ជាតិ
បាក់ឌុប
សង្គមជាតិ
រដ្ឋមន្ត្រីអប់រំ៖ មុនរិះគន់លើវិញ្ញាសាប្រឡង គួរថ្លឹងថ្លែងពីប្រវត្តិសាស្ត្រ និងនយោបាយ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន
× ភ្នំពេញ៖ វិញ្ញាសាប្រឡងលើមុខវិជ្ជាមួយចំនួន នៅឆ្នាំ២០១៩នេះ ត្រូវបានសាធារណជនរិះគន់ថា ក្រសួងចេញសំនួរបែបនយោបាយច្រើនជាងមេរៀនប្រវត្តិសាស្ត្រ។ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បដិសេធការរិះគន់នេះ។ សម្រាប់លោក ហង់ ជួន ណារ៉ុន សំនួរដែលចេញប្រឡងនេះ គឺផ្ដោតលើប្រវត្តិសាស្ត្រ ហើយគ្មាននិន្នាការនយោបាយអ្វីឡើយ។
លោក ហង់ ជួន ណារ៉ុន បាននិយាយថា ក្រសួងតែងតែគោរពតាមគោលការណ៍អប់រំ ដោយមិនបញ្ជ្រៀបរឿងនយោបាយដល់សិស្សនោះទេ។ ត្រង់ចំណុចនេះ លោក ហង់ ជួន ណារ៉ុន បានលើកជាឧទាហរណ៍ថា តើសំណួរទាក់ទងនឹងថ្ងៃរំដោះប្រទេស ៧ មករា ឆ្នាំ១៩៧៩ គឺជារឿងរ៉ាវប្រវត្តិសាស្ត្រ ឬជារឿងនយោបាយ? សម្រាប់លោក ហង់ ជួន ណារ៉ុន សំណួរបែបនេះ គឺជារឿងប្រវត្តិសាស្ត្រ ដោយមិនពាក់ព័ន្ធនយោបាយទេ ព្រោះព្រឹត្តិការណ៍ទាំងនោះ បានកើតឡើងកាលពីអតីតកាល ៤០ឆ្នាំមុន ដែលត្រូវឱ្យសិស្សចងចាំពីប្រវត្តិសាស្ត្រខ្មែរ។ ដូច្នេះ លោករដ្ឋមន្ត្រីអប់រំ ស្នើឱ្យសាធារណជន ថ្លឹងថ្លែងពីប្រវត្តិសាស្ត្រ និងនយោបាយ មុននឹងរិះគន់លើវិញ្ញាសាប្រឡង ឬបញ្ហាអ្វីមួយ។
ជាបន្តសូមលោកអ្នកនាង ស្ដាប់ការបកស្រាយរបស់លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលផ្ដល់កិច្ចសម្ភាសផ្ដាច់មុខដល់សារព័ត៌មានថ្មីៗ ដូចតទៅ៖
បើតាមលោក ហង់ ជួន ណារ៉ុន រាល់ការចេញវិញ្ញាសាប្រឡងម្ដងៗ គឺក្រសួង រៀបចំសំណួរដោយផ្អែកទៅលើការចងចាំ, សំនួរបែបវិភាគ និងការវិវត្តនៅក្នុងសង្គម និងសកលលោក ។ ក្នុងន័យនេះលោក ហង់ ជួន ណារ៉ុន បានពន្យល់ថា សំណួរបែបចង់ចាំ គឺផ្ដោតទៅលើសកម្មភាព និងពេលវេលា ដែលបានចារទុកក្នុងប្រវត្តិសាស្ត្រនៃមេរៀន។ រីឯសំណួរបែបពិចារណាវិញ គឺឱ្យបេក្ខជនចេះរកមូលហេតុ ដែលនាំឱ្យមានព្រឹត្តិការណ៍អ្វីមួយកើតឡើង នៅក្នុងសង្គមជាដើម៕
Tag:
ហង់ ជួន ណារ៉ុន
បាក់ឌុប ២០១៩
អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com