FIFA
កីឡាជាតិ
ជាតិ
​លោក Wilmots ថា អ៊ីរ៉ង់​នឹង​លេង​ប្រយុទ្ធ លោក Felix ថា កម្ពុជា​លេង​ដោយ​មិន​ភ័យខ្លាច​
10, Oct 2019 , 6:27 pm        
រូបភាព
លោក Keisuke Honda លោក Felix Dalmas និង​ លោក Marc Wilmot (ស្តាំ) ដើរចូលទីលាននាការ​ប្រកួត​រៀងៗ​ខ្លួន​កន្លងមក។ រូបថត AFP
លោក Keisuke Honda លោក Felix Dalmas និង​ លោក Marc Wilmot (ស្តាំ) ដើរចូលទីលាននាការ​ប្រកួត​រៀងៗ​ខ្លួន​កន្លងមក។ រូបថត AFP
ដោយ:
​កម្ពុជា​ត្រូវ​តទល់​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ង់​សម្រាប់​ការប្រកួត​លើក​ទី​៣​នៃ​វគ្គ​ជម្រុះ World Cup ជុំ​ទី​ពីរ​នៅក្នុង​ពូ​ល C នា​វេលា​ម៉ោង​៨ និង​៣០​នាទី​ល្ងាច​នេះ [​ម៉ោង​នៅ​កម្ពុជា​]​។ លោក Marc Wilmots សញ្ជាតិ​បែលហ្ស៊ិក ដែលជា​គ្រូបង្វឹក​ដ៏​មានបទពិសោធន៍ អះអាងថា អ៊ីរ៉ង់​ក្រោម​ការដឹកនាំ​របស់លោក ត្រូវការ​ជ័យជម្នះ​ជា​ចាំបាច់​នា​ជំនួប​បើកឆាក​នៅ​ទឹកដី​ខ្លួនឯង តាមរយៈ​ការលេង​បែប​វាយ​សម្រុក​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ដូចគ្នា គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន លោក Felix Dalmas បាន​ធានាថា ក្រុម​កម្ពុជា​នឹងមិន​លេង​បែប​ភ័យខ្លាច​ក្នុងជំនួប​តទល់​ជាមួយ​ក្រុម​លេខ​១​អាស៊ី​នេះឡើយ​។​



អត្ថបទទាក់ទង
 
«​គោលដៅ​របស់​យើង​គឺ​ឈ្នះ​ការប្រកួត​លើកដំបូង​ក្នុង​ទឹកដី​។ ជ័យជម្នះ​ពិតជា​សំខាន់​ណាស់​សម្រាប់​ពួកយើង ដូច្នេះ​យើង​នឹង​លេង​បែប​ប្រយុទ្ធ​ជាមួយ​ក្រុម​កម្ពុជា​»​។ នេះ​ជាការ​លើកឡើង​របស់លោក Marc Wilmots ដែលមាន​បទពិសោធន៍​ធ្លាប់​ដឹកនាំ​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក និង​កូត​ឌី​វ័រ​។ នា​ជ័យជម្នះ ២-០ នៅ​ទឹកដី​ហុងកុង លោក Wilmots បញ្ជាក់ថា ក្រុម​របស់លោក​ព្យាយាម​គ្រប់គ្រង​បាល់ និង​បង្កើត​ឱកាស​ស៊ុត​បញ្ចូល​ទី​។​
 


​សារព័ត៌មាន Tehran Times ក៏បាន​ដកស្រង់​សម្តី​លោក Felix Dalmas ផងដែរ​ទាក់ទង​នឹង​ជំនួប​នេះ​។ គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន បាន​និយាយ​ឡើងវិញ​ថា នេះ​ជា​ឱកាស​ដ៏​ល្អ​របស់​កម្ពុជា​ក្នុងការ​ប្រកួត​តទល់​ជាមួយ​ក្រុម​ខ្លាំងជាងគេ​នៅ​តំបន់​អាស៊ី​។ លោក​បាន​លើកឡើងថា​៖ «​ខ្ញុំ​សង្ឃឹមថា យើង​នឹង​បោះជំហាន​ទៅមុខទៀត​ជាមួយនឹង​គម្រោង​អភិវឌ្ឍ​បាល់​នៅ​កម្ពុជា​របស់​យើង​»​។ 
 
​លោក Felix ទទួលស្គាល់​ពី​គម្លាត​ដ៏​ឆ្ងាយ​របស់​ក្រុម​ទាំងពីរ ប៉ុន្តែ​កម្ពុជា នឹង​ប្រឹងប្រែង​ដោយ​មិន​ខ្លាច​។ គ្រូ​អា​ហ្ស​ង់​ទីន​រូបនេះ បាន​ពន្យល់ថា​៖ «​ខ្ញុំ និង​លោក Keisuke Honda មាន​គតិ​ដូចគ្នា​នៅក្នុង​ក្រុម ហើយគ្នា​ដើម្បី​សម្រេច​ឲ្យ​បាន​គោលដៅ​។ លោក Honda ជា​គ្រូ​អាជីព​ម្នាក់ ហើយ​ដើរតួនាទី​យ៉ាងខ្លាំង​ក្នុងការ​អភិវឌ្ឍ​ក្រុម​។ យើង​មាន​បុគ្គលិកលក្ខណៈ​ផ្សេងទៀត​គ្នា ប៉ុន្តែ​យើង​ធ្វើការ​សម្រាប់​គោលដៅ​ដូចគ្នា​»​។​
 


​បើតាម​ប្រវត្តិ​ក្រុម​ជម្រើសជាតិ​កម្ពុជា​មិន​ធ្លាប់​ជួប​អ៊ីរ៉ង់​ក្នុង​វគ្គ​ជម្រុះ World Cup កាលពីពេល​កន្លងមក​នោះទេ​។ ប៉ុន្តែ​ពួកគេ​ធ្លាប់​ជួបគ្នា​ពីរលើក​រួចមកហើយ​នៅក្នុង​ព្រឹត្តិការណ៍ AFC Asian Cup កាលពី​ឆ្នាំ​១៩៧២ ដោយ​កម្ពុជា​បរាជ័យ​ទាំងពីរ​ប្រកួត​។ ក្នុងនោះ​កម្ពុជា​បាន​ចាញ់​អ៊ីរ៉ង់​ក្នុង​លទ្ធផល ២-០ ក្នុង​វគ្គ​ជម្រុះ និង​ចាញ់ ២-១ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​នេះ​។ 
 
​នេះ​ជា​ឱកាស​សម្រាប់​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែលមាន​លោក Keisuke Honda ជា​អ្នកចាត់ការ​ទូទៅ និង​លោក Felix Dalmas ជា​គ្រូបង្វឹក​ក្នុងការ​សាង​កំណត់ត្រា​ថ្មី​សម្រាប់​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​។ តែ​យ៉ាងណា វា​មិនមែនជា​រឿង​ងាយស្រួល​នោះឡើយ​សម្រាប់​ថ្នាក់ដឹកនាំ​ទាំងពីរ ដ្បិត​អ៊ីរ៉ង់​ជា​ក្រុម​លំដាប់​ទី​១​ក្នុង​តំបន់​អាស៊ី​។ បើ​មើ​លពី​ចំណាត់ថ្នាក់​ពិភពលោក អ៊ីរ៉ង់​ស្ថិតនៅ​រៀង​ទី​២៣ ខណៈ​កម្ពុជា​ឈរ​នៅ​ចំណាត់ថ្នាក់​១៦៩​។    
 


«​អ៊ីរ៉ង់​មិនមែន​ត្រឹម​តែមាន​កីឡាករ​ល្អ​លេង​នៅ Champion League នោះទេ គឺ​គេ​មាន​កីឡាករ​ល្អៗ​ជាច្រើន​។ ប៉ុន្តែ​ពួកយើង​មាន​អារម្មណ៍​រំភើប​សប្បាយរីករាយ ដែល​បាន​ប្រកួត​ជាមួយ​ក្រុម​ដ៏​អស្ចារ្យ​មួយ​នេះ​។ ខ្ញុំ​គិតថា ក្រុម​យើង​នឹង​អាចធ្វើ​ឲ្យ​ការប្រកួត​មួយ​នេះ ក្លាយជា​ការប្រកួត​ដ៏​អស្ចារ្យ គឺ​ដោយ​ផ្អែកលើ​ការរៀបចំ ទស្សនទាន​បាល់ទាត់ និង​សមត្ថភាព​កីឡាករ​របស់​យើង​»​។ នេះ​ជាការ​លើកឡើង​របស់លោក Felix Dalmas​។​
 
​ការជួបគ្នា​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា​ជាមួយ​អ៊ីរ៉ង់ ជា​ជំនួប​ប្រវត្តិសាស្ត្រ​សម្រាប់​សហព័ន្ធ​កីឡាបាល់ទាត់​អ៊ីរ៉ង់ ដ្បិត​ពួកគេ​បើក​ឲ្យ​ស្ត្រី​ចូលរួម​ទស្សនា​ការប្រកួត​បាល់ទាត់​របស់​ក្រុម​បុរស​ឡើងវិញ ក្រោយ​ហាម​អស់​រយៈពេល​ជិត​៤០​ឆ្នាំ​។ ការអនុញ្ញាត​នេះ ធ្វើឡើង​ក្រោយ​មាន​សម្ពាធ​ពី​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ​(FIFA) បន្ទាប់ពី​មាន​ករណី​ស្ត្រី​អ៊ីរ៉ង់​ម្នាក់​គឺ​នាង Sahar Khodayari  បាន​ដុត​សម្លាប់ខ្លួន​មុខ​តុលាការ ដើម្បី​ប្រឆាំងនឹង​ការ​រឹតត្បិត​នេះ​។ 
 
​នាង Sahar Khodayari ជា​អ្នកគាំទ្រ​ម្នាក់ ដែល​បាន​ជាប់ទោស​ក្នុង​ការហាម​ប្រាណ​នេះ​ពី​សហព័ន្ធ​កីឡាបាល់ទាត់​អ៊ីរ៉ង់ បន្ទាប់ពី​នាង​បន្លំ​ខ្លួន​ធ្វើជា​បុរស ដើម្បី​ចូលរួម​ទស្សនា​ការប្រកួត​បាល់ទាត់​របស់​ក្រុម​បុរស កាលពីពេល​កន្លងទៅ​។ សេចក្តីសម្រេច​របស់​ស​ហ​ព័ន្ធ​កីឡាបាល់ទាត់​អ៊ីរ៉ង់​កាលពី​ឆ្នាំ​១៩៨១ ដោយ​ហាម​ស្ត្រី​មិន​ឲ្យ​ចូលរួម​ទស្សនាការ​ប្រកួត​របស់​ក្រុមបាល់ទាត់​បុរស ក្រោយ​មាន​បដិវត្ត​អ៊ីស្លាម​។​
 
​ទោះបី​សហព័ន្ធ​បាល់ទាត់​របស់​ប្រទេស​ស​ប្បូរ​ប្រេង​មួយ​នេះ​អនុញ្ញាត​ឲ្យ​ស្ត្រី​មាន​សិទ្ធិ​ចូល​ទស្សនាការ​ប្រកួត​បា​ល់​ទាត់​របស់​ក្រុម​បុរស​វិញ​ក៏ដោយ តែ​ពួកគេ​បានកំណត់​លក់​សំបុត្រ​ឲ្យ​អ្នកគាំទ្រ​ជា​ស្ត្រី​ត្រឹមតែ​៤៦០០​សន្លឹក​តែប៉ុណ្ណោះ ខណៈ​កីឡដ្ឋាន​ដែល​រៀបចំ​ជំនួប​ជា​ប្រវត្តិសាស្ត្រ​នេះ​អាច​ផ្ទុក​អ្នកទស្សនា​បាន​រហូត​៩​ម៉ឺន​នាក់​។   
 
​កត្តា​ខាងលើ អាចជា​ហេតុផល​ធ្វើ​ឲ្យ​ការប្រកួត​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​អ៊ីរ៉ង់ ដែលមាន​អាជ្ញាកណ្តាល​ជា​ជនជាតិ​ឥណ្ឌា គឺ​លោក Banerjee Pranjal ជា​អ្នក​កាត់សេចក្តី​មួយ​នេះ ក្លាយជា​ជំនួប​ដ៏​ចាប់អារម្មណ៍​ក្នុង​ក្រសែភ្នែក​អ្នកទស្សនា​ជុំវិញ​ពិភពលោក​។ ដូច្នេះ​ជា​ឱកាសល្អ​សម្រាប់​កម្ពុជា​ក្នុងការ​បង្ហាញ​ពី​ភាព​រីកចម្រើន​ផ្នែក​វិស័យ​កីឡាបាល់ទាត់​ទៅកាន់​ពិភពលោក​។ 
 
​បើ​យោងតាម​ការប្រកាស​រប​ស់​សហព័ន្ធ​កីឡាបាល់ទាត់​អ៊ីរ៉ង់​កាលពី​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៨ មាន​អ្នកសារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​មកពី​២១​ប្រទេស បាន​ចុះឈ្មោះ​ដើម្បី​ថតរូប និង​យក​ព័ត៌មាន​ក្នុងជំនួប​ដ៏​ជក់ចិត្ត នា​វេលា​ម៉ោង​៨:៣០​នាទី​យប់​(​ម៉ោង​នៅ​កម្ពុជា​) នា​កីឡដ្ឋាន Azadi ក្នុង​ទីក្រុង​តេ​ហេ​រ៉ង់​នៃ​ប្រទេស​អ៊ីរ៉ង់​មួយ​នេះ​៕  
 
 
 
 
 
  
 
 

© រក្សាសិទ្ធិដោយ thmeythmey.com