ជាតិ
រដ្ឋមន្ត្រី​ព័ត៌មាន ប្រាប់​ឲ្យ​មន្ត្រី​ខ្លួន​ប្រឹងប្រែង​ធ្វើការ ប្រសើ​រជាង​នាំគ្នា​មក​ជូនពរ​លោក​
11, Sep 2018 , 11:29 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ព័ត៌មាន ប្រាប់​ឲ្យ​មន្ត្រី​ខ្លួន​ប្រឹងប្រែង​ធ្វើការ ប្រសើរ​ជាង​នាំគ្នា​មក​ជូនពរ​លោក ដែល​បន្ត​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​នេះ​។ លោក ខៀវ កាញារីទ្ធ បានទទួល​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ជាថ្មី​ម្ដងទៀត សម្រាប់​អាណត្តិ​ទី​៦ ក្រោម​ការជ្រើសតាំង​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ជា​រដ្ឋមន្ត្រី​ព័ត៌មាន​អាណត្តិ​ថ្មី​នេះ គឺជារឿង​ហួស​ស្មាន​មួយ ដែល​ផ្ទុយ​ពី​ការប្រកាស​របស់លោក ខៀវ កាញារីទ្ធ ពី​រឿង​ចូល​និវត្ត​កន្លងមក​។​

 
​ជាធម្មតា​នៅពេល​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​តាម​ក្រសួង ស្ថាប័ន​ណាមួយ ដែល​ទទួល​បានការ​តំណែង ឬ​ការតែងតាំង​អ្វីមួយ​ពី​សំណាក់​ព្រះរាជក្រឹត្យ​ព្រះមហាក្សត្រ ឬ​ពី​ប្រមុខ​រដ្ឋាភិបាល​នោះ គេ​សង្កេតឃើញថា មន្ត្រីក្រោមឱវាទ​តាម​ស្ថាប័ន​ទាំងនោះ បាននាំគ្នា​ចេញ​លិខិត​អបអរសាទរ និង​ជូនពរ​ដល់​ថ្នាក់ដឹកនាំ​ខ្លួន ដែល​ទទួលបាន​តំណែង​នេះ​។ វា​អាចជា​ការបង្ហាញ​ពី​ទំហំ​ចិត្ត​របស់​ថ្នាក់ក្រោម ទៅកាន់​ថ្នាក់ដឹកនាំ​។ ហើយក៏​មិនមែន​ធ្វើបែបនេះ វា​ខុស​នោះដែរ​។​
 
​ប៉ុន្តែ​ផ្ទុយ​ពី​ការយល់​ឃើញបែបនេះ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ បាន​ឲ្យ​តម្លៃ​ទៅលើ​ការបំពេញ​ការងារ​រប​ស់​មន្ត្រី​ខ្លួន​ទៅវិញ​។ សម្រាប់​រដ្ឋមន្ត្រី​ព័ត៌មាន​រូបនេះ មន្ត្រី​ដែល​ប្រឹងប្រែង​ធ្វើការ​ឲ្យ​បានល្អ គឺ​វា​មានតម្លៃ​ប្រសើ​រជាង​នាំគ្នា​មក​ជូនពរ​លោក​ទៅទៀត​។​
 
​លោក ខៀវ កាញារីទ្ធ ដែល​ត្រូវបាន​សម្ដេច ហ៊ុន សែន តែងតាំង​ឲ្យ​បន្ត​ដឹកនាំ​ក្រសួង​ព័ត៌មាន​អាណត្តិ​ទី​៦​នេះ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ដូច្នេះ​ថា​៖«​សូម​ប្រធាន​មន្ទីរ​ទាំងអស់​កុំ​មាន​អារម្មណ៍​ថា ត្រូវតែមាន​កាតព្វកិច្ច​មក​ជូនពរ​ខ្ញុំ​ក្នុង​អាណត្តិ​ថ្មី​នេះ ។ យើង​ធ្វើការ​ជាមួយគ្នា​ជាង ២០ ឆ្នាំ​ហើយៗ​រាល់​ឆ្នាំ​ខ្ញុំ​តែង​ចុះ​តាម​គ្រប់​ខេត្ត​ដែរ​ទេ ។ សូម​នាំគ្នា​បំពេញការងារ​ឲ្យ​បានល្អ​តាម​មូលដ្ឋាន​រៀងៗ​ខ្លួន​ទៅ នោះ​ជាការ​ជូនពរ​ខ្ញុំ​ហើយ​»​។​
 
​លោក ខៀវ កាញារីទ្ធ ចូលកាន់​តំណែង​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ចាប់តាំងពី​អាណត្តិ​ទី​៣ ជំនួស​លោក លឺ ឡាយស្រេង ដែលជា​អតីតមន្ត្រី​ជាន់ខ្ពស់​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​។​
 
​ជុំវិញ​ការតែងតាំង​រដ្ឋមន្ត្រី​នៅតាម​ក្រសួង​ដដែល សម្រាប់​អាណត្តិ​ទី​៦​នេះ ត្រូវបាន​សម្ដេច ហ៊ុន សែន បាន​ពន្យល់​បន្ថែមថា ការទាត់ចោល​មន្ត្រី​ចាស់​ដែល​បាន​ខិតខំ​បម្រើ​ការងារ​រហូត​គណ​បក្ស​ទទួលបាន​ជោគជ័យ នឹង​ផ្តល់​គំរូ​មិនល្អ​សម្រាប់​ថ្ងៃ​ខាងមុខ​។ សម្រាប់​សម្ដេច ហ៊ុន សែន ការរក្សា​កម្លាំង​ចាស់ ហើយ​បង្កើន​កម្លាំង​ថ្មី គឺជា​យុទ្ធសាស្ត្រ​សម្រាប់​យកឈ្នះ​គ្រប់​កាលៈទេសៈ​នយោបាយ​៕
 

Tag:
 ខៀវ កាញារីទ្ធ​
  ព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com