កីឡាអន្តរជាតិ
អន្តរជាតិ
PSG អនុញ្ញាត​ឲ្យ Neymar ទៅ​រួម​ក្រុម​ថ្មី ប៉ុន្តែ​នៅ​មិនទាន់មាន​អ្នក​ហ៊ានថ្លៃ​
09, Jul 2019 , 12:04 pm        
រូបភាព
​នាយក​គ្រប់គ្រង​កីឡា​របស់​ក្លិប Paris Saint-Germain លោក Leonardo អះអាងថា​ក្លិប​អាច​អនុញ្ញាត​ឲ្យ Neymar ចាក​ចេញពី​ទឹកដី​បារាំង ប៉ុន្តែ​រហូតមកទល់​ពេលនេះ​នៅ​មិនមាន​ការផ្តល់​ពី​តម្លៃ​ផ្ទេរ​ណាមួយ​នៅឡើយ​ទេ បើ​ទោះ​មានការ​ចរចា​ជាមួយ Barcelona ក៏ដោយ​។​


 
«​យើង​នៅ​មិនទាន់​ទទួលបាន​ការផ្តល់ជូន​ណាមួយ​នោះទេ​ប៉ុន្តែ​យើង​មាន​ទំនាក់ទំនង​ពិតប្រាកដ​ជាមួយ​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Barcelona ដែលជា​ក្លិប​ចាស់​របស់ Neymar»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Leonardo នៅមុន​ពេលដែល​ខ្សែបម្រើ​ឆ្នើម​សញ្ជាតិ​ប្រេ​ស៊ី​ល​តម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​លើ​លោក​រូបនេះ មិនបាន​វិល​ចូល​ហ្វឹកហាត់​ថ្ងៃ​ដំបូង​ជាមួយ PSG នៅ​ថ្ងៃទី​៨ ខែកក្កដា សម្រាប់​ត្រៀម​កម្មវិធី​ប្រកួត​កំដៅ​សាច់ដុំ​មុន​បើក​រដូវ​កាល​ថ្មី​។​
 
​អវត្តមាន​របស់ Neymar ក៏បាន​ធ្វើ​ឲ្យ​ក្លិប​ម្ចាស់​ជើងឯក Ligue 1 មានការ​ខឹងសម្បា និង​សោកស្តាយ​យ៉ាងខ្លាំង​នូវ​ទង្វើ​របស់​រូបគេ​បែបនេះ ហើយ​គ្រោង​ចាត់វិធានការ​សមស្រប​មួយ​ដើម្បី​ដាក់ពិន័យ​រូបគេ​ទៀតផង​។​


លោក Leonardo នាយកគ្រប់គ្រងកីឡារបស់ក្លិប PSG

​និយាយ​ពី​អនាគត​របស់​ខ្សែបម្រើ​វ័យ​២៦​ឆ្នាំ​ជាមួយ PSG គឺ​កំពុង​ស្ថិតក្នុង​ភាព​ស្រ​ពេ​ច ស្រពិល​នៅ​ឡើង​នា​រដូវ​កាល​ថ្មី​ខាងមុខនេះ ស្រប​ពេលដែល​រូបគេ​ចង់​វិលត្រឡប់​ទៅកាន់​ក្រុម​ចាស់ Barca វិញ ហើយ Real Madrid ក៏មាន​ចំណាប់អារម្មណ៍​អំពី​ទំនាក់ទំនង​នេះដែរ​។​
 
​ប្រធាន​ក្លិប​រហស្សនាម​អ្នកមាន​បុណ្យ លោក Josep Maria Bartomeu ក៏​ធ្លាប់បាន​និយាយ​កាលពី​សប្តាហ៍​មុន​ដែរ​ថា Neymar ពិតជា​ចង់​ចាក​ចេញពី​ជើងឯក Ligue 1 ដើម្បី​ត្រឡប់​ទៅ  Camp Nou ខណៈដែល​លោក​បាន​ច្រានចោល​ឱកាស​ក្នុង​ការទិញ​អតីត​កីឡាករ​របស់លោក ដ្បិត PSG មិន​ចង់​ឲ្យ​សមាជិក​របស់​ពួកគេ​ម្នាក់នេះ​ចាកចេញ​។​
 
​យ៉ាងណាក៏ដោយ​នៅពេលនេះ​លោក Leonardo បានបញ្ជាក់​ច្បាស់​ថា PSG នឹង​យល់ព្រម​ឲ្យ Neymar ចាកចេញ​បើ​ក្លិប ប្រសិនបើ​ក្លិប​ណា​ហ៊ាន​តម្លៃ​ខ្លួន​សមល្មម​សម្រាប់​រូបគេ​។​
​នាយក​គ្រប់គ្រង​កីឡា​សញ្ជាតិ​ប្រេ​ស៊ី​ល និង​ជា​អតីត​កីឡាករ​បាល់ទាត់​ផង​នោះបាន​ប្រាប់​កាសែត Le Parisien ថា​៖«Neymar អាច​ចាក​ចេញពី Le Parc des Princes ប្រសិនបើ​មានការ​ផ្តល់ជូន​ដែល​សាក​សម​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​យើង​មិនដឹងថា​ក្លិប​ណា​ចង់​ទិញ​គាត់ ឬ​ឲ្យ​តម្លៃ​ប៉ុណ្ណា​នៅឡើយ​ទេ​»៕

© រក្សាសិទ្ធិដោយ thmeythmey.com