កីឡាអន្តរជាតិ
អន្តរជាតិ
ព័ត៌មាន​ទាក់ទង​នឹង​គម្រោង​បណ្តេញ​លោក Mourihno ធ្វើ​ឲ្យ Neville ខឹង​យ៉ាងខ្លាំង​
06, Oct 2018 , 11:08 am        
រូបភាព
Gary Neville អតីត​ប្រធាន​ក្រុម Manchester United មានការ​ខឹងសម្បា​រយ៉ា​ង​ខ្លាំង​ទៅលើ​ក្រុមប្រឹក្សាភិបាល​របស់​ក្លិប​នេះ​បន្ទាប់ពី​មានការ​រាយការណ៍​ថា​អ្នកចាត់ការ​ទូទៅ​លោក Jose Mourinho នឹងត្រូវ​បញ្ចប់​ពី​តំណែង​នៅក្រោយ​ចប់​ការប្រកួត​នៅ​យប់​ថ្ងៃទី​៦ ខែតុលា​នេះ​ទល់នឹង​ក្រុម Newcastle United បើ​ទោះ​លទ្ធផល​បែបណាក៏ដោយ​។​


 
​អតីត​ខ្សែការពារ​ជម្រើសជាតិ​អង់គ្លេស​រូបនេះ បាន​ប្រាប់​ទូរទស្សន៍ Sky Sports ថា​លោក​ខឹង​ខ្លាំងណាស់​ចំពោះ​គំនិត​ដែលថា​នឹងមាន​ការបណ្តេញចេញ​គ្រូបង្វឹក​តាមរយៈ​ព័ត៌មាន​បែកធ្លាយ​មុនពេល​ត្រូវ​ប្រកាស​ជា​ផ្លូវការ​នោះ​។​
 
Neville បន្ថែមថា Man Utd មាន​បញ្ហា​ច្រើន និង​ស៊ីជម្រៅ​នៅ​តំបន់​ស្នូល​ជាមួយនឹង​ការសម្រេចចិត្ត​របស់​ក្លិប​នេះ​។ លោក​និយាយ​បែបនេះ​គឺ​ចង់​មានន័យថា​បញ្ហា​មិន​មែនមាន​ត្រឹមតែ Mourinho នោះទេ គឺមាន​ពី​ថ្នាក់ដឹកនាំ បុគ្គលិក និង​រួមទាំង​កីឡាករ​ផងដែរ​។​
 
​ក្លិប​រហស្សនាម​បិសាច​ក្រហម​ធ្លាប់​បណ្តេញ​លោក Louis van Gaal និង David Moyes ដោយមាន​លោក Mourinho ជា​អ្នក​ស្នង​តំណែង​ទាំង​មាន​របាយការណ៍​បែកធ្លាយ​មុនពេល​ការប្រកាស​របស់​ក្លិប​ស្រដៀង​គ្នា​នេះដែរ​។​
 
«​អ្វីៗ​ជា​បញ្ហា​ស្នូល​ដែលជា​ការចង់បាន​ដ៏​ធំ​របស់​ក្លិប​ដែលមាន​រយៈពេល ៤ ឬ ៥ ឆ្នាំ​ចុង​ក្រោយនេះ​»​។ អតីត​អ្នកចាត់ការ​ទូទៅ​ក្រុម Valencia លើកឡើង​បែបនេះ ហើយ​បន្ថែមថា​លោក​មិនដឹងថា​តើ​របាយ​ការ​ណ៏​អំពី Mourinho គឺជា​ការពិត​ឬ​យ៉ាងណា​នោះទេ​។ 
 
«​ប្រសិនបើ​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​ជួល​បុគ្គលិក​ម្នាក់​នៅក្រោម​ខ្ញុំ​ហើយ​គាត់​ធ្វើ​អ្វី​មិនបាន​ជោគជ័យ​នោះ​ខ្ញុំ​គឺជា​អ្នកទទួលខុសត្រូវ​ដោយ​ខ្លួនឯង​។ ហើយ​ចុងក្រោយ ខ្ញុំ​ត្រូវ​ក្រោកឈរ​ហើយ​និយាយថា ខ្ញុំ​មិនល្អ​គ្រប់គ្រាន់​ដើម្បី​ធ្វើ​រឿងនេះ​ទេ​»​។ 
 
​យ៉ាងណាក៏ដោយ ជុំវិញ​ព័រ​ត៌មាន​បែកធ្លាយ​ខាងលើ​ដែលថា Man Utd នឹង​បញ្ចប់​តំណែង​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុ​ហ្គា​ល់​នោះ ក្លិប​នៅ​មិនទាន់មាន​ការឆ្លើយតប​នៅឡើយ​ទេ​។​
 
​សូមបញ្ជាក់​ថា ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​រហស្សនាម Special One សម្រាប់​រដូវ​កាល​ថ្មី​នេះ Man Utd ទទួលលទ្ធផល​មិន​គាប់ប្រសើរ​នោះទេ​ដោយ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១០​ក្នុង​តារាង Premier League ក្រោយ​ប្រកួត​៧​លើក ឈ្នះ​៣ ចាញ់​៣ ស្មើ​១ មាន​១០​ពិន្ទុ តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Manchester City និង Liverpool ៩​ពិន្ទុ​៕
 

Tag:
 បាល់ទាត់​
  Gary Neville
  Manchester United
  Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com