អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ទីបំផុត មេដឹកនាំ​ហុងកុង នឹង​ប្រកាស​ដក​សេចក្តីព្រាងច្បាប់​បត្យាប័ន​ជា​ផ្លូវការ
04, Sep 2019 , 1:37 pm        
រូបភាព
មេដឹកនាំ​ហុងកុង លោកស្រី ការី ឡាំ (Carrie Lam) គ្រោង​ដក​សេចក្តីព្រាងច្បាប់​បត្យាប័ន​ជា​ផ្លូវការ។ រូបថត AFP
មេដឹកនាំ​ហុងកុង លោកស្រី ការី ឡាំ (Carrie Lam) គ្រោង​ដក​សេចក្តីព្រាងច្បាប់​បត្យាប័ន​ជា​ផ្លូវការ។ រូបថត AFP
ដោយ:
មេដឹកនាំ​ហុងកុង លោកស្រី ការី ឡាំ (Carrie Lam) គ្រោង​ដក​សេចក្តីព្រាងច្បាប់​បត្យាប័ន​ជា​ផ្លូវការ នៅ​រសៀល​ថ្ងៃ​ពុធ​ទី​៤ កញ្ញា នេះ ក្រោយពី​វាជាដើម​ចម​នៃ​ការផ្ទុះ​បាតុកម្ម ដែល​អូស​បន្លាយពេល ៣​ខែ​មកនេះ ។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត South China Morning Post ។​



អត្ថបទទាក់ទង


​ការសម្រេចចិត្ត​នេះ នឹង​មានន័យថា រដ្ឋាភិបាល​ហុងកុង យល់ព្រម​តាម​ការទាមទារ​មួយ​ក្នុងចំណោម​ប្រាំ​របស់​ក្រុមបាតុករ​ហុងកុង ដែល​បានធ្វើ​សកម្មភាព​តវ៉ា​អស់​ពេល ១៣​សប្តាហ៍​មកហើយ​។​

​កាលពី​ពាក់កណ្តាល​ខែមិថុនា​កន្ល​ង​ទៅ លោកស្រី ការី ឡាំ បាន​ផ្អាក​សេចក្តីព្រាងច្បាប់​បត្យាប័ន ដែល​នឹង​បើកផ្លូវ​ឲ្យ​ធ្វើ​បត្យាប័ន​ឧក្រិដ្ឋជន​ពី​ហុងកុង ទៅ​ចិនដីគោក​បាន​។

ប្រភព​រដ្ឋាភិបាល ដែល​បាន​ប្រាប់​ទៅកាន់​កាសែត​ហុងកុង South China Morning Post បាន​បញ្ជាក់ថា លោកស្រី ឡាំ នឹង​ជួប​ជាមួយសមាជិកសភាហុងកុង​​ នៅ​រសៀល​ថ្ងៃទី ៤ កញ្ញា នៅ​គេហដ្ឋាន​ផ្លូវការ​លោកស្រី ក្នុង​វិមាន​រដ្ឋាភិបាល​ហុងកុង​។

ក្រុម​អ្នកតាក់តែង​ច្បាប់​ហុងកុង​ទាំង​៤៣​នាក់ ត្រូវបាន​អញ្ជើញ​ទៅ​ជួប​លោកស្រី ការី ឡាំ នៅ​ម៉ោង ៤ រសៀល ថ្ងៃ​ពុធ​នេះ​។ លើសពីនេះ បុគ្គល​សំខាន់ៗ​មួយចំនួនទៀត​របស់​រដ្ឋាភិបាល​ចិន ក៏ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​រសៀល​នេះ​ផងដែរ​។ ប្រភព​ដដែល បញ្ជាក់​បែបនេះ​។

​ទាក់ទិន​នឹង​ការប្រកាស​ជំហរ​បែបនេះ ប្រភព​រដ្ឋាភិបាល​មួយទៀត តាមរយៈ​កាសែត​ហុងកុង​ដដែល បកស្រាយ​ថា ការដកហូត​សេចក្តីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ទាំងស្រុង​បែបនេះ គឺជា​វិធីសាស្ត្រ​ដ៏​ងាយស្រួល​បំផុត​ដើម្បី​បន្ថយ​ភាព​តានតឹង​ដែល​កំពុង​បន្ត​ក្នុង​ទីក្រុង​នេះ​។ 
 
«​ប្រធាន​ប្រតិបត្តិ​ហុងកុង បានចាប់ផ្តើម​ផ្លាស់ប្តូរ​គំនិត​លោកស្រី ក្រោយពី​ជួបប្រជុំ​ជាមួយនឹង​មេដឹកនាំ​ទីក្រុង​ចំនួន ១៩​នាក់ កាលពី​២​សប្តាហ៍​មុន​។ លោកស្រី ចាប់អារម្មណ៍​នឹង​ការយល់ឃើញ​របស់​ពួកគេ​ជុំវិញ​មធ្យោបាយ​កាត់បន្ថយ​ភាព​តានតឹង​»៕ ប្រភព បញ្ជាក់​បែបនេះ​។ 
 
​គួររំលឹកថា កាលពី​ថ្ងៃទី ២៤ សីហា មេដឹកនាំ និង​អ្នកនយោបាយ​ជាន់ខ្ពស់​នៃ​ទីក្រុង ហុងកុង ចំនួន ១៩​នាក់ បាន​ជួបជុំគ្នា​នៅឯ​ផ្ទះ​លោកស្រី ការី ឡាំ ដើម្បី​គិតគូរ​រក​ដំណោះស្រាយ​វិបត្តិ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ដ៏​កក្រើក​នេះ​៕​

Tag:
 ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com