អន្តរជាតិ
កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​វៀតណាម​ជាមួយ​អឺរ៉ុប នឹង​ប៉ះពាល់​ដល់​ការនាំចេញ​ថៃ​
08, Jul 2019 , 10:17 am        
រូបភាព
ប្រភពរូប៖ កាសែត បាងកកប៉ុស្តិ៍
ប្រភពរូប៖ កាសែត បាងកកប៉ុស្តិ៍
ដោយ:
​ការនាំចេញ​រថយន្ត កុំព្យូទ័រ និង​គ្រឿង​អេឡិចត្រូនិក​របស់​ថៃ កំពុង​ប្រឈមមុខ​នឹង​ហានិភ័យ ដោយសារ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​វិនិយោគ​របស់​វៀតណាម​ជាមួយ​សហភាព​អឺរ៉ុប ។ នេះ​បើតាម​ការបញ្ជាក់​របស់​ការិយាល័យ​យុទ្ធសាស្ត្រ និង​គោលនយោបាយ​ពាណិជ្ជកម្ម​នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ ។ ក្រៅពីនេះ វិស័យ​សំខាន់ៗ​ផ្សេងទៀត រួមមាន កាត់ដេរ គ្រឿងអលង្ការ អង្ករ និង​គ្រឿង​សមុទ្រ​ជាដើម ក៏​អាច​ទទួលរង​ផលប៉ះពាល់​ផងដែរ​។

 
​ថៃ ពុំមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ EU ហើយ​ប្រព័ន្ធ​អនុគ្រោះ​របស់​អឺរ៉ុប​សម្រាប់​ប្រទេស​ថៃ ត្រូវបាន​កាត់ផ្តាច់​កាល​ពី​ឆ្នាំ ២០១៥​កន្លងទៅ ដូច្នេះ​វា​មានន័យថា ការនាំចេញ​ផលិតផល​របស់​ថៃ​ទាំងអស់ នឹងត្រូវ​ជាប់ពន្ធ​។ ផ្ទុយទៅវិញ វៀតណាម និង​សហភាព​អឺរ៉ុប កាលពី​ថ្ងៃទី​៣០ ខែមិថុនា បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​សហភាព​អឺរ៉ុប​-​វៀតណាម (EVFTA) និង​កិច្ចព្រមព្រៀង​គាំពារ​ការវិនិយោគ​សហ​ភាព​អឺរ៉ុប​-​វៀតណាម (EVIPA) ហើយ​ត្រៀម​ដាក់​ឲ្យ​ចូល​ជា​ធរមាន​នាពេល​ណាមួយ​ក្នុង​ឆ្នាំ​២០១៩​នេះ​។ 
 
​តាម​ការចុះផ្សាយ​របស់​កាសែត បាងកក​ប៉ុស្តិ៍ នៅ​ថ្ងៃទី​៦ ខែកក្កដា អគ្គនាយក​នៃ​ការិយាល័យ​យុទ្ធសាស្ត្រ និង​គោលនយោបាយ​ពាណិជ្ជកម្ម​ថៃ លោកស្រី Pimchanok Vonkorpon គូសបញ្ជាក់ថា EVFTA គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​គ្រប់​ជ្រុងជ្រោយ និង​មាន​មហិច្ឆតា​បំផុត ដែល EU បាន​បង្កើតឡើង​ជាមួយ​ប្រទេស​កំពុង​អភិវឌ្ឍ​។ ត្រង់ចំណុច​នេះ លោក សង្កត់ធ្ងន់ថា​៖ «​ដូច្នេះ វៀតណាម អាច​ទាញ​ផលប្រយោជន៍​ច្រើនជាង​ប្រទេស​ថៃ​ពី​កិច្ចព្រមព្រៀង​នេះ​»​។ 
 
​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី EU-​វៀតណាម ពន្ធ​រហូតដល់ ៩៩​ភាគរយ​លើ​ទំនិញ​របស់​ភាគី​ទាំងពីរ នឹងត្រូវ​លុបចោល ។ សម្រាប់​ដំណាក់កាល​ដំបូង ពន្ធ​ចំនួន ៦៥​ភាគរយ​លើ​ការនាំ​ចេញពី EU ទៅកាន់​វៀតណាម នឹងត្រូវ​កាត់ចេញ​ភ្លាមៗ ក្រោយ​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន ខណៈ​ពន្ធ​ដែល​នៅ​សេសសល់ នឹងត្រូវ​លុបចោល​ជា​បន្តបន្ទាប់ ក្នុង​រយៈពេល​១០​ឆ្នាំ​។ 
 
​ចំពោះ​ការនាំចេញ​របស់​វៀតណាម​ទៅកាន់​ទីផ្សារ​អឺរ៉ុប​វិញ ជាបឋម ពន្ធ​ចំនួន ៧១​ភាគរយ នឹងត្រូវ​ដកចេញ កាលណា​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្មនេះ ចូល​ជា​ធរមាន​។ ចំណែកឯ ពន្ធ​ដែល​នៅ​សេសសល់ នឹងត្រូវ​លុបចោល​ក្នុង​រយៈពេល ៧​ឆ្នាំ​។ ចំណែក​ក្នុង​កិច្ចព្រមព្រៀង EVIPA សហភាព​អឺរ៉ុប នឹង​ជួយ​វៀតណាម​អភិវឌ្ឍ​លក្ខខណ្ឌ​នៃ​ការវិនិយោគ ការអនុវត្ត​ច្បាប់ និង​តម្លាភាព ក្នុង​គោលដៅ​ទាក់ទាញ​ការវិនិយោគ​បន្ថែមទៀត​។ 
 
​តាម​កាសែត​បាងកក​ប៉ុស្តិ៍ លោកស្រី Pimchanok ព្រមាន​ថា ក្រុមហ៊ុន​ផ្គត់ផ្គង់​រថយន្ត ក្នុងប្រទេស​ថៃ គួរ​ត្រៀមលក្ខណៈ​សម្រាប់​ស្ថានការណ៍​ដែល​រោងចក្រ​ផលិត​រថយន្ត​ជាច្រើន​អាច​ផ្លាស់ប្តូរ​ទីតាំង​ទៅកាន់​វៀតណាម​។ ជាមួយគ្នានេះ លោកស្រី បានបញ្ជាក់​ទៀតថា រោងចក្រ​ក្នុងស្រុក ត្រូវតែ​ពង្រឹង​ប្រសិទ្ធភាព និង​ព​ន្លឿ​ន​ផលិតកម្ម​នៃ​យានយន្ត​ជំនាន់​ថ្មីៗ​។ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ​រូបនេះ អះអាង​ទៀតថា រោងចក្រ​ផលិត​កុំព្យូទ័រ និង​គ្រឿង​អេឡេចត្រូនិក​មួយចំនួនទៀត ក៏​ប្រឈមមុខ​នឹង​ការផ្លាស់ប្តូរ​ទីតាំង​ទៅកាន់​វៀតណាម​ផងដែរ ព្រោះថា​ប្រទេស​នេះ មាន​ភាព​ប្រកួតប្រជែង​គ្រប់គ្រាន់​ដើម្បី​អភិវឌ្ឍ​រោងចក្រ​អេឡិចត្រូនិក​ផ្ទាល់ខ្លួន​។ 
 
​ក្រៅពីនេះ វិស័យ​សំខាន់ៗ​ផ្សេងទៀត រួមមាន កាត់ដេរ គ្រឿងអលង្ការ អង្ករ និង​គ្រឿង​សមុទ្រ​ជាដើម ក៏​អាច​ទទួលរង​ផលប៉ះពាល់​ដោយសារ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​វៀតណាម និង​អឺរ៉ុប​ផងដែរ​។ ហេតុផល​នោះ​គឺថា កម្លាំង​ពលកម្ម​ក្នុងប្រទេស​វៀតណាម មានតម្លៃ​ថោក​ជាង​ប្រទេស​ថៃ​។ 
 
​ទោះជា​បែបនេះ​ក្តី លោកស្រី Pimchanok លើកឡើងថា ប្រទេស​ថៃ ត្រូវតែ​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ និង​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប និង​នវានុវត្តន៍​ខ្ពស់ ដើម្បី​បន្ថែម​តម្លៃ​ទៅកាន់​ផលិតផល និង​រក្សា​ភាព​ប្រកួតប្រជែង​។ ការិយាល័យ​លោកស្រី មាន​សុទិដ្ឋិនិយម​ថា EU នឹងចូលរួម​ក្នុង​កិច្ចចរចា​ដូចគ្នានេះ​ជាមួយ​ថៃ ព្រោះថា​ប្លុក​ពាណិជ្ជកម្ម​ដ៏​ធំ​នេះ ចង់​ចូលទៅ​កាន់​ទីផ្សារ​វេជ្ជសាស្ត្រ រថយន្ត និង​គ្រឿង​ស្រវឹង​ក្នុង​ស្រុកថៃ​។ 
 
​សូមបញ្ជាក់ថា វៀតណាម គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​លំដាប់​ទី​២ របស់ EU ក្នុង​តំបន់​អាស៊ាន បន្ទាប់ពី​សិង្ហ​បុរី​។ ក្នុង​ឆ្នាំ​២០១៧ ទំហំ​ពាណិជ្ជកម្ម​រវាង​វៀតណាម និង​អឺរ៉ុប ស្មើនឹង ៥០,៤​ពាន់​លាន​ដុល្លារ​។ ក្នុងចំណោម​នេះ ការនាំចេញ​របស់​វៀត​ណា​ម ស្មើនឹង ៣៨,៣​ពាន់​លាន​ដុល្លារ និង​ការ​នាំចូល​ស្មើនឹង ១២,១​ពាន់​លាន​ដុល្លារ​។ ចំណែក ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ថៃ និង​អឺរ៉ុប មាន​ចំនួន​សរុប ៤៤,៥​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧​។ ក្នុងចំណោម​តួលេខ​សរុប​នេះ ការនាំចេញ​របស់​ថៃ ស្មើនឹង ២៣,៧​ពាន់​លាន​ដុល្លារ និង​ការ​នាំចូល ស្មើនឹង ២០,៨​ពាន់​លាន​ដុល្លារ​៕

Tag:
 វៀតណាម​
  ថៃ​
  អឺរ៉ុប​
  FTA
© រក្សាសិទ្ធិដោយ thmeythmey.com