កីឡាអន្តរជាតិ
អន្តរជាតិ
យន្តហោះដែល Sala ជិះ ផលិតឆ្នាំ១៩៨៤ និងមិនមានអាជ្ញាប័ណ្ណពាណិជ្ជកម្មត្រឹមត្រូវឡើយ
× ក្រុមអ្នកស៊ើបអង្កេតអង់គ្លេសនៅថ្ងៃទី២៥ ខែកុម្ភៈ និយាយថាយន្ដហោះដែលដឹកកីឡាករបាល់ទាត់ Emiliano Sala ហើយបានធ្លាក់ចូលសមុទ្រកាលពីខែមុនមិនមានអាជ្ញាប័ណ្ណពាណិជ្ជកម្មត្រឹមត្រូវឡើយ។
ភ្នាក់ងារស៊ើបអង្កេតគ្រោះថ្នាក់ផ្លូវអាកាស (AAIB) របស់អង់គ្លេសអះអាងថាការធ្វើដំណើររបស់ Sala គឺត្រូវបានអនុញ្ញាតជាលក្ខណៈជើងហោះហើរ«ឯកជន»ប៉ុណ្ណោះ ដែលក្នុងនោះមានការចំណាយរវាងអ្នកបើកបរ និងអ្នកដំណើរផ្ទាល់។
AAIB បានរកឃើញថាយន្តហោះដែលមានលេខកូដ N264DB នេះ មិនទាន់បានចុះក្នុងបញ្ជីអាជ្ញាប័ណ្ណពាណិជ្ជកម្មត្រឹមត្រូវនៅឡើយទេ ដោយពួកគេដឹកអ្នកដំណើរក្នុងមូលដ្ឋានតាមរយៈថ្លៃឈ្នួលចរចាគ្នារវាងអ្នកជិះនិងពីឡុតប៉ុណ្ណោះ។
ពីឡុតលោក David Ibbotson អាយុ ៥៩ឆ្នាំ បានដឹកខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន វ័យ២៨ ឆ្នាំពី Nantes ប្រទេសបារាំងទៅកាន់ Cardiff City នៅថ្ងៃទី២១ ខែមករា ហើយបានជួបគ្រោះថ្នាក់ធ្លាក់យន្តហោះតែម្តង។ Sala បានបញ្ចប់ការផ្ទេរពី Nantes នៃក្របខណ្ឌ Ligue 1 ដោយក្លាយជាកីឡាករតម្លៃខ្លួនខ្ពស់ជាងគេនៅ Cardiff នៅក្របខណ្ឌ Premier League ក្នុងតម្លៃប្រមាណ១៩លានដុល្លារអាមេរិក។
ភ្នាក់ងាររបស់ Sala លោក Mark McKay និយាយថា បន្ទាប់ពីចុះហត្ថលេខាលើកិច្ចសន្យាសម្រាប់ Cardiff រួចរាល់ Sala ក៏ឡើងយន្តហោះនោះភ្លាមៗតែម្តង នៅវេលាម៉ោងប្រមាណជា ៧:១៥នាទីយប់។
លោក Willie McKay ឪពុករបស់ Mark McKay បានប្រាប់កាសែត The Times ថាកូនប្រុសខ្លួនជាអ្នករៀបចំការហោះហើយរបស់ Sala តាំងពីមុនមួយសប្តាហ៍នៃកិច្ចព្រមព្រៀងរវាងក្លិបទាំងពីរមកម្លេះ។
យន្តហោះដែលដឹក Sala ម៉ាក Piper PA-46 Malibu គឺផលិតឡើងតាំងពីឆ្នាំ១៩៨៤ ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក៕
Tag:
បាល់ទាត់
Emiliano Sala
© រក្សាសិទ្ធិដោយ thmeythmey.com