វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​៩៖ “​កម្ពុជា​ប្រឆាំង​ដាច់ខាត​នឹង​ការជ្រៀតជ្រែក​របស់​បរ​ទេស​”
ជាតិ
​​​ន​យោ​បាយ​ជាតិ​
វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​៩៖ “​កម្ពុជា​ប្រឆាំង​ដាច់ខាត​នឹង​ការជ្រៀតជ្រែក​របស់​បរ​ទេស​”
24, Sep 2018 , 10:59 pm        
រូបភាព
សម្តេច ហ៊ុន សែន និង សម្តេច ស ខេង រួមទាំងតំណាងរាស្រ្តដទៃទៀតពីគណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងអង្គប្រជុំរដ្ឋសភានាពេលកន្លងមក
សម្តេច ហ៊ុន សែន និង សម្តេច ស ខេង រួមទាំងតំណាងរាស្រ្តដទៃទៀតពីគណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងអង្គប្រជុំរដ្ឋសភានាពេលកន្លងមក
ដោយ: ថ្មីៗ
ភ្នំពេញ​៖ រដ្ឋធម្មនុញ្ញ​កម្ពុជា ត្រូវបានធ្វើ​វិសោធនកម្ម​ជា​លើក​ទី​៩ នៅ​ដើមឆ្នាំ​២០១៨ ដោយមាន​ឃ្លា​ថ្មី​មួយ​ថា កម្ពុជា ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​លូកដៃ​របស់​បរទេស​។

-
 
​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​ត្រូវ​បានប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​១៩៩៣ រហូតដល់​ឆ្នាំ​២០១៧ មិនមាន​ចែង​ពី​ការប្រឆាំង​នឹង​ការ​លូកដៃ​ពី​សំណាក់​រដ្ឋាភិបាល​បរទេស​ឡើយ​។ ប៉ុន្តែ នៅ​ដើមឆ្នាំ​២០១៨ រដ្ឋធម្មនុញ្ញ ក៏ត្រូវ​បានធ្វើ​សោធនកម្ម​លើក​ទី​៩ ដើម្បី​បន្ថែម​ខ្លឹមសារ​ត្រង់ចំណុច​នេះ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។ 
 
​ខ្លឹមសារ នៃ​កថាខណ្ឌ​ថ្មី​នេះ ដែល​ត្រូវបាន​បញ្ចូល​ទៅក្នុង​មាត្រា​៥៣​នៃ​រដ្ឋធម្មនុញ្ញ បាន​ចែងថា កម្ពុជា ប្រឆាំង​ដាច់ខាត​ចំពោះ​បរទេស ដែល​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ទោះបី​ក្រោមរូបភាព​ណាក៏ដោយ​។ ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​៩​នេះ គឺ​ក្រោយពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយចោល ហើយ​ប្រធាន​អតីត​គណបក្ស​នេះ ត្រូវបាន​ឃាត់ខ្លួន ក្រោម​ការចោទប្រកាន់ថា លួច​ទៅ​សហការ​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។

យ៉ាងណាក៏ដោយ អតីត​គណបក្សប្រឆាំង បាន​បកស្រាយ​ថា ការដែល​ខ្លួន​ទៅ​សេពគប់​ជាមួយ​អង្គការ និង​សហគមន៍​អន្តរជាតិ គឺ​ដើម្បី​ពង្រឹង​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា មិនមែន​ដើម្បី​រួម​កម្លាំង​មក​ធ្វើ​រដ្ឋប្រហារ​នោះទេ​។ 
 
​ចំណែក ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​៩ ត្រូវបាន​អតីត​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ អះអាងថា ធ្វើឡើង​ដើម្បី​បម្រើ​ឲ្យ​ប្រយោជន៍​គណបក្សកាន់អំណាច ហើយ​រឹត​ដ្បិត​សិទ្ធិសេរីភាព បើទោះជា​គណបក្សកាន់អំណាច ខំប្រឹង​ពន្យល់​មហាជន​ថា ការធ្វើ​វិសោធន​កម្មនេះ ដើម្បី​ប្រយោជន៍​ប្រទេសជាតិ​ក៏ដោយ​។  
 
​ក្នុង​ការធ្វើ​វិសោធនកម្ម​លើក​ទី​៩​នេះ មិនមែនមាន​តែ​មាត្រា​៥៣​នោះទេ នៅមាន​មាត្រា​៤២ និង​មាត្រា​៤៩ ក៏ត្រូវ​បា​នប​ញ្ជូ​ល​កថាខណ្ឌ​បន្ថែម​ដែរ​។ កថាខណ្ឌ​ថ្មី នៃ​មាត្រា​៤២ បាន​ចែងថា គណបក្សនយោបាយ ត្រូវតែ​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ ហើយ​មិន​ត្រូវធ្វើ​សកម្មភាព​ណាមួយ ទោះជា​ដោយផ្ទាល់​ក្តី ឬ​ដោយ​ប្រយោល​ក្តី ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ប្រទេស និង​ប្រជាពលរដ្ឋ​កម្ពុជា​ឡើយ​។ 
 
​រីឯ កថាខណ្ឌ​ថ្មី នៃ​មាត្រា​៤៩ ដែល​មានន័យ​ដូចគ្នា​ស្ទើរ​ទាំងស្រុង​ទៅនឹង​កថាខណ្ឌ​ថ្មី នៃ​មាត្រា​៤២ បាន​ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ត្រូវ​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ ហើយ​មិន​ត្រូវធ្វើ​សកម្មភាព​ណាមួយ ទោះជា​ដោយផ្ទាល់​ក្តី ឬ​ដោយ​ប្រយោល​ក្តី ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ប្រទេស និង​ប្រជាពលរដ្ឋ​ឡើយ​។ 
 
​លើសពីនេះ មាត្រា​១១៨ ដែល​ចែង​អំពី​រដ្ឋាភិបាល ក៏ត្រូវ​បាន​កែប្រែ​ដែរ តែ​មិន​ត្រូវបាន​បន្ថែម​កថាខណ្ឌ​ថ្មី​នោះទេ​។ មាត្រា​១១៨ ត្រូវបាន​កែប្រែ​ថា គណៈរដ្ឋមន្ត្រី ត្រូវ​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​។ ដូច្នេះ ចាប់ពី​អាណត្តិ​ទី​៦​នេះ​តទៅ រដ្ឋលេខាធិការ រួមទាំង​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី លែង​ជា​សមាជិក​រដ្ឋាភិបាល​ទៀតហើយ​។ 
 
​បច្ចុប្បន្ន រដ្ឋធម្មនុញ្ញ​កម្ពុជា មាន​១៧​ជំ​ពួក និង​១៦០​មាត្រា ។ ជំ​ពួក​ទាំង​១៧​នោះ ចែង​អំពី​អធិបតេយ្យ​, ព្រះមហាក្សត្រ​, សិទ្ធិ និង​ករណីយកិច្ច​រប​ស់​ប្រជាពលរដ្ឋ​ខ្មែរ​, របប​នយោបាយ​, សេដ្ឋកិច្ច​, អប់រំ វប្បធម៌ និង​សង្គមកិច្ច​,  រដ្ឋសភា​, ព្រឹទ្ធសភា​, សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា​, រាជរដ្ឋាភិបាល​, អំណាចតុលាការ​, ក្រុមប្រឹក្សាធម្មនុញ្ញ​,  ការគ្រប់គ្រង​រដ្ឋបាល , សមាជជាតិ​, ការ​អនុភាព ការសើរើ និង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​, និង​អន្តរ​ប្បញ្ញត្តិ​។ 
 
​ក្រៅពី​រដ្ឋធម្មនុញ្ញ ដែលជា​ច្បាប់កំពូល កម្ពុជា នៅមាន​ច្បាប់​មួយទៀត ដែលមាន​តម្លៃ​ដូចនឹង​រដ្ឋធម្មនុញ្ញ​ដែរ គឺ «​ច្បាប់​ធម្មនុញ្ញ​បន្ថែម​»​។ ច្បាប់​ធម្មនុញ្ញ​បន្ថែម ដែល​គេ​មិន​ធ្លាប់​ឃើញ​មាន​នៅតាម​ប្រទេស​នានា​លើ​ពិភពលោក ត្រូវបាន​រដ្ឋសភា​កម្ពុ​ជា បង្កើតឡើង​កាលពី​ឆ្នាំ​២០០៤ ដើម្បី​ដោះស្រាយ​ការជាប់គាំង​នយោបាយ​។ 
 
​មាត្រា​១​នៃ​ច្បាប់រដ្ឋធម្មនុញ្ញ​បន្លែ​ម បាន​ចែងថា​៖«​ច្បាប់​នេះ មាន​គោលដៅ​ធានា​ក្នុង​គ្រប់​កាលៈទេសៈ​នូវ​ដំណើរការ​ល្អប្រសើរ​នៃ​ស្ថាប័ន​ជាតិ ដោយ​គោរព​ទៅតាម​គោ​ការណ៍​ជា​មូលដ្ឋាន​នៃ​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស សម​ស្របតាម​តម្រូវការ​នៃ​ភាពចាំបាច់​»៕
 
 

Tag:
 រដ្ឋធម្មនុញ្ញ
© រក្សាសិទ្ធិដោយ thmeythmey.com