ជាតិ
សម្ដេច ស ខេង ៖ បើហូបនំបញ្ចុកនិយាយពីរឿងបោះឆ្នោត គឺ«ត្រឹមត្រូវ» ប៉ុន្តែបើប្រជុំគ្នាធ្វើបដិវត្តពណ៌ គឺ«ខុស»
× ភ្នំពេញ៖ ការរៀបចំកម្មវិធីបរិភោគនំបញ្ចុក ដើម្បីសាមគ្គី និងឯកភាពជាតិ គឺជារឿងត្រឹមត្រូវ។ ប៉ុន្តែការបរិភោគនំបញ្ចុក ដើម្បីប្រជុំប្រមូលកម្លាំងធ្វើបដិវត្ត ផ្ដួលរំលំរដ្ឋាភិបាលនោះ វាជារឿងខុសច្បាប់។ នេះជាការបញ្ជាក់របស់សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សម្ដេច ស ខេង បានបញ្ជាក់ថា ការជួបជុំបរិភោគនំបញ្ចុក ហើយនិយាយពីរឿងនយោបាយនោះ គឺវាមិនខុសច្បាប់ទេ ប្រសិនជារឿងនយោបាយនោះ ពាក់ព័ន្ធទៅនឹងការត្រៀមខ្លួនទៅបោះឆ្នោត។ ប៉ុន្តែបើសិនពលរដ្ឋយកទីតាំងហូបនំបញ្ចុកធ្វើជាកន្លែងប្រជុំគ្នា ប្រមូលកម្លាំងធ្វើបដិវត្តពណ៌ប្រឆាំងរដ្ឋាភិបាលវិញ នោះគឺជារឿងខុសច្បាប់ ដែលអាជ្ញាធរត្រូវចាត់វិធានការ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍លើកទី១២ នាព្រឹកថ្ងៃទី១១ ខែមិថុនា នៅខេត្តត្បូងឃ្មុំ យ៉ាងដូច្នេះថា៖«សម្រាប់យើង(គណបក្សប្រជាជន) ហូបនំបញ្ចុកសាមគ្គីគ្នា និងសប្បាយជាមួយគ្នា។ ប៉ុន្តែមានអ្នកខ្លះហូបនំបញ្ចុកគ្រាន់តែយកឈ្មោះថាហូបនំបញ្ចុកទេ។ ប៉ុន្តែធាតុពិត(ហូបនំបញ្ចុក)យកជាការប្រជុំ។ ប្រជុំយើងត្រូវចែកឲ្យដាច់ជាពីរទៀត បើសិនប្រជុំគ្នានិយាយរឿងនយោបាយតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ក៏អត់អីដែរ។ ចង់និយាយថា បើប្រជុំដើម្បីត្រៀមរៀបចំបោះឆ្នោតឆ្នាំ២០២២ ឆ្នាំ២០២៣ ក៏អត់អី គឺវាល្អ ព្រោះដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ។ ក៏ប៉ុន្តែបើការហូបនំបញ្ចុក ប្រជុំដើម្បីប្រមូលគ្នា ចាត់តាំងគ្នាមកធ្វើបដិវត្តពណ៌ផ្ដួលរំលំរដ្ឋាភិបាល គឺខុស។ សូមចែកឲ្យដាច់ពីបញ្ហាហ្នឹង»។
ប្រមុខក្រសួងមហាផ្ទៃ ដែលបានទទួលព័ត៌មានជុំវិញភាពចម្រូងចម្រាសនៃការបរិភោគនំបញ្ចុក បាននិយាយដោយប្រយោល ក្នុងន័យបែបនេះថា ពលរដ្ឋមួយចំនួន ដែលមាននិន្នាការប្រឆាំងយកការ«បរិភោគនំបញ្ចុក» ធ្វើជាលេសដើម្បីប្រមូលផ្ដុំគ្នា រៀបចំផែនការធ្វើចលនាបំបះបំបោរផ្ទៃក្នុងជាតិ។
«នំបញ្ចុកចាំបាច់អីទៅហូបរួមគ្នា យើងអាចហូបតែម្នាក់យើងក៏បានដែរតើ? ប៉ុន្តែរឿងអ្វី យករូបភាពនំបញ្ចុក មកធ្វើគ្រាន់តែជារូបភាពក្រោមផ្លាកនំបញ្ចុក ឬក៏ជួនអីគ្មានហូបនំបញ្ចុកផង វាគ្រាន់តែថាបែបនេះទៅ ប៉ុន្តែមិនហូបនំបញ្ចុកផង (អ្នកខ្លះ)ទៅហូបបាយ ហូបបបរ ហូបគុយទាវ ក៏ថាហូបនំបញ្ចុកដែរ។ ប៉ុន្តែធាតុពិតកន្លែងមួយចំនួននោះ រៀបចំផែនការប្រមូលកម្លាំង ទៅទទួលមេដឹកនាំគេ មកបំបះបំបោរធ្វើចលនាបដិវត្តពណ៌។ ត្រង់នោះ គឺជាបញ្ហាដែលយើងត្រូវយកចិត្តទុកដាក់។ មិនមែនមានន័យថា យើងមិនឲ្យគាត់ធ្វើនយោបាយទេ…»។នេះជាការអះអាងរបស់សម្ដេច ស ខេង ដែលបានសង្កត់ធ្ងន់ថា ពលរដ្ឋដែលមាននិន្នាការនយោបាយ មិនអាចយកការជួបជុំគ្នាក្រោមរូបភាពបរិភោគនំបញ្ចុក ដើម្បីរៀបចំផែនការប្រឆាំងរដ្ឋាភិបាល និងបំផ្លាញសន្តិសុខជាតិបានឡើយ។
កាលពីថ្ងៃទី៩ មិថុនា ពលរដ្ឋកម្ពុជាមួយចំនួន បានរៀបចំកម្មវិធីបរិភោគនំបញ្ចុកជាលក្ខណៈគ្រួសារ និងក្រុមកាងារជាដើម នៅតាមមូលដ្ឋាន ភូមិស្រុកនានា ស្របតាមការអំពាវនាវរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ការរៀបចំកម្មវិធីជួបជុំបរិភោគនំបញ្ចុកនេះ ត្រូវបានប្រមុខរដ្ឋាភិបាល អះអាងថា ជាការបង្ហាញពីសាមគ្គីភាព និងឯកភាពជាតិ។ ក្រៅសមាជិកគណបក្សកាន់អំណាច ក៏មានខាងអតីតគណបក្សសង្គ្រោះជាតិ បានរៀបចំកម្មវិធីបរិភោគនំបញ្ចុកនេះ ទាំងក្នុង និងក្រៅប្រទេសដែរ។ ក្រុមគាំទ្រគណបក្សប្រឆាំង ក៏ហៅការហូបនំបញ្ចុករបស់ពួកគេនេះ គឺជាការសាមគ្គីជាតិ។
ដ្បិតគណបក្សកាន់អំណាច និងអតីតគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា សុទ្ធតែអះអាងថា ការបរិភោគនំបញ្ចុកនេះ ជាការសាមគ្គីជាតិក្តី ប៉ុន្តែវាក៏មិនមែនជាសញ្ញានៃការផ្សះផ្សារនយោបាយឡើយ។ ត្រង់ចំណុចនេះនាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ការហូបនំបញ្ចុកនេះ មិនមែនដើម្បីឈានទៅដល់ការចរចារវាងគណបក្សកាន់អំណាចនិងអតីតគណបក្សប្រឆាំងឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com