អន្តរជាតិ
អតីត​ម្ចាស់​អាណានិគម​អង់គ្លេស ស្នើ​ឲ្យ​រដ្ឋាភិបាល​ហុងកុង​ស្តាប់​កង្វល់​ពលរដ្ឋ​
13, Jun 2019 , 11:15 am        
រូបភាព
ប្រភពរូប៖​ AFP
ប្រភពរូប៖​ AFP
ដោយ:
​អតីត​ម្ចាស់​អាណានិគម ចក្រភព​អង់គ្លេស បានស្នើ​ឲ្យ​មាន​ភាពស្ងប់ស្ងាត់​នៅ​ទីក្រុង​ហុងកុង ព្រមទាំង​ទទូច​ឲ្យ​រដ្ឋាភិបាល​ហុងកុង​ផ្ទៀង​ស្តាប់​ជុំវិញ​កង្វល់​របស់​ប្រជាជន​ខ្លួន ទាក់ទិន​នឹង​សំណុំរឿង​ជាមួយ​ចិនដីគោក​។ សំណើ​នេះ ធ្វើឡើង​ក្រោយពី​បាតុកម្មហិង្សា​មួយ បាន​ផ្ទុះឡើង​នៅ​ថ្ងៃទី​១២ ខែមិថុនា ក្នុង​គោលដៅ​ប្រឆាំងនឹង​សេចក្តីព្រាងច្បាប់ ដែល​អនុញ្ញាត​ឲ្យ​ធ្វើ​បត្យាប័ន​ទៅកាន់​ចិនដីគោក​។

 
​ក្នុង​សេចក្តីថ្លែងការណ៍ រដ្ឋមន្ត្រី​ក្រសួងការបរទេស​អង់គ្លេស លោក Jeremy Hunt បញ្ជាក់​ឲ្យ​ដឹងថា បាតុកម្ម​ដែល​កំពុង​កើតឡើង​ក្នុង​ទីក្រុង​ហុងកុង គឺជា​សញ្ញា​ដ៏​ច្បាស់លាស់​មួយ ដែល​ឆ្លុះបញ្ចាំង​ពី​កង្វល់​របស់​ពលរដ្ឋ​ហុងកុង​ពាក់ព័ន្ធ​នឹង​កំណែប្រែ​ដែល​ដាក់​ស្នើ​ទៅកាន់​ច្បាប់​ធ្វើ​បត្យាប័ន​។ ត្រង់ចំណុច​នេះ លោក ស្នើសុំ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​រក្សា​ភាពស្ងប់ស្ងាត់ និង​សន្តិភាព​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP  ប្រមុខ​ការទូត​អង់គ្លេស​រូបនេះ ក៏​ទទូច​ឲ្យ​រដ្ឋាភិបាល​ហុង​បើក​ចិត្ត​ស្តាប់​សេចក្តី​ព្រួយបារម្ភ​របស់​ប្រជាជន​ខ្លួន និង​សម្ព័ន្ធមិត្ត​នានា​ក្នុង​សហគមន៍​អន្តរជាតិ ហើយ​យល់ព្រម​ផ្អាក និង​គិតគូរ​ឲ្យ​ស៊ីជម្រៅ​លើ​វិធាន​ការដែល​ចម្រូងចម្រាស​ទាំងនេះ​។ 
 
«​វា ជា​រឿង​ចាំបាច់​បំផុត​ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​ចូលរួម​ក្នុង​កិច្ចសន្ទនា​ដ៏​មាន​អត្ថន័យ និង​ចាត់វិធានការ​ដើម្បី​អភិរក្ស​សេរីភាព និង​សិទ្ធិ​របស់​ទីក្រុង​ហុងកុង ក៏ដូចជា​ឧត្តមភាព​នៃ​ស្វ័​យ័​ត​ភាព ដែលជា​គ្រឹះ​ដ៏​ចម្បង​សម្រាប់​ទ្រទ្រង់​កិត្យានុភាព​របស់ខ្លួន​លើ​ឆាក​អន្តរជាតិ​»​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​រដ្ឋមន្ត្រី Jeremy Hunt ដោយ​សង្កត់ធ្ងន់ថា ការប្រកាន់​ខ្ជាប់​នូវ​គោលការណ៍ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» ដែល​ត្រូវ​បានលើកឡើង​ក្នុង​សេចក្តីប្រកាស​រួមគ្នា​រវាង​ចក្រភព​អង់គ្លេស និង​ចិន ពិត​ជាមាន​សារៈសំខាន់​យ៉ាង​ធំធេង​សម្រាប់​ភាពជោគជ័យ​នៅ​អនាគត​របស់​ទីក្រុង ហុងកុង​។ 
 
​ដោយឡែក នៅ​ថ្ងៃ​ដដែល​នេះ នាយករដ្ឋមន្ត្រី​អង់គ្លេស លោកស្រី Theresa May បានលើកឡើង​នៅក្នុង​សភា​ថា ច្បាប់​ធ្វើ​បត្យាប័ន​ក្នុង​ទីក្រុង​ហុងកុង ត្រូវតែ​គោរព​យ៉ាង​ចាំបាច់​ចំពោះ​សេរីភាព និង​សិទ្ធិ​របស់​ហុងកុង ដែល​បានចែង​ក្នុង​សេចក្តីប្រកាស​រួម​រវាង​ចក្រភព​អង់គ្លេស និង​ចិន​ក្នុង​ឆ្នាំ​១៩៨៤​។ 
 
​គួរ​ឲ្យ​កត់សម្គាល់​ដែរ​ថា ចក្រភព​អង់គ្លេស បានប្រគល់​ការគ្រប់គ្រង​លើ​ទីក្រុង​ហុងកុង ត្រឡប់​ទៅកាន់​ចិនដីគោក​វិញ កាលពី​ឆ្នាំ​១៩៩៧ ដោយ​ឈរលើ​មូលដ្ឋាន​នៃ​សេចក្តីប្រកាស​រួម ដែល​ខ្លួន​បាន​ចុះហត្ថលេខា​ជាមួយ​ក្រុង​ប៉េកាំង ។ សេចក្តីប្រកាស​រួមគ្នា​រវាង​ភាគី​ទាំងពីរ​នេះ  ធានា​ឲ្យ​បាន​ថា សេរីភាព​នានា​ក្នុង​ទីក្រុង​ហុងកុង ដែល​ស្គាល់​ថា «​ពាក់កណ្តាល​ស្វ័​យ័​ត​ភាព​» នឹង​អូសបន្លាយ​ដល់​ឆ្នាំ​២០៤៧​។ 
 
​សូមបញ្ជាក់ថា កាលពី​ថ្ងៃ​ពុធ​ទី ១២ ខែមិថុនា ការប៉ះទង្គិច​ហិង្សា បាន​ផ្ទុះឡើង​ក្នុង​ទីក្រុង​ហុងកុង ខណៈ​សមត្ថកិច្ច បាន​ព្យាយាម​បញ្ឈប់​ក្រុមបាតុករ​ដែល​បម្រុង​នឹង​សម្រុកចូល​ទៅក្នុង​អគារ​សភា​ហុងកុង​។ ទន្ទឹមនឹង​គ្នា​នេះ មនុស្ស​រាប់​ម៉ឹ​ន​នាក់ បាន​ខ្ទប់​ច្រកចេញចូល​សំខាន់ៗ ដើម្បី​បង្ហាញ​សាច់ដុំ​ប្រឆាំងនឹង​សំណើ​ច្បាប់​ធ្វើ​បត្យាប័ន​ទៅកាន់​ចិនដីគោក​។ 
 
 
​ដើម្បី​ទប់ទល់​នឹង​ហេតុការណ៍​នេះ សមត្ថកិច្ច​ហុងកុង បាន​ប្រើប្រាស់​ឧស្ម័ន​បង្ហូរទឹកភ្នែក បាញ់​គ្រាប់កាំភ្លើង​ជ័រ និង​ដំបង ក្នុង​គោលដៅ​បំបែក​ក្រុមបាតុករ ដែល​ភាគច្រើន​ជា​និស្សិត និង​យុវជន ។ ពួកគេ បានស្នើ​ឲ្យ​អាជ្ញាធរ​ទាំងនេះ​លុបចោល​សេចក្តីព្រាងច្បាប់ ដែល​គាំទ្រ​ដោយ​ក្រុង​ប៉េកាំង​៕

Tag:
 ចក្រភព​អង់គ្លេស​
  ហុងកុង​
  បាតុកម្ម​
  សេចក្តីព្រាងច្បាប់​ធ្វើ​បត្យាប័ន
© រក្សាសិទ្ធិដោយ thmeythmey.com