ប៉េកាំង​ច្រានចោល​របាយការណ៍​ពាក់ព័ន្ធ​គម្រោង​តំណែង​លោកស្រី ការី ឡាំ
អន្តរជាតិ
ប៉េកាំង​ច្រានចោល​របាយការណ៍​ពាក់ព័ន្ធ​គម្រោង​តំណែង​លោកស្រី ការី ឡាំ
24, Oct 2019 , 9:39 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying ក្នុងកម្មវិធី Regular Press Conference, រូបភាព៖ MOFA China
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying ក្នុងកម្មវិធី Regular Press Conference, រូបភាព៖ MOFA China
​ទីក្រុង​ប៉េកាំង បាន​ទាត់ចោល​របាយការណ៍​មួយ​ពាក់ព័ន្ធ​គម្រោង​ដកតំណែង​ប្រធាន​ប្រតិបត្តិ​ទីក្រុង​ហុងកុង ការី ឡាំ (Carrie Lam) ដែល​ផ្សាយ​ដោយ​កាសែត Financial Time ។ ក្រសួងការបរទេស​ចិន​នៅ​ថ្ងៃទី​២៣ ខែតុលា ចាត់ទុក​ព័ត៌មាន​នេះ​គ្រាន់តែ​ជា «​ពាក្យ​ចចាមអារ៉ាម​នយោបាយ ជាមួយនឹង​គំនិតអាក្រក់​នៅ​ពីក្រោយ​» តែប៉ុណ្ណោះ​។



«​រដ្ឋាភិបាល​មជ្ឈិម​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ប្រធាន​ប្រតិបត្តិ ការី ឡាំ​... ដើម្បី​បញ្ចប់​អំពើហិង្សា ភាពវឹកវរ និង​ស្តារ​ស្ថានការណ៍​ឲ្យ​មក​ប្រក្រតី​វិញ​»​។ នេះ​ជាការ​លើកឡើង​របស់រ​បស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក​ស្រី Hua Chunying ប្រាប់​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​២៣ ខែតុលា ដោយ​ទាត់ចោល​របាយការណ៍រ​បស់​កាសែត Financial Times ។ 

​បើតាម​កាសែត​ខាងលើ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង កំពុង​គិតគូរ​ផែនការ​ដកតំណែង​លោកស្រី ការី ឡាំ ដែលជា​ប្រធាន​ប្រតិបត្តិ​របស់​ទីក្រុង​ហុងកុង ក្រោយ​ការធ្វើ​បាតុកម្ម​អស់​ជាង​២០​សប្តាហ៍​កន្លងមក​។ ដោយ​ស្រង់​ប្រភពពី​មន្ត្រី​ដែល​ដឹងឮ​ព័ត៌មាន​នេះ ទីក្រុង​ប៉េកាំង ក៏​សង្ឃឹមថា ការដក​លោកស្រី ការី ឡាំ ចេញ អាចធ្វើ​ឲ្យ អំពើហិង្សា​ក្នុង​ក្រុង​ហុងកុង​ថមថយ ខណៈ​ការចាប់ខ្លួន​ក្រុមបាតុករ​កាន់តែ​ច្រើនឡើងៗ​។

​បើសិន​បើជា​ដកចេញ​មែន តំណែង​ប្រធាន​ប្រតិបត្តិ​ប្រចាំ​ហុងកុង នឹងត្រូវ​ទីក្រុង​ដាក់​មនុស្ស​ជំនួស​វិញ​នៅក្នុង​ខែមីនា​ខាងមុខ ហើយ​អ្នកថ្មី នឹង​កាន់តំណែង​សម្រាប់​អាណត្តិ​សេសសល់​របស់លោក​ស្រី ឡាំ ដែល​ចប់​នៅ​ឆ្នាំ​២០២២ ។  នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត Financial Time នៅ​ថ្ងៃទី ២៣ ខែតុលា​។

អត្ថបទទាក់ទង

​តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍ Channel News Asia  អ្នកវិភាគ​នយោបាយ Dixon Sing បាន​អះអាងថា គម្រោង​ដក​លោកស្រី​ការី ឡាំ ចេញ គឺ​យឺត​ពេល​ហើយ​។ ពោល គឺ​ទីក្រុង​ប៉េកាំង គួរតែ​ដក​ប្រធាន ប្រតិបត្តិ​តាំងពី ៤​ខែ​មុន​មក​ម្លេះ​។ បើតាម​អ្វីដែល​អ្នកវិភាគ​នយោបាយ​រូបនេះ​គិត ការដក​មេដឹកនាំ​ទីក្រុង​ហុងកុង គឺ​មិនអាច​ទៅរួច​ទេ ព្រោះ​ក្រុមបាតុករ​មិនអាច​ទៅផ្ទះ​វិញ​ដោយ​ដៃទទេ​ឡើយ​។ ម្យ៉ាងវិញទៀត វា​មិនមែនជា​ការទាមទារ​ទាំ​ង​ប្រាំ ដែល​ប្រជាជន​ហុងកុង​ចង់បាន​ដែរ​។

​តាមពិតទៅ ការដកតំណែង​លោកស្រី ឡាំ ពេលនេះ ក៏​មិនមែនជា​រឿង​ល្អ​ដែរ ដ្បិត​ប៉េកាំង​ត្រូវការ​មនុស្ស​ដើម្បី​ទប់ទល់​ស្ថានការណ៍​យ៉ាប់យ៉ឺន​នេះ​សិន ហើយ​ដូច​រៀបរាប់​ខាងលើ វា​ក៏​មិនជា​ការទាមទារ​របស់​បាតុករ​ដែរ​។ ប៉ុន្តែ​ចិន គួរតែ​គិតគូរ​ពី​ការទាមទារ​ទាំង​៥ តាម​ការទាមទារ​រប​ស់​ក្រុមបាតុករ​វិញ ល្អ​ជាង ព្រោះ​នោះ​បញ្ហា​នឹងត្រូវ​បញ្ចប់ ហើយ​ក្រុមបាតុករ​នឹង​ត្រលប់​ទៅផ្ទះ​វិញ​៕

Tag:
 ហុងកុង​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com