ក្រុមហ៊ុន​អឺរ៉ុប រំពឹងថា EU នឹងមិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា ក្រោយ​ឃើញ​សញ្ញា​វិជ្ជមាន​នយោបាយ​
ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​អឺរ៉ុប រំពឹងថា EU នឹងមិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា ក្រោយ​ឃើញ​សញ្ញា​វិជ្ជមាន​នយោបាយ​
07, Dec 2018 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ ក្រុមហ៊ុន​អឺរ៉ុប រំពឹងថា សហភាព​អឺរ៉ុប នឹងមិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​ឡើយ ។ ក្តី​រំពឹង​នេះ កើតឡើង​ស្របពេល​រដ្ឋសភា កំពុង​ពិនិត្យមើល​ផ្លូវច្បាប់ ក្នុង​ការដក​បម្រាម​ពី​អ្នកនយោបាយ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ ១១៨​នាក់ ឲ្យ​មានលទ្ធភាព​ធ្វើ​នយោបាយ​ឡើងវិញ​។​


 
​ដំណើរ​ការដក ឬ​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា នៅតែ​ជា​ក្តីកង្វល់​របស់​អ្នកវិនិយោគ​អឺរ៉ុប​នៅ​កម្ពុជា​។ នោះ​ក៏​ព្រោះតែ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ បានផ្តល់​ផលប្រយោជន៍​ដល់​ពួកគេ​ជាច្រើន ដូច្នេះ​បើ​សហភាព​ដក​ប្រព័ន្ធ​នេះ​ចេញពី​កម្ពុជា នោះ​វា​នឹង​ប៉ះពាល់​ដល់​ផ្នែក​ណាមួយ​នៃ​ប្រយោជន៍​របស់​ពួកគេ​។​
 
​លោក Pierre Andre Romano អគ្គនាយក​ក្រុមហ៊ុន Artisans Angkor ដែល​បាន​បើក​អាជីវកម្ម​លើ​វិស័យ​សិប្បកម្ម​កែច្នៃ​នៅ​ខេត្តសៀមរាប​ជាង​២០​ឆ្នាំ​មកហើយ បាន​និយាយថា ក្រុមហ៊ុន​របស់​បាន​ចូលរួមចំណែក​យ៉ាងខ្លាំង ក្នុងការ​លើកកម្ពស់​សិ​ប្ប​កម្ម​ខ្មែរ​ឲ្យ​រស់​ឡើងវិញ​នៃ​សិល្បៈ​ចម្លាក់​មួយ​នេះ តាមរយៈ​ការផ្ដល់​ការបណ្ដុះបណ្ដាល​ជំនាញ​ដល់​ប្រជាជន​ក្នុងស្រុក​។ ហើយ​ផលិតផល​របស់​ក្រុមហ៊ុន​លោក ក៏​កំពុង​ប្រកួតប្រជែង​ខ្លាំង​ជាមួយ​ប្រទេសជិតខាង​កម្ពុជា ដូច្នេះ​លោក Pierre Andre ក៏មាន​ក្តី​ព្រួយបារម្ភ​ដែរ បើសិនជា​សហភាព​អឺរ៉ុប ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​។​


 លោក Pierre Andre Romano អគ្គនាយកក្រុមហ៊ុន Artisans Angkorឈរជជែកគ្នាជាមួយ ឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំកម្ពុជា លោក George Edgar
 
​ថ្លែង​ចំពោះមុខ​អ្នកកាសែត ដែល​អមដំណើរ​ទស្សន​កិច្ច​ជាមួយ​ឯកអគ្គរដ្ឋទូត​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក​អគ្គនាយក​ក្រុមហ៊ុន Artisans Angkor​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ផលិតផល​របស់​យើង​ត្រូវបាន​ផលិត​ដោយ​ដៃ ដែលមាន​តម្លៃ​ខ្ពស់​បន្តិច ដើម្បី​ប្រកួតប្រជែង​ជាមួយ​ទីផ្សារ​ជិតខាង យើង​កំពុងមាន​ការបារម្ភ​ថា ប្រសិនបើ EBA ត្រូវបាន​ដកចេញ វា​នឹង​ប៉ះពាល់​ដល់​អាជីវកម្ម​របស់​យើង វា​នឹង​បង្កើន​ការចំណាយ​បន្ថែមទៀត ហើយនឹង​មានការ​ពិបាក​ក្នុងការ​ប្រកួតប្រជែង​នៅលើ​ទីផ្សារ​នេះ​ផងដែរ​»​។​
 
​បើតាម​លោក Pierre Andre ក្រុមហ៊ុន​លោក បាន​ផលិត​រូបចម្លាក់​ធ្វើ​ពី​ថ្ម និង​ឈើ រួមទាំង​វត្ថុ​ផ្សេងៗ​ទៀត ប្រមាណ​៣០០,០០០ ក្នុង​មួយឆ្នាំ និង​ផ្តល់​ការងារ​ឲ្យ​ប្រជាជន​កម្ពុជា ជាង​១០០០​នាក់​ផងដែរ​។​
 
​មិន​ខុសពី​លោក Pierre Andre ឡើយ លោក Arjen LAAN នាយក​ប្រតិបត្តិ​ក្រុមហ៊ុន PACTICS ដែល​ផ្ដោតទៅលើ​ការផលិត​ក្រណាត់​ជូត​វ៉ែនតា និង​ផលិតផល​ធ្វើដំណើរ និង​វ៉ា​លី​ជាដើម​នោះ ក៏​ធ្លាប់បាន​នាំ​ក្តីកង្វល់​ខ្លួន​ប្រាប់​ទៅ​លោក George Edgar ឯកអគ្គរដ្ឋទូត​អឺរ៉ុប​ប្រចាំ​កម្ពុជា អំពី​បញ្ហា​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផងដែរ​។ ប៉ុន្តែ​បញ្ហា​នេះ​លោក Arjen ជឿជាក់ថា សហភាព​អឺរ៉ុប នឹង​ពិចារណា​លើ​បញ្ហា​នេះ ដោយ​នឹង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​ឡើយ​។​


 លោក Arjen LAAN នាយកប្រតិបត្តិក្រុមហ៊ុន PACTICS
 
«​កាលពី​ខែ​មុននេះ ខ្ញុំ​បាន​ជួប​ជាមួយ​ឯកឧត្តម​អគ្គរដ្ឋទូត ហើយ​បាន​ជជែក​គ្នា​ពី​រឿង​នេះដែរ ជាទូទៅ​មានការ​ទំនាក់ទំនង​គ្នា​ជា​ទៀងទាត់​។ ហើយ​ខ្ញុំ​បាន​ជម្រាប​ក្តី​ព្រួយបារម្ភ​ខ្ញុំ​ទៅ​គាត់ ដូច្នេះ​ខ្ញុំ​សង្ឃឹមថា ឯកអគ្គរដ្ឋទូត នឹង​ជ្រាប​ដឹង​ពី​រឿងនេះ​។ ហើយ​ខ្ញុំ​មាន​ទំនុកចិត្ត​ថា EBA មិនត្រូវ​បាន​ដក​ទេ ខ្ញុំ​មាន​ទំនុកចិត្ត​បែបនេះ​»​។ នេះ​ជាការ​លើកឡើង​របស់​នា​យក​ប្រតិបត្តិ​ក្រុមហ៊ុន PACTICS​។​
 
​បច្ចុប្បន្ន​សហភាព​អឺរ៉ុប កំពុង​អនុវត្ត​នីតិវិធី​នៃ​ការសម្រេច​ដក​ឬ​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ត្រូវ​ប្រើ​រយៈពេល​១​ឆ្នាំ ដើម្បី​ប្រមូល​ព័ត៌មាន និង​ពិនិត្យ​វាយតម្លៃ មុននឹង​សម្រេច​ចុងក្រោយ​។ នីតិវិធី​នៃ​ការសម្រេច​ដក​ឬ​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ត្រូវបាន​គេ​មើលឃើញថា វា​កើតឡើង​ស្រប​ពេលដែល​កម្ពុជា កំពុងមាន​បញ្ហានយោបាយ​។​
 
​ប៉ុន្តែ​ស្ថានការណ៍​នយោបាយ​នេះ មាន​ភាព​វិជ្ជមាន​ច្រើន នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ បន្ទាប់ពី​រដ្ឋសភា ប្រកាស​ពី​ជំហរ​ពិនិត្យមើល​ផ្លូវច្បាប់ ក្នុង​ការដក​បម្រាម​ពី​អ្នកនយោបាយ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ ១១៨​នាក់ ឲ្យ​មានលទ្ធភាព​ធ្វើ​នយោបាយ​ឡើងវិញ​។​
 
​នៅពេល​អ្នកកាសែត​សួរថា តើ​បញ្ហា​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​អាច​នឹង​កើតឡើង​ទេ ខណៈដែល​កម្ពុជា កំពុង​រក​ដំណោះស្រាយ​នយោបាយ​បែបនេះ​? ស្ថិតនៅក្នុង​កាលៈទេសៈ​នេះ លោក George Edgar មិនទាន់​ហ៊ាន​បកស្រាយ និង​សន្និដ្ឋាន​ច្បាស់​ការណ៍ ដោយ​ត្រឹមតែ​ឃើញ​ពី​ស្ថានភាព​នយោបាយ​ប្រែប្រួល​នេះឡើយ ។ ប៉ុន្តែ​អ្វីដែល​លោក Edgar អាច​បង្ហើប​បាន​នោះ​គឺថា ចំណុច​សំខាន់​នៃ​នីតិ​វិធីដក​ឬ មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា គឺ​អាស្រ័យ​លើ​ស្ថានការណ៍​នយោបាយ​កម្ពុជា​។​
 
​តាមរយៈ​អ្នកបកប្រែ លោក George Edgar បាន​និយាយ​ចំពោះមុខ​អ្នកកាសែត​នៅ​សៀមរាប ដូច្នេះ​ថា​៖«​បច្ចុប្បន្ន​គឺ​នៅមាន​ការ បន្ត​ទំនាក់ទំនង​គ្នា រវាង​មន្ត្រីជាន់ខ្ពស់​របស់​សហ​ភាព​អឺរ៉ុប​និង​មន្ត្រីជាន់ខ្ពស់ ពី​ខាង​រាជរដ្ឋាភិបាល​កម្ពុជា​។ បច្ចុប្បន្ននេះ​កំពុងមាន​ការពិភាក្សា​ពី​បញ្ហា​ដែល​ត្រូវ បានលើកឡើង​ដោយ​សហភាព​អឺរ៉ុប ហើយ​បញ្ហា​ទាំងអស់នេះ​គឺពាក់ព័ន្ធ​កិច្ចព្រមព្រៀង មួយ​ដែល​ដាក់ចេញ នូវ​លក្ខខណ្ឌ​ដល់​ប្រទេស ដែល​ចង់បាន​EBA​ត្រូវបំពេញ​ទៅតាម​។ ខ្ញុំ​មិន​ចង់​និយាយ​អ្វី​វែងឆ្ងាយ​ពី​បរិបទ​នេះ​ទេ​។ ប៉ុន្តែ​ខ្ញុំ​គិតថា បរិបទ​នេះ ការប្រកាស​របស់​រដ្ឋា​ភិ​បាល កាលពី​ម្សិលមិញ ការប្រកាស​របស់​រដ្ឋ​សភា​កាលពី​ម្សិលមិញ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​»​។​
 
អត្ថបទទាក់ទង
 
 
EBA (Everything But Arms) គឺ​សំដៅលើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ លើ​ទំនិញ​និង​ផលិតផល​សព្វបែបយ៉ាង ដូចជា សម្លៀកបំពាក់ និង អង្ករ ជាដើម ដែល​កម្ពុជា នាំចូល​ទៅកាន់​ទីផ្សារ​អឺរ៉ុប ដោយ​លើកលែងតែ​អាវុធ​ប៉ុណ្ណោះ ដែល​មិន​រាប់បញ្ចូល​។ កម្ពុជា ជា​ប្រទេសមួយ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​សហភាព​អឺរ៉ុប​ស្តីពី EBA នេះ ហើយ​តែងតែ​ទទួលបាន​ការអនុគ្រោះ​ពន្ធ​។​
 
​មូល​ហេតុដែល​កម្ពុជា​អាច​ទទួលបាន​ការអនុគ្រោះ​ពន្ធ នាំចូល​ទំនិញ​ទៅ​ទីផ្សារ​អឺរ៉ុប ដោយសារតែ​កម្ពុជា​ស្ថិតនៅក្នុង​ប្រទេស​អភិវឌ្ឍ​តិចតួច​។ ហើយ​ការទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​នេះ លុះត្រាតែ​កម្ពុជា អនុវត្តតាម​អនុសញ្ញា​ចំនួន​១៥ ដែល​សហភាព​អឺរ៉ុប បានកំណត់ ក្នុងនោះ​រួមមាន​ការគោរព​លើ​សិទ្ធិ​ការងារ​កម្មករ និយោជិត និង​សិទ្ធិមនុស្ស​ជាដើម​។ នេះ​ជាការ​បញ្ជាក់​របស់លោក George Edgar ដែល​បាន​បន្ថែមថា បញ្ហា​សិទ្ធិមនុស្ស និង​បញ្ហា​សិទ្ធិ​ការងារ គឺជា​ចំណុច​ស្នូល​នៃ​ពាណិជ្ជកម្ម ដែល​ត្រូវបាន​សហភាព​អឺរ៉ុប ផ្ដោត​ការយកចិត្តទុកដាក់​ខ្លាំង​លើ​បញ្ហា​នេះ​។​
 
​ប្រសិនជា​ការត្រួតពិនិត្យ និង​វាយតម្លៃ​លើ​កម្ពុជា​ថា មិនមាន​បញ្ហា​អ្វី​នោះទេ កម្ពុជា​នឹង​អាច​ទទួលបាន​ការអនុគ្រោះ​ពន្ធ​ដល់​ឆ្នាំ​២០២៧ តាមរយៈ​គោលការណ៍​របស់​សហភាព​អឹ​រ៉ុ​ប​។ នេះ​បើតាម​ឯកអគ្គរដ្ឋទូត​អឺរ៉ុប​ប្រចាំ​កម្ពុជា ដែល​ធ្លាប់​បញ្ជាក់​កន្លងមក​៕

Tag:
 EU
  EBA
  អនុគ្រោះ​ពន្ធ​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com