម្រើសជាតិ​នៅ World Cup លើក​ទី​២២​នេះ​។​

​ដោយសារ​ការតវ៉ា​មាន​ប្រសិទ្ធភាព ទីបំផុត​ខ្សែប្រយុទ្ធ​ក្រុម Flamengo ពិតជា​បានបង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍ World Cup ជា​លើកដំបូង​របស់ខ្លួន​ក្នុង​ជីវិត ក្រោយ​តុលាការ​ស្វី​ស​យល់ព្រម​លើកលែង​បម្រាម​នេះ​បណ្ដោះអាសន្ន​។​

​ប៉េ​រូ​ជា​ក្រុម​ដំបូង​គេ​ដែល​បាន​ធ្លាក់​ចេញពី World Cup ត្រឹម​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល C បន្ទាប់ពី​រង​បរាជ័យ​ពីរ​ប្រកួត​ដំបូង​ក្រោម​ថ្វៃ​ជើង​បារាំង និង​ដា​ណឺ​ម៉ាក ហើយ​សល់​មួយ​ប្រកួត​បង្គ្រប់កិច្ច​ជាមួយ​អូស្ត្រាលី​នៅ​យប់​នេះ​៕

អត្ថបទទាក់ទង



Tag:
 បាល់ទាត់​
  FIFA World Cup
  Paolo Guerrero
  GroupC
© រក្សាសិទ្ធិដោយ thmeythmey.com