ខឹង​សហព័ន្ធ​ដកខ្លួន​ពី World Cup កីឡាករ​ម៉ា​កាវ​ស៊ុត​បញ្ចូល​ទី​គ្នា ២១-១៨ នៅក្នុង​លី​គ​
កីឡាអន្តរជាតិ
អន្តរជាតិ
ខឹង​សហព័ន្ធ​ដកខ្លួន​ពី World Cup កីឡាករ​ម៉ា​កាវ​ស៊ុត​បញ្ចូល​ទី​គ្នា ២១-១៨ នៅក្នុង​លី​គ​
18, Jun 2019 , 5:06 pm        
រូបភាព
​លទ្ធផល​ស៊ុត​បញ្ចូល​ទី​គ្នា​រវាង​ក្រុម Tak Chun Ka I និង Hang Sai សរុប​ចំនួន​៣៩​គ្រាប់​នា​ការប្រកួត​មួយ​នៅ​ម៉ា​កាវ គឺ​ដើម្បី​តវ៉ា​ប្រឆាំងនឹង​ការសម្រេចចិត្ត​របស់​ស​ហ​ព័ន្ធ​កីឡាបាល់ទាត់​ម៉ា​កាវ (MFA) ដែល​ដកខ្លួន​ពី​ការប្រកួត​វគ្គ​ជម្រុះ​បឋម World Cup ទល់នឹង​ស្រីលង្កា​។​


 
Ka I បាន​យកឈ្នះ Hang Sai ក្នុង​លទ្ធផល ២១-១៨ ក្នុងការ​ប្រកួត​ក្របខណ្ឌ​លី​គ​កំពូល​ម៉ា​កាវ Taca de Macau នៅ​ថ្ងៃទី​១៧ ខែមិថុនា​។ ក្នុងជំនួប​នោះ អ្នក​ដែល​ទៅ​គាំទ្រ​ផ្ទាល់​បានទទួល​ប្រាក់​ពី​ការទិញ​សំបុត្រ​របស់​ពួកគេ​មកវិញ ដ្បិត​មិនមែនជា​សកម្មភាព​ប្រកួត​ពិតប្រាកដ​។​
 
​កីឡាករ​នៅលើ​ទីលាន​ទាំងពីរ​ក្រុម​នេះ​មិនបាន​បង្ហាញ​ការប្រកួតប្រជែង​គ្នា​ដូច​សព្វដង​ឡើយ​។ ពួកគេ​បាន​ស៊ុត​បញ្ចូល​ទី​គ្នា​ដោយ​មិនមាន​ការរំខាន ហើយ​សូម្បី​អ្នកចាំទី​ក៏​ឡើង​ទៅរក​គ្រាប់​បាល់​ដោយ​ខ្លួនឯង​ដែរ​។​
 
​ឥរិយាបទ​របស់​កីឡាករ​បែបនេះ គឺ​ពួកគេ​ចង់​បង្ហាញថា​ពួកគេ​កំពុង​តវ៉ា​ប្រឆាំងនឹង​ការសម្រេចចិត្ត​របស់ MFA ដែល​មិន​បញ្ជូន​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ទៅកាន់​ការប្រកួត​ជម្រុះ World Cup ឆ្នាំ​២០២២ ទល់នឹង​ស្រីលង្កា​សម្រាប់​ជំនួប​ជើង​ទី​២ ក្រោម​ហេតុផល​ព្រួយបារម្ភ​ពី​បញ្ហា​សុវត្ថិភាព​។​
 
​ការសម្រេច​មិន​បញ្ជូន​ក្រុម​ទៅ​ប្រកួត​ជើង​ទី​ពីរ​នៅ​ទឹកដី​ស្រីលង្ការ មានន័យថា​ម៉ា​កាវ​ដែល​បានឈ្នះ ១-០ កាលពី​ជើង​ទីមួយ​ក្នុង​ទឹកដី​ខ្លួនឯង​នា​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៩ នឹងត្រូវ​បាត់បង់​ឱកាស​ដោយ​ស្វ័យប្រវត្តិ​ក្នុង​ការឈាន​ទៅកាន់​វគ្គ​បន្ត​។ MFA បញ្ជាក់ថា បើទោះបី​មានប្រៀប​នៅ​ជើង​ទី​១​ក៏ដោយ តែ​ពួកគេ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​កីឡាករ និង​ក្រុម​ទាំងមូល​ដោយសារតែ​ស្រីលង្កា ទើបតែ​រង​ការវាយប្រហារ​ដោយ​ភេរវកម្ម​កាលពីពេល​ថ្មីៗ​កន្លងមកនេះ​ដោយមាន​អ្នកស្លាប់​ដល់​ទៅ​ជាង​២០០​នាក់ និង​របួស​លើស​៥០០​នាក់​។ 
​យ៉ាងណាក៏ដោយ ជុំវិញ​របៀប​នៃ​កាតរ​វ៉ា​របស់​កីឡាករ​បែប​នះ ក្លិប Ka I បាន​ចេញមុខ​សុំទោស​អ្នកគាំទ្រ​ខ្លួន​ដោយ​អះ​អា​ថា​ក្លិប​ក៏​មិនបាន​ដឹង​ពី​ផែនការ​របស់​កីឡាករ​ដែរ​។​
 
​ដោយ​គ្រូបង្វឹក​ក្រុម Hang Sai បាន​ប្រាប់ Teledifusao de Macau ថា​៖«​នេះ​ប្រហែលជា​កីឡាករ​មិន​ពេញចិត្ត​ដែល​មិនបាន​ប្រកួត​ជម្រុះ World Cup ហើយ​ពួកគេ​គ្រាន់តែ​បង្ហាញ​ការមិនសប្បាយចិត្ត​រប​ស់​ពួកគេ​ប៉ុណ្ណោះ​។ ពួកគេ​មាន​វិធី​ផ្ទាល់ខ្លួន​របស់​ពួកគេ​ក្នុង​ការបង្ហាញ​ពី​គំនិត​របស់​ពួកគេ​។ ក្លិប និង​ខ្ញុំ​ដែលជា​គ្រូបង្វឹក​ក៏​គោរព​ការសម្រេចចិត្ត​របស់​ពួកគេ​ដែរ​»​។​
 
​ភាគី​ខាង MFA ក៏បាន​បញ្ជាក់ដែរថា នេះ​មិនមែនជា​ការសម្រេចចិត្ត​ដ៏​ងាយស្រួល​នោះឡើយ ដោយ​សុំ​ការយោគយល់​ពី​ក្រុម​អ្នកគាំទ្រ​របស់ខ្លួន​ផងដែរ ស្របពេល​ក្រុម​កីឡាករ​បានបង្ហាញ​ឆ​ន្ទះ​របស់ខ្លួន ដោយ​អះអាងថា ពួកគេ​ពិតជា​ចង់​លេង​ជើង​ទី​ពីរ​ខ្លាំងណាស់ ហើយ​ទាមទារ​ឲ្យ MFA គោរព​តាម​ការសម្រេចចិត្ត​រប​ស់​ពួកគេ​ទៀតផង​៕
 
​ទស្សនា​វីដេអូ​ខាងក្រោម​៖
 

Tag:
 បាល់ទាត់​
  ម៉ា​កាវ​
  ស្រីលង្កា​
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com