ជាតិ
សង្គមជាតិ
ករណី​គ្រឿងញៀន​នៅ​Rock៖ មនុស្ស​១៧​នាក់​បញ្ជូនទៅ​តុលាការ ខណៈ​ជនជាតិ​ចិន​១៣​នាក់ ស្ថិតនៅក្នុង​នីតិវិធី​ច្បាប់​
02, Mar 2019 , 12:09 pm        
រូបភាព
​ភ្នំពេញ​៖ ក្នុងចំណោម​មនុស្ស​ជាង​៣០០​នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន ក្នុងករណី​គ្រឿងញៀន នៅ​មជ្ឈមណ្ឌល​កម្សាន្ត​Rock កាលពីពេល​ថ្មីៗ​នេះ ត្រូវបាន​អនុញ្ញាត​ឲ្យ​ទៅផ្ទះ​វិញ ខណៈ​មនុស្ស​៣០​នាក់​ទៀត ប្រឈមមុខ​ច្បាប់​។ នេះ​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

 
​អគ្គ​ស្នងការរង​នគរបាលជាតិ រួមទាំង​លោក លី សុ​ផា​ណា ព្រះរាជអាជ្ញារ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានអនុញ្ញាត​ឲ្យ​មនុស្ស​ចំនួន ២៨១ នាក់ ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ ដោយមាន​អាណាព្យាបាល​មក​ធានា​យកទៅ​អប់រំ​បន្ត ក្រោយពី​ពួកគេ​បានធ្វើ​កិច្ចសន្យា​ជាមួយ​សមត្ថកិច្ច​។ ចំណែក​ជនសង្ស័យ​ចំនួន ១៧ នាក់ និង​វត្ថុតាង​នៃ​គ្រឿងញៀន​ផ្សេងទៀត ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។ ជនសង្ស័យ​ទាំង​១៧​រូបនេះ ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ និង​រកឃើញថា ពាក់ព័ន្ធ​បទល្មើស​ប្រើប្រាស់ សម្រួល និង ចាត់ចែង​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។​
 
​ក្នុងចំណោម​ជនសង្ស័យ​ទាំងនោះ ក៏មាន​ជនជាតិ​ចិន​ចំនួន ១៣ នាក់​ទៀត ដែល​សមត្ថកិច្ច​បា​នប​ញ្ជូ​ន​ទៅ ការិយាល័យ​ស៊ើបអង្កេត អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​ន​គេ​បាល​រាជធានី​ភ្នំពេញ ចាត់​ការបន្ត​តាមច្បាប់ នៅ​ព្រឹក​ថ្ងៃទី​២ ខែមីនា​នេះ​។ នេះ​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​
 
​ក្នុង​របាយការណ៍​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បញ្ជាក់ថា វត្ថុតាង​សារធាតុ​ញៀន​ដែល​សមត្ថកិច្ច​ចាប់យក​សរុប​រួមមាន​៖ ថ្នាំ​គ្រាប់ អិ​ច​ស្តា​ស៊ី គ្រវី ១២​គីឡូក្រាម ២១៩.២៦​ក្រាម​, កេ​តា​មីន​(Ketamine) ៨​គីឡូក្រាម ៩៣៥.០៦​ក្រាម , ថ្នាំបន្សាប (Nimetazepam) ៣០៥.១០​ក្រាម , មេ​តំ​ហ្វេ​តា​មីន​(ICE) ១.៦​ក្រាម , ហេ​រ៉ូ​អ៊ី​ន (Heroine) ០.៦១​ក្រាម​។​សរុប​សារធាតុ​ញៀន ទម្ងន់ ២១ គីឡូក្រាម ៤៦១,៦៣ ក្រាម ។​
 
​ជាមួយគ្នានេះ ក៏មាន​កញ្ឆា​ក្រៀម​ទម្ងន់ ៦៦,៤៣ ក្រាម , -​ធ្វើ​តេ​ស្តិ៍​បឋម​មិន​ច្បាស់លាស់ ទម្ងន់ ១៥,១៤ គីឡូក្រាម (​សង្ស័យ​ធាតុគីមី​) , សំបក​វេច​ខ្ចប់​(​សំបក​កែវ ចំនួន ២៤៧ ,​សំបក​កេះ និង​ថង់​ផ្លា​ស្ទីក​មួយចំនួន​) , ទម្ងន់​ប្រហែល ១២ គីឡូក្រាម ។ ​សរុប​រួម​ទម្ងន់ ៖ ៤៩,៤៤ គីឡូក្រាម ។​
 
 
​កម្លាំង​ប្រតិបត្តិការ​ចម្រុះ​បាន​ត្រួតពិនិត្យ​ទីតាំង​ខាងលើ ចំនួន ១៥ បន្ទប់ ដោយ​ឃាត់ខ្លួន​មនុស្ស​ចំនួន ៣១១ នាក់ ( ប្រុស ២៥៦ នាក់ នាក់ ស្រី ៥៥ នាក់​) និង​ចាប់​យកបាន​វត្ថុតាង​ពាក់​ព​ន្ធ័​បទល្មើស​មួយចំនួន បញ្ជូនមក​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ កាលពី​យប់​ឈានចូល​ថ្ងៃទី​២៣ កុម្ភៈ​។ ក្រោយ​ការបង្ក្រាប​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បានប្រកាស​បិទ​មជ្ឈមណ្ឌល​កម្សាន្ត​Rock​តែម្ដង​៕
 
 

Tag:
 Rock
  គ្រឿងញៀន​
© រក្សាសិទ្ធិដោយ thmeythmey.com