ជាតិ
សម្តេច ស ខេង ប្រាប់​ឱ្យ​ក្រសួង​៣ សហការគ្នា​ឱ្យ​ល្អ ដើម្បី​អភិវឌ្ឍ​តំបន់​ទេសចរណ៍​
19, Nov 2019 , 7:39 pm        
រូបភាព
សម្តេច  ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងវេទិកាជាតិ អេកូទេសចរណ៍លើកទី១ នាព្រឹកថ្ងៃទី១៩វិច្ឆិកា
សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងវេទិកាជាតិ អេកូទេសចរណ៍លើកទី១ នាព្រឹកថ្ងៃទី១៩វិច្ឆិកា
​ភ្នំពេញ​៖ ក្រសួង​ចំនួន​៣ ចាំបាច់​ត្រូវ​សហការគ្នា អភិវឌ្ឍ​តំបន់​ទេសចរណ៍​ឱ្យបាន​ល្អ ដើម្បី​ផលប្រយោជន៍ ជាតិ​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្តេច  ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុង​វេទិកា​ជាតិ អេកូ​ទេសចរណ៍​លើក​ទី​១ នា​ព្រឹក​ថ្ងៃទី​១៩​វិច្ឆិកា ។​

 
​ក្រសួង​ទាំង​៣ ដែល​សម្ដេច ស ខេង ស្នើឱ្យ​យកចិត្តទុកដាក់​លើ​តំបន់​ទេសចរណ៍​ជាតិ​នោះ មាន​ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ សម្រាប់​សម្តេច ស ខេង ការងារ​អន្តរក្រសួង​នេះ វា​មាន​ភាពចាំបាច់​ក្នុងការ​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ ដែល​មិនអាច​ខ្វះ​មួយណា​បានឡើយ​។ 
 
​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​និយាយ​ដូច្នេះ​ថា​៖ «​ខ្ញុំ​ឧទាហរណ៍​ថា ក្រសួងទេសចរណ៍​ស្នើសុំ​ក្រសួងកសិកម្ម​នូវ​តំបន់​ណាមួយ ដើម្បី​ក្លាយជា​កន្លែង​ទេសចរណ៍ ប៉ុន្តែ​ដោយសារ​ហេតុផល​ផ្សេងៗ ក្រសួងកសិកម្ម​មិន​គាំទ្រ​។ នេះ​ជា​បញ្ហា​ដែល​ធ្វើឱ្យ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​មិនអាច​ទៅមុខ​បាន​»​។ 
 
​សម្ដេច ស ខេង ក៏​ស្នើឱ្យ​ស្ថាប័នរដ្ឋ​ទាំងអស់ ត្រូវ​គិតពី​ប្រយោជន៍​ជាតិ​ជាធំ ជាង​ប្រយោជន៍​បុគ្គល​។ «​ការសម្រេចចិត្ត​របស់​យើង ដោយ​ឈរ​នៅលើ​ផលប្រយោជន៍​រួម​នោះ​ហើយ គឺជា​ការរួម​គ្នា​ដើម្បី​អភិវឌ្ឍ ដោយ​មិនអាច​ថា​ក្រសួង​នីមួយៗ ផ្អែកលើ​ផលប្រយោជន៍​របស់​ក្រុម​ណាមួយ ផ្នែក​ណាមួយ ឬក៏​ស្ថាប័ន​ណាមួយ​នោះទេ »​។ នេះ​ជា​លើកឡើង​របស់​ប្រមុខ​ក្រសួងមហាផ្ទៃ​។​
 
​កម្ពុ​ជាមាន​សហគមន៍​ទេសចរណ៍​រហូត​ទៅដល់​ជាង​២៣០០​កន្លែង ប៉ុន្តែ​បច្ចុប្បន្ន​មានតែ​១២៥​កន្លែង​ប៉ុណ្ណោះ ដែលមាន​សកម្មភាព​ទេសចរណ៍​។ នេះ​បើតាម​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ក្នុង​ពិធី​វេទិកា​ជាតិ អេកូ​ទេសចរណ៍​លើក​ទី​១ ៕ 

Tag:
 ស ខេង​
 ​ទេសចរណ៍​
  បរិស្ថាន​
  កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com