​លោក គង់ គាំ​៖ លោក កឹម សុខា ដឹងចិត្ត សម រង្ស៊ី ថា​ចង់​ធ្វើ​អ្វី​ទៅលើ​គាត់​
ជាតិ
​លោក គង់ គាំ​៖ លោក កឹម សុខា ដឹងចិត្ត សម រង្ស៊ី ថា​ចង់​ធ្វើ​អ្វី​ទៅលើ​គាត់​
12, Nov 2018 , 3:13 pm        
រូបភាព
ឯកឧត្តម សម រង្ស៊ី ឯកឧត្តម កឹម សុខា លោក គង់ គាំ ពេល​ទៅសួរសុខទុក្ខលោក ញ៉យ ចំរើន ដែលរងរបួសកាលពីឆ្នាំ២០១៥
ឯកឧត្តម សម រង្ស៊ី ឯកឧត្តម កឹម សុខា លោក គង់ គាំ ពេល​ទៅសួរសុខទុក្ខលោក ញ៉យ ចំរើន ដែលរងរបួសកាលពីឆ្នាំ២០១៥
​ភ្នំពេញ​៖ «​ដោះលែង ឬ មិន​ដោះលែង​» ! នេះ​គឺជា​ការ​ភ្នាល់​គ្នា​រវាង​លោក សម រង្ស៊ី ជាមួយ​សម្ដេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ជុំវិញ​ការឃុំខ្លួន​របស់លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ ការ​ភ្នាល់​គ្នា​នេះ មិនបាន​ផ្ដល់​ផលចំណេញ​ក្នុង​រឿង​នយោបាយ​ឡើយ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​លោក កឹម សុខា ខកចិត្ត​ទៅវិញ​។ នេះ​ជាការ​យល់ឃើញ​របស់លោក គង់ គាំ អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស សម រង្ស៊ី ដែល​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​។​


 
​ករណី​ឃុំខ្លួន​លោក កឹម សុខា ត្រូវបាន​អតីត​មេដឹកនាំ​គណបក្សប្រឆាំង​លោក សម រង្ស៊ី យកមក​ភ្នាល់​ជាមួយ​សម្ដេច ហ៊ុន សែន ថា បើ​គ្មាន​ការដោះលែង​លោក កឹម សុខា នៅ​ចុងឆ្នាំ​២០១៨ ឬ​យ៉ាងយូរ​ខែមីនា ឆ្នាំ​២០១៩ ទេ នោះ​លោក​នឹង​ចូលខ្លួន​ឲ្យ​អាជ្ញាធរ​ចាប់ខ្លួន​។ ដោយ​ចង់យក​ចាញ់​-​ឈ្នះ​គ្នា​នោះ សម្ដេច ហ៊ុន សែន បាន​តប​វិញ​ថា សម្ដេច សុខចិត្ត​ចុះចេញ​ពី​តំណែង បើ​លោក កឹម សុខា ត្រូវបាន​តុលាការ​ដោះលែង​។​
 
​ប៉ុន្តែ​ការ​ភ្នាល់​គ្នា​នេះ ត្រូវបាន​អតីត​អ្នកនយោបាយ​ជើងចាស់ ហើយក៏​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស សម រង្ស៊ី គឺ​លោក គង់ គាំ វាយតម្លៃថា លោក សម រង្ស៊ី កំពុង​បង្កាត់ភ្លើង​នយោបាយ​បន្ថែម ដោយ​មិនបាន​ផ្ដល់​ផលចំណេញ​ក្នុង​រឿង​នយោបាយ​ឡើយ ។ សម្រាប់​លោក គង់ គាំ លោក សម រង្ស៊ី កំពុង​ធ្វើ​ឲ្យ​លោក កឹម សុខា ខកចិត្ត​ទៅវិញ​ទេ​។ មូលហេតុ​ដែល​លោក គង់ គាំ លើកឡើង​បែបនេះ ដោយសារ​លោក​មើលឃើញថា លោក សម រង្ស៊ី ទំនង​ខ្លាច​លោក កឹម សុខា អាច​ត្រូវបាន​ដោះលែង នៅពេល​ខាងមុខ ហើយ​ខ្លួន​ត្រូវបាន​គេ​ទុកចោល​ក្រៅ​កញ្ចប់​នយោបាយ​នោះ ទើប​លោក សម រង្ស៊ី បង្កើត​រឿងនេះ​ឡើង ដើម្បី​ឲ្យ​បញ្ហានយោបាយ​នៅតែ​បន្ត​កើតមាន​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស សម រង្ស៊ី រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​គាំទ្រ​លោក កឹម សុខា ដែល​គាត់​ធ្លាប់​ស្និទ​ស្នាល​ជាមួយ​លោក សម រង្ស៊ី ដែល​គាត់​ថា លោក សម រង្ស៊ី យក​គាត់​ទៅធ្វើជា​ល្បែងភ្នាល់​នេះ គឺ​គាត់​ដឹងចិត្ត សម រង្ស៊ី ថា​ចង់​ធ្វើ​អ្វី​ទៅលើ​គាត់ និង​ចង់​ធ្វើ​អ្វី​ទៅលើ​ជាតិ​ហើយ​»​។​
 
​នៅពេល​សួរថា បើ​គ្មាន​ការដោះលែង​លោក កឹម សុខា ទេ តើ​លោក សម រង្ស៊ី នឹង​ឲ្យ​គេ​ចាប់ខ្លួន ដូច​ការ​ភ្នាល់​ដែរ​ទេ​? អតីតមន្ត្រី​ជាន់ខ្ពស់​ប​ក្ស​ប្រឆាំង ដែល​ស្និទ​ជាមួយ​លោក សម រង្ស៊ី រូបនេះ បាន​និយាយថា លោក សម រង្ស៊ី ក៏​គ្មាន​ឆន្ទៈ ក្លាហាន​ឲ្យ​គេ​ចាប់ខ្លួន ដូច​ពាក្យ​ភ្នាល់​គ្នា​នោះទេ​។ «​ខ្ញុំ​គ្មាន​ជំនឿ​ទេ អ្នក​(​លោក សម រង្ស៊ី​)​ដែលថា នឹង​ចូលខ្លួន​ឲ្យ​សមត្ថកិច្ច​ចាប់​អនុវត្ត​ទោស​ហ្នឹង ដោយសារតែ​ខ្លួន​នៅក្រៅ​ប្រទេស​…​។ បើសិនជា​គាត់​(​សម រង្ស៊ី​) ចាញ់ គាត់​មក​ធ្វើ​អ្វី​គាត់ គាត់​គ្មានទេ ឆ​ន្ទះ​ក្លាហាន​អ្វី​មក​ទទួល​(​ទោស​)​នោះទេ​»​។​
 
អត្ថបទទាក់ទង
 
 
​កាលពីពេល​ថ្មីៗ​នេះ ក្រុម​មេធាវី ការពារ​ក្តី​លោក កឹម សុខា បាន​ចេញមក​និយាយថា ការដោះលែង ឬ ការលើកលែង​បទចោទប្រកាន់​ចំពោះ​លោក កឹម សុខា គឺជា​សមត្ថកិច្ច​របស់​តុលាការ មិនមែន​ស្ថិតក្រោម​ការ​ភ្នាល់​របស់​សម្តេច ហ៊ុន សែន និង លោក សម រង្ស៊ី នោះទេ​។ មេធាវី​ទាំងនោះ អំពាវនាវ​ឲ្យ​អ្នកនយោបាយ ប្រកាន់ខ្ជាប់​នូវ​គុណធម៌​និង​សីលធម៌ សម្រាប់​អ្នកជំនាន់ក្រោយ ហើយ​គប្បី​ដង្ហែ​តាម​ព្រះ​បរម​រតន​កោដ្ឋ និង​ព្រះមហាក្សត្រ​បច្ចុប្បន្ន ដែលមាន​ព្រះរាជឱង្ការ​ឲ្យ​ខ្មែរ​គ្រប់រូប រួបរួមគ្នា ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែមួយ​៕

Tag:
 គង់ គាំ​
  ហ៊ុន សែន​
  សម រង្ស៊ី​
  កឹម សុខា​
© រក្សាសិទ្ធិដោយ thmeythmey.com