អន្តរជាតិ
មេដឹកនាំ​តួ​ក​គី បដិសេធ​ការស្នើ​បង្កើត​បទ​ឈប់​បាញ់​ក្នុង​តំបន់​ភាគ​ខាងជើង​ស៊ី​រី​
16, Oct 2019 , 9:59 pm        
រូបភាព
ប្រធានាធិបតីតួកគី លោក រៃស៊ីប តៃយីប អ៊ែដូហ្កាន់ (Recep Tayyip Erdogan) [ប្រភពរូប៖ AFP]
ប្រធានាធិបតីតួកគី លោក រៃស៊ីប តៃយីប អ៊ែដូហ្កាន់ (Recep Tayyip Erdogan) [ប្រភពរូប៖ AFP]
ដោយ:
​ប្រធានាធិបតី​តួ​ក​គី លោក រ៉េ​ស៊ី​ប តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់ (Recep Tayyip Erdogan) បាន​ទាត់ចោល​ការស្នើសុំ​របស់​សហរដ្ឋអាមេរិក​ឲ្យ​បង្កើត​បទ​ឈប់​បាញ់​ភ្លាមៗ ក្នុង​តំបន់​ភាគ​ខាងជើង​ស៊ី​រី ។ មេដឹកនាំ​រូបនេះ អះអាងថា ប្រតិបត្តិការ​យោធា​របស់​ក្រុង​អង់កា​រ៉ា នឹង​នៅតែ​បន្ត​ក្នុង​គោលដៅ​បង្កើត «​តំបន់​សុវត្ថិភាព​» ទោះ​រង​ទណ្ឌកម្ម​ក៏ដោយ​ក្តី​។​



​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​អង្គារ ទី​១៥ ខែតុលា លោក តៃ​យី​ប អ៊ែ​ដូ​ហ្កា​ន់ និយាយថា​៖«​ពួកគេ [​សហរដ្ឋអាមេរិក​] ប្រាប់​ឲ្យ​យើង​ប្រកា​សបទ​ឈប់​បាញ់​។ យើង នឹងមិន​ប្រកា​សបទ​ឈប់​បាញ់​ជាដាច់ខាត​»​។ លោក​ប្រធានាធិបតី បន្តថា​៖«​ពួកគេ​កំពុង​ដាក់​សម្ពាធ​លើ​យើង​បញ្ឈប់​ប្រតិបត្តិការ​យោធា​។ ពួកគេ​ប្រកាស​ទណ្ឌកម្ម​។ គោលដៅ​យើង គឺ​ច្បាស់លាស់​។ យើង មិន​ព្រួយបារម្ភ​ពី​ទណ្ឌកម្ម​ណាមួយ​ឡើយ​»​។

​ការលើកឡើង​របស់លោក អ៊ែ​ដូ​ហ្កា​ន់ ធ្វើឡើង​ខណៈ​អនុ​ប្រធានាធិបតី​អាមេរិក លោក ម៉ៃ ផេ​ន និង​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ រៀបចំ​ធ្វើដំណើរ​ទៅកាន់​តួ​ក​គី​ដើម្បី​ព្យាយាម​សម្របសម្រួល​បង្កើត​បទ​ឈប់​បាញ់​មួយ​។ តាម​ការគ្រោងទុក មេដឹកនាំ​តួ​ក​គី នឹង​ជួបពិភាក្សា​ជាមួយ​លោក ផេ​ន និង​លោក ប៉ុ​ម​ប៉េ​អូ ក្នុង​រដ្ឋធានី អង់កា​រ៉ា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែតុលា​។​

​មុន​ដំណើរ​ទស្សនកិច្ច​ទៅកាន់​តួ​ក​គី លោក​អនុ​ប្រធានាធិបតី ផេ​ន កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ បាន​ព្រមាន​ចំៗ​ថា ទណ្ឌកម្ម​អាមេរិក​ប្រឆាំង​តួ​ក​គី នឹង​កាន់តែ​អាក្រក់​ខ្លាំង ប្រសិនបើ​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា មិន​យល់ព្រម​បង្កើត​បទ​ឈប់​បាញ់​ភ្លាមៗ និង​ចរចា​ស្វែងរក​ដំណោះស្រាយ​រយៈពេល​វែង​ក្នុង​សំណុំរឿង​ព្រំដែន​នេះ​ទេនោះ​។ ចំណែក រុស្ស៊ី នៅ​ថ្ងៃ​អង្គារ ក៏បាន​ព្រមាន​ដែរ​ថា ខ្លួន​នឹងមិន​អនុញ្ញាត​ឲ្យ​មានការ​ប៉ះទង្គិច​កើតឡើង​រវាង​កងកម្លាំង​តួ​ក​គី​និង​ស៊ី​រី​នោះឡើយ​។​

អត្ថបទទាក់ទង

សម្រាប់​ប្រតិបត្តិការ​យោធា​ប្រឆាំង​កង​សកម្មប្រយុទ្ធ​ឃើ​ដ (SDF) ដែល​ត្រូវបាន​ចាត់ទុកជា​ពួក​ភេរ​វករ តួ​ក​គី អះអាងថា ខ្លួន​មាន​គោលដៅ​វាយ​បណ្តេញ​កងកម្លាំង​ឃើ​ដ​ឲ្យ​ដក​ចេញពី​តំបន់​ព្រំដែន​ភាគ​ខាងជើង​នៃ​ប្រទេស​ស៊ី​រី​។ ការវាយលុក​នេះដែរ ក្រុង​អង់កា​រ៉ា មានបំណង​បង្កើត​តំបន់​សុវត្ថិភាព​មួយ ដែល​លាតសន្ធឹង​ប្រវែង​៣០​គីឡូម៉ែត្រ​ចូលក្នុង​ទឹកដី​ស៊ី​រី ដើម្បី​បង្កើត​ទីតាំង​ថ្មី​សម្រាប់​ជនភៀសខ្លួន​ស៊ី​រី​ប្រមាណ​២​លាន​នាក់ ដែល​បច្ចុប្បន្ន​រស់នៅក្នុង​ប្រទេស​តួ​ក​គី​។

​ទោះជា​បែបនេះ កងកម្លាំង​ស៊ី​រី​របស់​រដ្ឋាភិបាល​លោក បា​សា អាល់ អាសាដ ដែល​គាំទ្រ​ដោយ​រុស្ស៊ី កំពុង​សម្រុក​ចូលកាន់​ភាគ​ខាងជើង​នៃ​ប្រទេស​នេះ ក្រោយ​បង្កើត​កិច្ចព្រមព្រៀង​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​ឃើ​ដ​។ គោលដៅ គឺ​ព្យាយាម​វាយ​ទប់ទល់​កម្លាំងយោធា​តួ​ក​គី នៅ​ទីនោះ​។ យោងតាម​ព័ត៌មាន​ចុងក្រោយ កងកម្លាំង​របស់​រដ្ឋា​ភិ​បាល​ស៊ី​រី នៅ​ថ្ងៃ​អង្គារ បាន​ចូល​ទៅដល់​ក្រុង​យុទ្ធសាស្ត្រ Manbij ជាទី​ដែល​តួ​ក​គី​ចង់​បង្កើត​តំបន់​សុវត្ថិភាព ខណៈដែល​យោធា​តួ​ក​គី និង​សកម្មប្រយុទ្ធ​ប្រឆាំង​រដ្ឋា​ភិ​បាល​ស៊ី​រី ក៏​កំពុង​ប្រមូលផ្តុំ​គ្នា​នៅក្បែរ​ក្រុង​នេះ​។​

​សូ​បញ្ជាក់ថា ២​ឆ្នាំ​ចុងក្រោយ អាមេរិក​បានដាក់​ពង្រាយ​កងទ័ព​រាប់រយ​នាក់ ប្រកៀក​ស្មា​គ្នា​ជាមួយ​សកម្មប្រយុទ្ធ​ឃើ​ដ វាយ​បង្ក្រាប​ក្រុម​រដ្ឋ​ឥស្លាម (ISIS) ក្នុង​ស៊ី​រី​។ បន្ទាប់ពី​ក្រុង​វ៉ាស៊ីនតោន​ប្រកាស​ដកទ័ព​ចេញពី​ភាគ​ខាងជើង​ស៊ី​រី ពួក​ឃើ​ដ​ចាត់ទុក​សកម្មភាព​នេះ​ថា​ជា ការចាក់​កាំបិត​ពីក្រោយ​ខ្នង​។ រដ្ឋបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ហ៊ុមព័ទ្ធ​ដោយ​ការ​រិះគន់ថា ផ្តល់​ភ្លើង​បៃតង សម្រាប់​ប្រតិបត្តិការ​យោធា​របស់​តួ​ក​គី​ក្នុង​ទឹកដី​ស៊ី​រី​នេះ​។ យ៉ាងណាមិញ សហរដ្ឋអាមេរិក បាន​ច្រានចោល​រឿងនេះ ហើយ​នៅ​ថ្ងៃ​ចន្ទ ក្រុង​វ៉ាស៊ីនតោន បានប្រកាស​ដាក់ទណ្ឌកម្ម​លើ​មន្ត្រីជាន់ខ្ពស់ និង​ក្រសួង​មួយចំនួន​របស់​តួ​ក​គី​៕

Tag:
 តួ​ក​គី​
  ស៊ី​រី​
  Erdogan
© រក្សាសិទ្ធិដោយ thmeythmey.com