ជាតិ
សង្គមជាតិ
ភរិយា​កវី គ​ង្គ ប៊ុន​ឈឿន នឹង​បាន​សិទ្ធិ​គ្រប់គ្រង​ចម្រៀង​១៣​បទ​បន្ថែមទៀត
24, Jul 2019 , 8:59 pm        
រូបភាព
លោកស្រី គាត គឹម​លន ភរិយារបស់លោក គង់​ ប៊ុនឈឿន
លោកស្រី គាត គឹម​លន ភរិយារបស់លោក គង់​ ប៊ុនឈឿន
ដោយ:
​ភ្នំពេញ​៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នា​ថ្ងៃទី​២៣ ខែកក្កដា បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការប្រគល់សិទ្ធិ​គ្រប់គ្រង​លើ​បទ​ចម្រៀង​ចំនួន​១៣​បទ ដល់​អ្នកស្រី គាត គីម​លន ភរិយា​កវី គ​ង្គ ប៊ុន​ឈឿន​។ អ្នកស្រី គាត គីម​លន នឹង​ទទួលបាន​សិទ្ធិ​គ្រប់គ្រង​ផ្លូវការ ប្រសិន​គ្មាន​ការប្តឹង​ជំទាស់ ដែលមាន​សុពលភាព​រយៈពេល​១​ខែ​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​។​


 
​បទ​ចម្រៀង​ទាំង​១៣​បទ​ដែល​លោកស្រី គាត គីម​លន ទទួល​សិទ្ធ​គ្រប់គ្រង​ជា​ផ្លូវការ​នោះ​មាន បទ លា​ហើយ​សោភី​នី  ជួប​ភ័​ក្រ​ជួប​ស្នេហ៍ អាទិត្យ​វង្សា ស៊ី​សូរិយា​វង្ស ក្មេង​វាយ​ស្បែកជើង ទៅលេង​បាត់ដំបង ទឹកភ្នែក​ឪពុក ភ្លេង​មច្ចុរាជ ជំនោ​របៃ​លិ​ន អ្នកលេង​ស្មង​តាន់ វិមាន​ទឹកភ្នែក ស្រណោះ​ផ្កា​ខ្ទម នឹកឃើញ​អូន​ផង និង​បូតសណ្តែក​។​


 
​ឆ្លងកាត់​ការសិក្សា​ស្រាវជ្រាវ លោក សោម សុគន្ធ រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានបញ្ជាក់​ក្នុង​សេចក្តីជូនដំណឹង​ថា បទ​ចម្រៀង​ទាំង​១៣​បទ​នោះ សុទ្ធតែជា​ស្នាដៃ​និពន្ធ​បទ​ភ្លេច និង​ទំនុកច្រៀង ដោយ​កវី គ​ង្គ ប៊ុន​ឈឿន​។ បទ​ភាគច្រើន​ច្រៀង​ដោយ លោក ស៊ីន ស៊ី​សាមុត រីឯ​អ្នកចម្រៀង​ផ្សេងទៀត រួ​មាន លោក អ៊ឹង ណា​រី លោកស្រី រស់ សេរី​សុទ្ធា លោក មាស សាម៉ន លោកស្រី ហួយ មាស លោកស្រី ប៉ែន រ៉​ន​, តាត សំណាង និង ណា​រ៉ា សូ​ផុន​។​
 
​កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៩ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រី​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ចុះហត្ថលេខា​យល់ព្រម​ប្រគល់​សិទ្ធ​គ្រប់គ្រង​ឲ្យ​ទៅ​ភរិយា​លោក គ​ង្គ ប៊ុន​ឈឿន សម្រាប់​គ្រង​គ្រង់​បទ​ចម្រៀង​«​ថ្ងៃ​ដែល​អូន​ចុក​ឈាម​»​។ លោកស្រី​បានស្នើ​សុំ​សិទ្ធ​គ្រប់គ្រង​បទ​នេះ ក្រោយពី​មាន​ផលិតកម្ម​មួយ​យកទៅ​កាឡៃ​ខុសពី​ជា​បទ​ដើម​។​
 
​ជាមួយគ្នានេះ ក្រសួង បាន​បញ្ជាក់ថា ចំពោះ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែលមាន​បំណង​ចង់​ប្តឹង​ជំទាស់​នឹង​ការស្នើសុំ​សិទ្ធ​គ្រប់គ្រង​បទ​ចម្រៀង​ណាមួយ អាចមក​ដាក់ពាក្យ​បណ្តឹង​មក នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។ ក្រសួង​នឹង​ទុកពេល​សម្រាប់​ភាគី​ដែល​ចង់​ដាក់ពាក្យ​ប្តឹង​ជំទាស់​រយៈពេល​១​ខែ ចាប់ពី​ថ្ងៃ​ផ្សាយ​សេចក្តីជូនដំណឹង​ទៅ​៕ 

Tag:
 គង់ ប៊ុន​ឈឿន​
 ​បទ​ចម្រៀង​
 ​គាត គីម​លន​
© រក្សាសិទ្ធិដោយ thmeythmey.com