ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ស ខេង ប្តឹងលោក សម រង្ស៊ី នៅខ្មែរ មិនទៅបារាំងទេ ឯសម្តេច ហ៊ុន សែន នៅពិចារណា
08, Jul 2019 , 1:00 pm        
រូបភាព
តាមរយៈមេធាវី សម្តេច ស ខេង រដ្ឋមន្រ្តីមហាផ្ទៃ បានសម្រេចចិត្តដាក់បណ្តឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញរួចហើយ ដើម្បីប្តឹងលោក សម រង្ស៊ី ប្រធានស្តីទីនៃអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅប្រទេសបារាំង។



លោក ហាក់ សៀកលី មេធាវីម្នាក់ ក្នុងចំណោមមេធាវីទាំងបីនាក់របស់សម្តេច ស ខេង ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទដូច្នេះថា៖«សម្តេច អត់ប្តឹងទៅតុលាការបារាំងទេ មូលហេតុអ្វី ខ្ញុំក៏មិនដឹងដែរ។ ខ្ញុំ គ្រាន់តែទទួលការពឹងពាក់ ធ្វើបណ្តឹងប្តឹងលោក សម រង្ស៊ី នៅតុលាការកម្ពុជា»។

ក្នុងពាក្យបណ្តឹងដែលធ្វើឡើងនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ក្រុមមេធាវី បានប្តឹងលោក សម រង្ស៊ី ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ ប្តឹងពីបទនេះ គឺដោយសារលោក សម រង្ស៊ី សរសេរលើហ្វេសប៊ុករបស់លោកកន្លងមកថា លោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ មានគម្រោងសងសឹកឲ្យឪពុក គឺលោក ហុក ឡុងឌី អតីតអគ្គស្នងការនគរបាលជាតិ ដែលត្រូវបានគេដាក់គ្រាប់បែកបំផ្ទុះក្នុងឧទ្ធម្ភាគចក្រ កាលពីឆ្នាំ២០០៨។ លោក សរសេរទៀតថា សម្តេច ស ខេង បានគាំទ្រគម្រោងរបស់លោក ឌី វិជ្ជា ហើយសម្តេច ហ៊ុន សែន បានដឹង និងកំពុងរៀបចំផែនការដកសម្តេច ស ខេង ចេញពីតំណែង។

ក្រុមមេធាវី ចាត់ទុកការចោទប្រកាន់របស់លោក សម រង្ស៊ី ថាជាការប្រឌិតព័ត៌មានទម្លាក់កំហុស និងជាការមួលបង្កាច់ ដើម្បីឲ្យថ្នាក់ដឹកនាំរបស់រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា មានការសង្ស័យគ្នា និងបែកបាក់សាមគ្គី ដែលជាហេតុបង្កឲ្យមានចលាចល និងភាពវឹងវរដល់សន្តិសុខសង្គមទាំងមូល។

ក្រុមមេធាវី ស្នើឲ្យតុលាការផ្តន្ទាទោសឲ្យធ្ងន់ធ្ងរលើលោក សម រង្ស៊ី និងសុំទារសំណងជំងឺចិត្ត១លានដុល្លារ ឲ្យទៅសម្តេច ស ខេង ជាដើមបណ្តឹង។

កន្លងមក សម្តេច ស ខេង និង សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសរួមគ្នាថា នឹងប្តឹងលោក សម រង្ស៊ី ទៅតុលាការបារាំង ដើម្បីរកយុត្តិធម៌ពីការចោទប្រកាន់របស់លោក សម រង្ស៊ី។ ចំណែកលោក ឌី វិជ្ជា ក៏ប្រកាសប្តឹងលោក សម រង្ស៊ី ផងដែរ។ ប៉ុន្តែ មកដល់ពេលនេះ សម្តេច ហ៊ុន សែន និង លោក ឌី វិជ្ជា នៅមិនទាន់សម្រេចចិត្តច្បាស់លាស់នៅឡើយទេ។

លោក គី តិច មេធាវីរបស់ម្តេច ហ៊ុន សែន ប្រាប់សារព័ត៌មានថ្មីៗថា ទាំងសម្តេច ហ៊ុន សែន ទាំងលោក ឌី វិជ្ជា កំពុងពិចារណារថាប្តឹងឬមិនប្តឹង ហើយបើប្តឹង ប្តឹងទៅតុលាការបារាំងឬប្តឹងនៅតុលាការកម្ពុជា។ លោក បញ្ជាក់ដូច្នេះថា៖«ខ្ញុំ សូមរក្សាការសម្ងាត់សិន មិនទាន់និយាយទេ ព្រោះយើងខ្ញុំ កំពុងធ្វើការលើរឿងនេះ»។

លោក ឌី វិជ្ជា ធ្លាប់ចេញមុខបំភ្លឺរួចមកហើយ ថាមរណភាពរបស់លោកឪពុក គឺដោយសារការផ្ទុះឧទ្ធម្ភាគចក្រ ដែលបង្កឡើយដោយគ្រោះធម្មជាតិ មិនមែនគេដាក់គ្រាប់បំបែបបំផ្ទុះ ដូចការចោទប្រកាន់របស់លោក សម រង្ស៊ី ឡើយ៕

អត្ថបទទាក់ទង

Tag:
 ហ៊ុន សែន
  ស ខេង
  ឌី វិជ្ជា
  សម រង្ស៊ី
  តុលាការ
  ច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com