ជាតិ
សង្គមជាតិ
«​អំបុក​ខ្មែរ ថែ​ជាតិ សាសនា និង​ព្រះមហាក្សត្រ​» ជា​ពាក្យស្លោក​ក្នុង​ទិវា​ហូប​អំបុក ៩ វិច្ឆិកា
23, Oct 2019 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានកំណត់​យក​ថ្ងៃទី​៩ ខែវិច្ឆិកា ដែលជា​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ  និង​ថ្ងៃ​ខួបកំណើត​កងទ័ព​ផង ដើម្បី​ប្រារព្វ​ទិវា​ហូប​អំបុក​រួមគ្នា ក្រោម​ពាក្យស្លោក​ថា​«​អំបុក​ខ្មែរ ថែ​ជាតិ សាសនា និង​ព្រះមហាក្សត្រ​»​។ ពាក្យស្លោក​នេះ ត្រូវបាន​សម្តេច​លើកឡើង​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​និស្សិត​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​នៅ​ថ្ងៃទី​២២ ខែតុលា​។



​បើតាម​សម្តេច ហ៊ុន សែន ការប្រកាស​យក​ថ្ងៃ​៩​វិច្ឆិកា ជា​ថ្ងៃ​ហូប​អំបុក​រួមគ្នា​សម្រាប់​ពលរដ្ឋ​នៅ​កម្ពុជា អាច​នឹងធ្វើ​ឲ្យ​ផលិតផល​ខ្មែរ​មានការ​ឡើងថ្លៃ​។ «​ព្រោះ​អំបុក វា​ត្រូវការ​ស្រូវ យកមក​បុក បាន​ទៅជា​អំបុក ស្រូវ​ក៏​ឡើងថ្លៃ អំបុក​ក៏​ឡើងថ្លៃ ដូង​ក៏​ឡើងថ្លៃ ចេក​ក៏​ឡើងថ្លៃ ស្ករផែន​ក៏​ឡើងថ្លៃ​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច​។​

​សម្ដេច ហ៊ុន សែន កំណត់​យក​ថ្ងៃទី​៩ វិច្ឆិកា ហូប​អំបុក​ជុំគ្នា​នេះ គឺជា​ថ្ងៃ​ដែល​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី និង​សមាជិក ដែល​កំពុង​រស់នៅ​ក្រៅប្រទេស ប្រកាស​ត្រឡប់​ចូល​ស្រុក​វិញ​។ ហើយ​វា​ក៏​ជា​កម្មវិធី​ជួបជុំគ្នា​ទូទាំងប្រទេស​លើក​ទី​២ បន្ទាប់ពី​ការទទួល​ទាន​នំ​បញ្ចុក កាលពី​ថ្ងៃទី​៩ មិថុនា​កន្លងមក​ដែរ​។ «​លើក​នេះ​ខ្ញុំ​អត់​ភ័យ​ទេ​។ កាល​(​ហូប​)​នំ​បញ្ចុក​ខ្ញុំ​ភ័យ​ណាស់ មូលហេតុ​អី​ដែល​ភ័យ ស្រាប់តែ​លេងៗ កន្លែង​ណាមួយ​ពុល​ងាប់ បួន​ប្រាំ​នាក់ ចុក​ក្អួត​អី​ទៅ រាករូស អី​ទៅ ។ តែបើ​អំបុក ប្រហែលជា​អត់​អី​ទេ ច្បាស់​ជា​ស្រួល​ហើយ​»​។ នេះ​ជាការ​បញ្ជាក់​របសលោក​នាយករដ្ឋមន្ត្រី​។

​ជាមួយគ្នា​ផងដែរ សាលា​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ត្រៀម​រៀបចំ​ទីតាំង​ចំនួន​៩០០​កន្លែង សម្រាប់​ទទួលទាន​អំបុក និង​អកអំបុក នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា​៕

អត្ថបទទាក់ទង


Tag:
 សម្តេច ហ៊ុន សែន​
  អំបុក​
 ​ពាក្យស្លោក
© រក្សាសិទ្ធិដោយ thmeythmey.com