ជាតិ
នយោបាយជាតិ
ចិន ៖ ភាគីដទៃកុំនិយាយអ្វីលើសពីកិច្ចសហប្រតិបត្តិការធម្មតារវាងកម្ពុជា-ចិន រូបពីវេបសាយក្រសួងការបទេសចិន៖ លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន
× ភ្នំពេញ៖ «ភាគីដទៃកុំនិយាយអ្វីលើសពីកិច្ចសហប្រតិបត្តិការធម្មតារវាងកម្ពុជា-ចិន»។ នេះជាការលើករបស់លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន ដែលព្យាយាមបកស្រាយតបនឹងសំនួររបស់អ្នកកាសែត ជុំវិញព័ត៌មានថា ចិន និងកម្ពុជា មានកិច្ចព្រមព្រៀងសម្ងាត់មួយ ដែលអាចបើកផ្លូវឲ្យចិនប្រើប្រាស់ទឹកដីកម្ពុជា ឈរជើងមូលដ្ឋានទ័ពខ្លួន។
លោក Geng Shuang មិនបានឆ្លើយឲ្យចំសំនួររបស់អ្នកកាសែត ដែលចង់ដឹងរឿងរ៉ាវលម្អិតពាក់ព័ន្ធនឹងការលើកឡើងរបស់អាមេរិក ដែលថា ចិននិងកម្ពុជា មានកិច្ចព្រមព្រៀងសម្ងាត់ឡើយ។ ថ្លែងក្នុងសន្និសីទកាសែត កាលពីថ្ងៃទី២២ កក្កដា អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ បានត្រឹមឆ្លើយតបនឹងសំនួរអ្នកកាសែតវិញ ដូច្នេះថា៖«បើតាមខ្ញុំដឹង ភាគីកម្ពុជា បានបដិសេធរឿង (ព័ត៌មានដែលថាចិន នឹងមានមូលដ្ឋានទ័ពនៅកម្ពុជា) នេះហើយ។ ក្នុងនាមជាមិត្តភក្តិជិតខាងជាយូរណាស់មកហើយ កម្ពុជា និងចិន មានកិច្ចសហប្រតិបត្តិការយ៉ាងពេញទំហឹង ហើយកិច្ចសហប្រតិបត្តិការរបស់យើង គឺទូលំទូលាយ មានតម្លាភាព និងផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមក ដោយស្មើភាពគ្នា»។
នៅពេលដែលអ្នកកាសែត ព្យាយាមសួរដោយសង្កត់ធ្ងន់ថា កម្ពុជា បានបដិសេធករណីទ័ពចិនឈរជើងនៅកម្ពុជានេះ ដូច្នេះតើចិនបដិសេធរឿងនេះដែរទេ? លោក Geng Shuang នៅតែឆ្លើយពង្វៀនសំនួររបស់អ្នកកាសែតដដែល ដោយលោកបានត្រឹមបកស្រាយវិញ ដូច្នេះថា៖«ដូចអ្វីដែលខ្ញុំនិយាយខាងដើមអ៊ីចឹង! ហើយយើងសង្ឃឹមថា ភាគីដទៃ នឹងមិននិយាយអ្វីដែលលើសពីកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជាឡើយ»។
កាលពីថ្ងៃទី២២ កក្កដា សារព័ត៌មាន The Wall Street Journal របស់អាមេរិក បានចុះផ្សាយថា ចិន នឹងអាចឈរជើងទ័ពជើងទឹកនៅកម្ពុជា តាមរយៈកិច្ចព្រមព្រៀងសម្ងាត់រវាងរដ្ឋាភិបាលប្រទេសទាំងពីរ។ សារព័ត៌មានដដែល បានស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ ដែលអះអាងបានឃើញកិច្ចព្រមព្រៀងនោះថា កម្ពុជាបានអនុញ្ញាតឲ្យចិនប្រើប្រាស់មូលដ្ឋានទ័ពនៅរាម ខេត្តព្រះសីហនុ រយៈពេល៣០ឆ្នាំ ហើយអាចបន្តសុពលភាពជាស្វ័យប្រវត្តិរៀងរាល់១០ឆ្នាំម្ដង។ បើតាម The Wall Street Journal មូលដ្ឋានទ័ពចិននេះ នឹងមានកន្លែងស្ដុកអាវុធ និងកន្លែងចតកប៉ាល់ចម្បាំងជាដើម។
ឆ្លើយតបការចុះផ្សាយរបស់សារព័ត៌មានអាមេរិកខាងលើនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញប្រតិកម្មថា ព័ត៌មានដែលនិយាយពីកម្ពុជាបើកផ្លូវឲ្យទ័ពចិនឈរជើងនៅខេត្តព្រះសីហនុនេះ ជារឿងប្រឌិត។ តាមរយៈសេចក្តីបំភ្លឺរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រមុខរដ្ឋាភិបាល បានអះអាងដូច្នេះថា៖«នេះជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។ គ្មានរឿងបែបនេះកើតឡើងនោះទេ ព្រោះមូលដ្ឋានយោធា បរទេសវាបានប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា»៕
Tag:
ហ៊ុន សែន
ចិន
ទ័ព
យោធា
© រក្សាសិទ្ធិដោយ thmeythmey.com