ទណ្ឌកម្ម​អាមេរិក​បង្ខំ Huawei ចេញ​ទូរ​សព្ទ​ថ្មី​ដោយ​គ្មាន​កម្មវិធី​របស់ Google
អន្តរជាតិ
​បច្ចេកវិទ្យា
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ទណ្ឌកម្ម​អាមេរិក​បង្ខំ Huawei ចេញ​ទូរ​សព្ទ​ថ្មី​ដោយ​គ្មាន​កម្មវិធី​របស់ Google
21, Sep 2019 , 8:41 am        
រូបភាព
ក្រុមហ៊ុន​ចិន Huawei នឹង​ដឹង​ពី​សារសំខាន់​នៃ​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន Google ចំពោះ​អាជីវកម្ម​ទូរ​សព្ទ​សកល​របស់ខ្លួន ក្នុងពេល​ឆាប់ៗ​ខាងមុខ ក្រោយពី​ក្រុមហ៊ុន​នេះ​បានសម្រេច​បញ្ចេញ​សេ​រ៊ី​ទូរ​សព្ទ 5G ថ្មី នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ កញ្ញា ដោយ​គ្មាន​កម្មវិធី​សំខាន់ៗ​មួយចំនួន​របស់ Google នៅជាប់​ម៉ាស៊ីន​ស្រាប់​។ 



​ដាក់​បង្ហាញ​ក្នុង​ទីក្រុង Munich នៃ​ប្រទេស​អាល្លឺម៉ង់ សេ​រ៊ី​ទូរ​សព្ទ Mate 30 របស់ Huawei ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android EMUI10 (open source) ក៏ប៉ុន្តែ​ពុំមែន​ជា Version របស់ Google ។ ទូរ​សព្ទ​បំពាក់​ដោយ​បច្ចេកវិទ្យា 5G នេះ គ្មាន​កម្មវិធី​របស់ Google ដូចជា Gmail ,YouTube, Chrome , Play Store និង​សេវាកម្ម​សំខាន់ៗ​ទៀត ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Google ។​

«​ឆ្នាំ [២០១៩] នេះ គឺ​ឆ្នាំ​ដ៏​លំបាក​មួយ​សម្រាប់​ក្រុមហ៊ុន Huawei»​។ លោក Richard Yu ប្រធាន​ផ្នែក​អាជីវកម្ម​អតិថិជន​របស់ Huawei និយាយ​បែបនេះ អំឡុង​ព្រឹត្តិការណ៍​ដាក់​បង្ហាញ​ទូរ​សព្ទ​ថ្មី​នេះ​។ បន្ថែម​ពីនេះ លោក កត់សម្គាល់ថា ដោយសារ​បម្រាម​ពី​សំណាក់​រដ្ឋាភិបាល​អាមេរិក ទូរ​សព្ទ​ថ្មី​នេះ​ពុំមាន​កម្មវិធី និង​សេវាកម្ម​ទូរ​សព្ទ​ដែល​ផ្តល់​ដោយ Google ឬ​ហៅថា GMS (Google Mobile Services) នៅជាប់​ម៉ាស៊ីន​ស្រាប់​។ ម្ល៉េះ​ហើយ ក្រុមហ៊ុន Huawei ត្រូវ​បង្ខំចិត្ត​ប្រើ​កម្មវិធី និង​សេវាកម្ម​ផ្ទាល់ខ្លួន ឬ​ហៅថា HMS (Huawei Mobile Services)​។


​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន CNN អ្នកជំនាញ ព្រមាន​ថា វា​នឹងមិន​ស្រួល​ឡើយ​ក្នុងការ​បញ្ចុះបញ្ចូល​អ្នក​ប្រើប្រាស់​ឲ្យ​ទិញ​ទូរ​សព្ទ​តម្លៃ​ខ្ទង់​ដល់​ពាន់​ដុល្លារ ដោយ​គ្មាន​សេវាកម្ម​របស់ Google ។ ហើយ​ទោះបីជា​វា​មាន​ជម្រើស​ផ្សេងទៀត​ដើម្បី​ដំឡើង​កម្មវិធី​ក្តី ក៏ប៉ុន្តែ អ្នកប្រើប្រាស់​អាច​រង​ការគំរាមកំហែង​ពី​បញ្ហា​វីរុស​ផ្សេងៗ​គ្រប់ពេល ពី​វេ​ប​សាយ​ឬ Store ក្រៅផ្លូវការ​ទាំងនោះ​។ 

​បុរស​ម្នាក់​ដែលមាន​ឈ្មោះ​លើ​បណ្តាញ​សង្គម Twitter ថា Alex Barredo ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ដាក់​បង្ហាញ​ទូរ​សព្ទ Huawei ថ្មី បាន​បង្ហោះ​វីដេអូ​ចំនួន ២​។ វីដេអូ​ទីមួយ​គឺ​បង្ហាញ​ពី កម្មវិធី Google Play ពុំ​ដំណើរការ​លើ ទូរ​សព្ទ Mate 10 និង​មួយទៀត​គឺ​កម្មវិធី YouTube មិន​ដំណើរការ​ដូចគ្នា​លើ​ទូរ​សព្ទ​ចិន​ស៊េរី​ថ្មី​នេះ​។
ទូរសព្ទស៊េរី Mate 30 នឹងមានលក់ក្នុងទីផ្សារប្រទេសចិន ចាប់ពីថ្ងៃទី ២៦ កញ្ញា តទៅ មុននឹងដាក់លក់ទីផ្សារដទៃក្នុងតំបន់អាស៊ី នាខែតុលា ។ ក្រុមហ៊ុនចិននេះ អះអាងថា ទូរសព្ទនេះ នឹងដាក់លក់ក្នុងទីផ្សារតំបន់អឺរ៉ុប ប៉ុន្តែពុំទាន់បញ្ជាក់ពេលវេលាជាក់លាក់នៅឡើយទេ។ និយាយពីតម្លៃវិញ ទូរសព្ទនេះ ដាក់លក់ចាប់ពីតម្លៃជាង ៨០០ ដុល្លារ ដល់ ២៣០០ដុល្លារ។

អត្ថបទទាក់ទង


សូមបញ្ជាក់ថា កាលពីដើមឆ្នាំ២០១៩នេះ ស្ថាបនិក និង CEO ក្រុមហ៊ុន Huawei លោក Ren Zhengfei បានបញ្ជាក់ឲ្យដឹងថា ការលក់ទូរសព្ទនៅទូទាំងសកលោករបស់ក្រុមហ៊ុនលោក បានធ្លាក់ចុះប្រមាណ ៤០ភាគរយ ក្នុងចន្លោះថ្ងៃ១៧ ឧសភា និង១៦ មិថុនា ពោលគឺក្រោយពីទណ្ឌកម្មអាមេរិកបានចូលជាធរមាន៕


Tag:
 ចិន​
  Huawei
  Google
  បច្ចេកវិទ្យា​
  ទូរ​សព្ទ​
© រក្សាសិទ្ធិដោយ thmeythmey.com