ជាតិ
បោះឆ្នោត
មន្ត្រីរដ្ឋាភិបាល និងគ.ជ.ប ថា អន្តរជាតិខ្លះវាយតម្លៃទាំងបិទភ្នែក!
× ភ្នំពេញ៖ «សង្គ្រាមសម្ដី»! ២ថ្ងៃក្រោយការបោះឆ្នោត អន្តរជាតិមួយចំនួន ដែលមានអាមេរិក សហភាពអឺរ៉ុប អូស្ត្រាលី និងកាណាដា បានចេញមករិះគន់លើការបោះឆ្នោតនៅកម្ពុជា។ អន្តរជាតិទាំងនោះ វាយតម្លៃថា ការបោះឆ្នោតកម្ពុជា គឺមិនបានតំណាងឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ។ ឆ្លើយតបការវាយតម្លៃនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាននិយាយថា អន្តរជាតិកំពុងពាក់វែនតាខ្មៅ ដោយមើលមិនឃើញចំណុចល្អរបស់កម្ពុជា។
បន្ទាប់ពីអាមេរិក ចេញមុខរិះគន់មុនគេ លើការបោះឆ្នោតកម្ពុជានោះ ក៏មានបណ្ដាប្រទេសអន្តរជាតិផ្សេងទៀតចេញមករិះគន់ជាបន្តបន្ទាប់។ សហភាពអឺរ៉ុប បានរិះគន់ថា ការបោះឆ្នោតនៅកម្ពុជា បានរៀបចំឡើងក្នុងបរិយាកាសនយោបាយតានតឹងខ្ពស់បំផុត ដែលអាជ្ញាធរកម្ពុជា បានប្រើប្រព័ន្ធតុលាការគ្រប់ទម្រង់ផ្សេងៗ ដាក់សម្ពាធមកលើក្រុមគណបក្សប្រឆាំង និងអ្នកតវ៉ារិះគន់មកលើរដ្ឋាភិបាល រួមទាំងការហាមសកម្មភាពនយោបាយ និងរំលាយបក្សប្រឆាំង។
តាមរយៈការប្រើវិធានការលើបក្សប្រឆាំងនេះហើយ ទើបធ្វើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នេះ ខ្វះការប្រកួតប្រជែងពិតប្រាកដ ដោយសារអវត្តមានគណបក្សប្រឆាំង ដែលវាមានន័យថា ការបោះឆ្នោតនេះ មិនបានតំណាងឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ ។ នេះបើតាមសេចក្តីថ្លែងការណ៍សហភាពអឺរ៉ុប ដែលចេញដោយអ្នកនាំពាក្យ លើកឡើងពីស្ថានការណ៍ជុំវិញការបោះឆ្នោតនៅកម្ពុជា។
ងាកមកអូស្ត្រាលីវិញ ក៏បានបង្ហាញពីការមិនពេញចិត្តរបស់ខ្លួន ចំពោះការបោះឆ្នោតនេះ។ ស្រដៀងនឹងអាមេរិក និងសហភាពអឺរ៉ុបដែរ អូស្ត្រាលី លើកក្តីព្រួយបារម្ភខ្លួនថា ការបោះឆ្នោតកម្ពុជា រៀបចំឡើងក្នុងបរិយាកាសនយោបាយមិនល្អនេះ ដែលបង្ហាញពីការចូលរួមរបស់គណបក្សនយោបាយ និងសង្គមស៊ីវិល ដោយមិនមានសេរីភាព។
«អូស្ត្រាលីខកចិត្ត ដែលប្រជាជនកម្ពុជា មិនអាចជ្រើសរើសអ្នកតំណាងរបស់ពួកគេបានដោយសេរី»។ នេះជាការបញ្ជាក់របស់អូស្ត្រាលី នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបន្ថែមថា អូស្ត្រាលីជាមិត្តរបស់កម្ពុជា ដូច្នេះអូស្ត្រាលី នឹងបន្តជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បើកផ្លូវនយោបាយ ឲ្យមានការជជែកដេញដោល ដោយសេរី ហើយគ្មានអំពើហិង្សា និងការបំភិតបំភ័យ។
តែយ៉ាងណាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោក ផៃ ស៊ីផាន ចំអកឲ្យបណ្ដាអន្តរជាតិខាងលើថា ការចូលរួមបោះឆ្នោតរបស់ពលរដ្ឋខ្មែរ ដែលមានចំនួនច្រើនលើសការរំពឹងទុកនេះ គឺបង្ហាញពីឆន្ទៈរបស់ពួកគេ គាំទ្រលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ដោយមិនពឹងលើអន្តរជាតិនោះទេ។ បើតាមលោក ផៃ ស៊ីផាន លទ្ធផលបោះឆ្នោតនេះ ក៏ជាសារមួយឆ្លើយតបទៅអន្តរជាតិ ដែលកំពុងបរាជ័យក្នុងដាក់សម្ពាធមកលើកម្ពុជាផងដែរ។ «ចំនួនពលរដ្ឋបោះឆ្នោតជាង៨២ភាគរយ គឺបង្ហាញថា ពលរដ្ឋស្រលាញ់ប្រជាធិបតេយ្យ និងឯករាជ្យជាតិពេញលេញ ដូច្នេះពលរដ្ឋប្រាប់អន្តរជាតិថា ពួកគេមិនត្រូវការឲ្យបរទេសលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសកម្ពុជាទេ។ ហើយការលើកឡើងរបស់អន្តរជាតិនោះ គឺកំពុងបន្លប់ភាពបរាជ័យខ្លួនប៉ុណ្ណោះ…»។ នេះជាការបញ្ជាក់របស់លោក ផៃ ស៊ីផាន។
ផ្ទុយពីការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលនេះ ភាគីកាណាដា បានមើលឃើញថា ប្រជាជនកម្ពុជា បានរងការបំភិតបំភ័យយ៉ាងខ្លាំង មុនការបោះឆ្នោតនៅកម្ពុជា តាមរយៈការប្រើប្រាស់ប្រព័ន្ធយុត្តិធម៌ គំរាមកំហែងលើពួកគេ និងអ្នកនយោបាយ។ សម្រាប់កាណាដា ការបោះឆ្នោតដែលមានការគាបសង្កត់លើអ្នកនយោបាយ និងសង្គមស៊ីវិល រួមទាំងប្រព័ន្ធផ្សព្វផ្សាយនេះ គឺវាមិនមែនជាសញ្ញាដែលបង្ហាញពីសេរីភាព ភាពត្រឹមត្រូវ និងយុត្តិធម៌ឡើយ។
សេចក្តីថ្លែងការណ៍ដោយឡែកមួយ របស់កាណាដា បានបញ្ជាក់ដូច្នេះថា៖«កាណាដា គឺជាមិត្តភក្តិរបស់ប្រជាជនកម្ពុជាយូរណាស់មកហើយ ដែលគាំទ្រយ៉ាងមុតមាំ ចំពោះសិទ្ធសេរីភាពជ្រើសរើសមេដឹកនាំរបស់ពួកគេ។ យើងបន្តអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា អនុញ្ញាតសិទ្ធមូលដ្ឋានរបស់ប្រជាជនកម្ពុជា»។
តែយ៉ាងណាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចាត់ទុកការវាយតម្លៃបែបអវិជ្ជមានរបស់អន្តរជាតិមកលើកម្ពុជានេះ ជាការរិះគន់ដោយគ្មានមូលដ្ឋានគ្រឹះច្បាស់លាស់ ដោយមិនបានមកពិនិត្យជាក់ស្ដែងក្នុងការដំណើរការបោះឆ្នោតនៅកម្ពុជា។ សម្រាប់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប ក្រុមអន្តរជាតិដែលវាយតម្លៃកម្ពុជាបែបនេះ គឺកំពុងពាក់វែនតាខ្មៅ ដោយមើលមិនឃើញពីចំណុចល្អរបស់កម្ពុជាឡើយ។ បើតាមលោក ហង្ស ពុទ្ធា កម្ពុជាកំពុងរងគ្រោះដោយសារតែនយោបាយការបរទេសរបស់ប្រទេសមហាអំណាច។
ដោយមិននិយាយដល់រឿងនយោបាយលោក ហង្ស ពុទ្ធា បានបញ្ជាក់ដូច្នេះថា៖«អ្វីដែលជាតួនាទីរបស់ គ.ជ.ប ធ្វើតាមច្បាប់ រៀបចំឲ្យមានការផ្លាស់ប្ដូរអំណាច ផ្លាស់ប្តូររដ្ឋបាលគ្រប់គ្រងរបស់រដ្ឋ គឺថាតាមរយៈវិធីអហិង្សា ដែលពិភពលោករកឃើញ គឺការបោះឆ្នោតនេះ ។ ដូច្នេះការបោះឆ្នោតនេះ គឺអនុវត្តទៅតាមច្បាប់ គ្មានប្រទេសណាមិនអនុវត្តតាមច្បាប់ខ្លួនឯងនោះទេ»៕
Tag:
EU
អូស្ត្រាលី
កាណាដា
ចិន
បោះឆ្នោត
គ.ជ.ប
© រក្សាសិទ្ធិដោយ thmeythmey.com