ជាតិ
២៥ខេត្ត/រាជធានី
សមាគមស្ករត្នោត បារម្ភពីការបាត់បង់ «ដើមពពេល» ដែលជាវត្ថុធាតុដើមសំខាន់នៃការផលិតស្ករត្នោត
× ភ្នំពេញ៖ សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ កំពុងព្រួយបារម្ភពីការបាត់បង់ដើមពពេល ដែលជារុក្ខាជាតិសំខាន់ម្យ៉ាងក្នុងការជួយលើកកម្ពស់ស្ករត្នោត។ ព្រោះ«ដើមពពេល» មានរសជាតិចត់ ដែលគេដាក់ក្នុងទឹកត្នោតមិនឲ្យជូរ ខូចគុណភាពស្ករត្នោត។ លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោត បញ្ជាក់ថា៖ «ពពេល ជាវត្ថុធាតុដើមសំខាន់លេខ១ បើអត់ពពេល គឺធ្វើស្ករត្នោតមិនបាន»។
«ពពេល» ជាឈ្មោះឈើមួយប្រភេទ មានស្លឹកស្រដៀងនឹងផ្ចឹក ហើយសំបកក្រាស់មានរសជាតិចត់ គេប្រើដាក់ក្នុងទឹកត្នោតមិនឲ្យជូរ។ «ពពេល» ត្រូវបានគេដាក់ក្នុងបំពង់ទឹកត្នោត នៅពេលដែលអ្នកឡើងត្នោត ឡើងទៅប្រមូលទឹកត្នោត។ បើតាមលោក សារឿន សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ មានគម្រោងដាំដើមពពេល ៤០០ដើម ដើម្បីទ្រទ្រង់ និងលើកកម្ពស់ស្ករត្នោតខ្មែរ ដែលទើបចុះបញ្ជីទទួលស្គាល់ទីតាំងភូមសាស្ត្រពីហភាពអឺរ៉ុប កាលពីពេលថ្មីៗនេះ។
សូមអញ្ជើញទស្សនាបទសម្ភាសខ្លីរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយលោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺដូចតទៅ៖
សូមបញ្ជាក់ថា កាលពីថ្ងៃទី ៣ ខែមេសា ឆ្នាំ២០១៩នេះ ស្ករត្នោតកំពង់ស្ពឺ ទទួលជោគជ័យក្នុងការចុះបញ្ជីជាផលិតផលសម្គាល់ទីតាំងភូមិសាស្ត្រ (GI) ដែលទទួលបានការការពារពីសហភាពអឺរ៉ុប។ ការចុះបញ្ជីសម្គាល់ទីតាំងភូមិសាស្ត្រនេះ សំដៅលើស្ករត្នោតដែលមានសញ្ញាសម្គាល់ពីសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺប៉ុណ្ណោះ ដែលអាចដាក់លក់ដោយប្រើឈ្មោះបែបនេះនៅទីផ្សារអឺរ៉ុប។ បច្ចុប្បន្នសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺមានអ្នកឡើងត្នោតចំនួន ១៦៨ នាក់ ហើយមានក្រុមហ៊ុនចំនួន ១០ក្រុមហ៊ុន ដែលបានចុះកិច្ចព្រមព្រៀងជាមួយសហគមក្នុងការទិញស្ករត្នោត៕
Tag:
ដើមពពេល
ស្ករត្នោត
© រក្សាសិទ្ធិដោយ thmeythmey.com