រដ្ឋមន្ត្រី​សេដ្ឋកិច្ច​៖ សង្គ្រាម​ពាណិជ្ជកម្មរវាងចិន-អាមេរិក ​ពុំ​ជះឥទ្ធិពល​ដល់​កម្ពុជា​ទេ​
ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រី​សេដ្ឋកិច្ច​៖ សង្គ្រាម​ពាណិជ្ជកម្មរវាងចិន-អាមេរិក ​ពុំ​ជះឥទ្ធិពល​ដល់​កម្ពុជា​ទេ​
01, Jun 2019 , 2:15 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
រូបពីហ្វេសប៊ុកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អះអាងថា សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង អាមេរិក មិន​ជះឥទ្ធិពល​ដល់​កម្ពុជា​នោះទេ ។ នោះ​ក៏​ព្រោះតែ​កម្ពុជា ជា​ប្រទេស​មាន​សេដ្ឋកិច្ច​បើកចំហ និង​ទីផ្សារ​នាំចេញ​ផលិតផល​មាន​លក្ខណៈ​ចម្រុះ​។

 
​មិន​ត្រឹមតែ​មិន​ប៉ះពាល់​ដល់​សេដ្ឋកិច្ចកម្ពុជា​ហើយ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​នេះ វា​អាច​ផ្ដល់​ផ្លែផ្កា​វិជ្ជា​មាន​ដល់​កម្ពុជា​ទៀតផង​។ ក្នុងន័យនេះ លោក អូន ព័ន្ធមុនីរ័ត្ន បាន​សង្កត់ធ្ងន់ថា សង្គ្រាម​ពាណិជ្ជ​កម្មនេះ ជា​ឱកាស​សម្រាប់​កម្ពុជា ក្នុងការ​ពង្រីក​ទីផ្សារ​នាំចេញ និង​ដើម្បី​ត្រៀមខ្លួន​ទាក់ទាញ​អ្នកវិនិយោគ​បន្ថែម​ទៀតផង​។ បើតាម​លោក អូន ព័ន្ធមុនីរ័ត្ន រាជរដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀមខ្លួន​ក្នុងការ​ចាប់យក​ឱកាស​នេះ​រួចជាស្រេច​ហើយ តាមរយៈ​ការដាក់ចេញ​នូវ​វិធានការ​កែទម្រង់​ដ៏​មុត​ស្រួច​លើ​គ្រប់​វិស័យ​។ 
 
​ថ្លែង​ក្នុង​កិច្ចប្រជុំ​ជាមួយ​លោក Arnaud Darc ប្រធានសភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃ​៣០ ខែឧសភា រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​សម្តេចនាយក​រដ្ឋមន្ត្រី បានដាក់​ចេញ​នូវ​វិធានការ​មុត​ស្រួច​ជា​កញ្ចប់​មួយចំនួន​ក្នុង​គោលដៅ​បង្កើន​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ក៏ដូចជា​ដើម្បី​ទាក់ទាញ​ការវិនិយោគ​ពី​បរទេស​បន្ថែមទៀត ដែល​រួមមាន​ការលើកកម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​, ការកាត់បន្ថយ​ថ្លៃ​អគ្គិសនី​,​ការបន្ត​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​, និង​ការបន្ត​កំណែទម្រង់​ស្ថាប័ន​ជាដើម​»​។ 
 
​ទន្ទឹមនឹង​ការទទួលបាន​ផលប្រយោជន៍​នោះ កម្ពុជា​ក៏​អាច​ជួប​ផល​អវិជ្ជមាន​ផងដែរ​។ ត្រង់ចំណុច​នេះ​លោក អូន ព័ន្ធមុនីរ័ត្ន បាន​បញ្ជាក់ថា ក្នុងករណី​សង្គ្រាម​ពាណិជ្ជកម្ម​នៅតែ​បន្ត​អូសបន្លាយ​រយៈពេល​វែង​នោះ កម្ពុជា​អាច​នឹង​ជួប​បញ្ហា​ប្រឈម និង​ផលប៉ះពាល់​អវិជ្ជមាន​មួយចំនួន​ផងដែរ ដូចជា ការថយចុះ​នៃ​លំហូរ​ភ្ញៀវទេសចរ​អន្តរជាតិ និង​លំហូរ​ទុនវិនិយោគ​បរទេស ដែល​បណ្ដាលមកពី​កំណើន​យឺត​នៃ​សេដ្ឋកិច្ច​សក​លោក​។ 
 
​ទាក់ទង​នឹង​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម ដែល​កំពុង​ឡើងក​ម្ដៅ​នេះ បានកើត​ឡើង​ក្រោយពី​សហរដ្ឋអាមេរិក​ប្រកាស​ដំឡើងថ្លៃ​ពន្ធ​លើ​ថ្លៃទំនិញ​របស់​ចិន​ជា​បន្តបន្ទាប់​។ មូលហេតុ​ដែល​នាំ​ឲ្យ​អាមេរិក​ចេញ​វិធានការ​ដំឡើងថ្លៃ​ពន្ធ​ទំនិញ​ចិន​នេះ ក្រោម​ហេតុថា ចិន​រកស៊ី​មិន​ស្មើភាព​គ្នា ពោលគឺ​ចិន​ដើរ​ខ្សែលើ​អាមេរិក​។ ត្រង់ចំណុច​ប្រ​ធានា​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​ចោទ​ចិន​ថា រកស៊ី​ទុច្ចរិត ដោយ​ចិន​បាន​បង្ខំ​ឲ្យ​ក្រុមហ៊ុន​អាមេរិក​ផ្ទេរ​បច្ចេកវិទ្យា​របស់ខ្លួន ជា​ថ្នូរ​នឹង​ការរកស៊ី​នៅលើ​ទឹកដី​ចិន ដែល​វា​អាច​ផ្ដល់ឱកាស​ឲ្យ​ចិន​ប្រើ​បច្ចេកវិទ្យា​របស់​អាមេរិក​ក្នុងការ​អភិវឌ្ឍ​ផលិតផល​របស់ខ្លួន​ជាដើម​។​
 
​តែ​ចិន​ក៏​មិន​ណ​យ​ដែរ​។ ចិន​ក៏បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ទំនិញ​អាមេរិក​មួយចំនួន​វិញ ដើម្បី​សងសឹក​នឹង​ទង្វើ​របស់​អាមេរិក​។​
 
​ត្រង់​បញ្ហា​នេះ​សម្តេច ហ៊ុន សែន ថ្លែង​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​២៥ ស្តីពី «​អនាគត​របស់​អាស៊ី​» នៅ​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ ២០១៩ ថា បណ្តា​រដ្ឋ​នៅ​អាស៊ី និង​លើ​ពិភពលោក គប្បី​ការពារ​ខ្លួន​កុំ​ឲ្យ​ក្លាយខ្លួនជា​ស្រមោច សង្អារ​ឲ្យ​ប្រទេស​មហាអំណាច​ជាន់​ស្លាប់​នោះទេ​៕
 
 
 
 
 

Tag:
 សេដ្ឋកិច្ច
  អាមេរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម