ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
លោក ឈាង វណ្ណា​រិ​ទ្ធ​៖ ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន នឹង​ហុច​ផល​ច្រើន​ដល់​កម្ពុជា​
23, Nov 2019 , 4:59 pm        
រូបភាព
រូបពី Asian Vision Institute
រូបពី Asian Vision Institute
ដោយ:
​ភ្នំពេញ​៖ កម្ពុជា​នឹង​ផ្ដើម​ចរចា​ជុំវិញ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ជាមួយ​ចិន នៅ​ទីក្រុង​ប៉េកាំង នា​ដើមខែ​ក្រោយនេះ​។ លោក ឈាង វណ្ណា​រិ​ទ្ធ អ្នកស្រាវជ្រាវ​កិច្ចការ​អន្តរជាតិ បាន​មើលឃើញថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ នឹង​អាច​ឲ្យ​កម្ពុជា​ទាញ​ផល​បាន​ច្រើន​។ លោក​បន្ថែមថា  កម្ពុជា​នឹងមាន​ទីផ្សារ​ក្រៅប្រទេស​របស់ខ្លួន​កាន់តែ​ធំ ដើម្បី​ពង្រីក​ការនាំចេញ ពោលគឺ​កម្ពុជា​ត្រូវការ​បង្អែក​ទីផ្សារ​នាំចេញ​ផ្សេងៗ​កាន់តែច្រើន ដើម្បី​មិនសូវមាន​ហានិភ័យ​ដូច​ការពឹងផ្អែក​ទីផ្សារ​ណាមួយ​លើសលុប​ពេក​។


 
​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ឈាង វណ្ណា​រិ​ទ្ធ ប្រធាន​វិទ្យាស្ថាន​ទស្សនវិស័យ​អាស៊ី ដូចតទៅ​នេះ​៖




 
​លោក ឈាន វណ្ណា​រិ​ទ្ធ ជឿជាក់ថា ការចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​ចិន   នឹង​ចេញ​ជា​ផ្លែផ្កា​នឹង​ពេលខាងមុខ ព្រោះ​ប្រទេស​ទាំងពីរ​មាន​ទំនាក់​ល្អ​ជាមួយគ្នា​ទៅហើយនោះ​។ លោក​ថ្លែង​ដូច្នេះ​ថា​៖«​ខ្ញុំ​គិតថា កិច្ចចរចា​អាច​ទៅ​រលូន និង​ទទួលបាន​លទ្ធផល​ល្អ ដោយសារ​ប្រទេស​ទាំងពីរ​មាន​ទុន​នយោបាយ ការជឿទុកចិត្ត​គ្នា​លើ​នយោបាយ និង​យុទ្ធសាស្ត្រ ស៊ីជម្រៅ​»​។​

អត្ថបទទាក់ទង

 
​អ្នកស្រាវជ្រាវ​កិច្ចការ​អន្តរជាតិ​រូបនេះ មើលឃើញថា កិច្ចព្រមព្រៀង​នេះ​នឹង​ហុច​ផល​ធំធេង​ដល់​កម្ពុជា​។ លោក​ឲ្យ​ដឹង​ដូច្នេះ​ថា​៖«​ផ្ដល់​ផលប្រយោជន៍​ដល់​កម្ពុ​ជាច្រើន​មែនទែន ព្រោះថា​ទីផ្សារ​ចិន​ធំ​ណាស់ ១​ពាន់​៤​រយ​លាន​នាក់​»​។ 
 
​បើ​មើ​លពី​ជញ្ជីង​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី កម្ពុជា​នាំទៅ​ចិន​តិចតួច​នៅឡើយ បើ​ធៀប​នឹង​ការនាំ​របស់​ចិន​មក​កម្ពុជា​វិញ​។ ក្នុង​ឆ្នាំ​២០១៨ ការដោះដូរ​ពាណិជ្ជកម្ម​សរុប​មាន​ចំនួន ៧០០៨ លាន​ដុល្លារ​អាមេរិក កើនឡើង​ជិត​១​ពាន់​លាន ធៀប​នឹង​ឆ្នាំ​២០១៧ ដែលមាន​ចំនួន ៦០៤០​លាន​ដុល្លារ​។ ក្នុងនោះ កម្ពុជា​នាំចេញ​ទៅ​ចិន​ត្រឹម​ចំនួន ៨៦៤​លាន​ដុល្លារ ខណៈ​នាំចូល​ពី​ចិន​មកវិញ​ទំហំ ៦១៤៤​លាន​ដុល្លារ​។​
 
​ចំពោះ​ឱនភាព​ជញ្ជីងពាណិជ្ជកម្ម​នេះ លោក ឈាង វណ្ណា​រិ​ទ្ធ លើកឡើង​ដូច្នេះ​ថា​៖«​ចិន​នាំចូល​ធាតុ​ផ្សំ​សម្រាប់​ការផលិត​ជាពិសេស​សម្លៀកបំពាក់ និង​ស្បែកជើង​។ ការ​នាំចូល​វត្ថុធាតុដើម​គឺជា​ការចាំបាច់​មួយ​ដើម្បី​ផលិត​ផលិតផល​សម្រេច​។ ដូច្នេះ​ទោះបី​មាន​ឱនភាព​ក៏ដោយ តែ​វា​ជំរុញ​ការផលិត​នៅ​កម្ពុជា​»​។ លោក​បន្ថែម​ដូចនេះ​ទៀតថា​៖«FTA អាច​ជំរុញ​នាំចេញ​របស់​កម្ពុជា ពិសេស​កសិផល​បន្ថែម​ទៀ​តទៅ​ទីផ្សារ​ចិន ហើយនឹង​ពង្រឹង​នូវ​ខ្សែចង្វាក់​ផលិតកម្ម បានន័យថា​កម្ពុជា​អាច​ទៅជា​អ្នកផ្ដល់​គ្រឿងបន្លាស់​ផ្សេងៗ​ដល់​ក្រុមហ៊ុន​ធំៗ​នៅ​ប្រទេស​ចិន​បាន​។ អ៊ីចឹង FTA អាចជួយ​បង្កើត​នូវ​ចរន្ត​បណ្ដាញ​នៃ​ការផលិត​(Production Network) រវាង​ប្រទេស​ទាំងពីរ​បានល្អ​ប្រសើរ​»​។​
 
​លោក ឈាង វណ្ណា​រិ​ទ្ធ យល់ឃើញថា FTA នេះ នឹង​កាន់តែ​ឲ្យ​វិ​និ​យោ​សម្លឹងមើល​កម្ពុជា តែ​ទន្ទឹមនឹងនេះ​កម្ពុជា​ក៏ត្រូវ​កែលម្អ​ក្នុងប្រទេស​របស់ខ្លួន​ផងដែរ​។ លោក​បញ្ជាក់​ដូច្នេះ​ថា​៖«​យើង​អាច​ទាញ​ស្រូប​ផលប្រយោជន៍​ច្រើន តែ​វា​អាស្រ័យ​កម្លាំង​នៃ​ការផលិត និង​នយោបាយ​ឈ្លាសវៃ​របស់​យើង កំណែទម្រង់​យ៉ាងណា​ដើម្បី​ទាក់ទាញ​វិនិយោគ​»​។ លោក​គូស​បញ្ជាក់ទៀតថា​៖«​យើង​យក​ទីផ្សារ​ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ ទីផ្សារ​យើង​តូច ដូច្នេះ​បើ​យើង​មាន​ទីផ្សារ​ទៅ​ចិន​ជាដើម ល្អប្រសើរ យើង​អាច​ទាក់ទាញ​វិនិយោគ​»​។​
 
​បញ្ហា​ប្រឈម​ក៏មាន​ផងដែរ ដែល​អាច​ថា​ការហូរចូល​ផលិតផល​ប្រើប្រាស់​ពី​ចិន​មក​កម្ពុជា​កាន់តែច្រើន ខណៈ​ការផលិត​ក្នុងស្រុក​នៅ​ទន់ខ្សោយ​។ លោក ឈាង វណ្ណា​រិ​ទ្ធ និយាយ​ដូច្នេះ​ថា​៖«​បញ្ហា​ប្រឈម​គឺមាន ពិសេស​ប៉ះពាល់​ដល់​ការប្រកួតប្រជែង​ក្រុមហ៊ុន​ក្នុងស្រុក តែ​និយាយ​ឲ្យ​ចំ​ទៅ​យើង​ប្រើប្រាស់​ទំនិញ​ពី​បរទេស​សឹងតែ​ទាំងអស់ បើ​មិនមែន​របស់​ចិន ក៏​ជា​របស់​វៀតណាម របស់​ថៃ​ដែរ ដោយសារ​កម្លាំង​ផលិត​របស់​យើង​នៅ​ទាប​មែនទែន​»​។ លោក​បន្ត​បែបនេះ​ទៀតថា​៖«​អ្វីដែល​យើង​អាច​ទាញ​បាន​ផលប្រយោជន៍ គឺ​ទាញ​ក្រុមហ៊ុន​កម្រិត​មធ្យម​ពី​ចិន​ឲ្យ​មក​ផលិត​នៅ​កម្ពុជា​ហើយ​នាំ​ចេញទៅ​ប្រទេស​ចិន​វិញ ព្រោះ​ក​ម្លាំ​ពលកម្ម​នៅ​កម្ពុជា​អាច​ធូរ​ថ្លៃ​ជាង បើ​ធៀប​នឹង​កម្លាំង​ពលកម្ម​ចិន​»​។​
 
​ការផ្ដើម​ចរចា​បង្កើត FTA រវាង​កម្ពុជា​និង​ចិន​នេះ គឺ​ស្រប​ពេលដែល​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់ ឬ​ហៅថា RCEP ដែលមាន​ចិន​និង​កម្ពុជា នៅក្នុង​នេះដែរ  ត្រូវបាន​រំពឹងថា​នឹង​ចេញ​ជា​ផ្លែផ្កា​ក្នុងពេល​ខាងមុខនេះ​។ តែ​យ៉ាងណា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី មាន​ភាព​មុត​ស្រួច​ជាង​កិច្ចព្រមព្រៀង​ពហុភាគី​។ លោក ឈាង វណ្ណា​រិ​ទ្ធ ប្រាប់​ដូច្នេះ​ថា​៖«FTA ទ្វេភាគី​មាន​លក្ខណៈ​ស៊ីជម្រៅ​ខ្លាំង​ជាង​ពហុភាគី​។ FTA យើង​មាន​ហើយ​អាស៊ាន​-​ចិន ហើយ​យើង​កំពុង​ចរចា RCEP ទៅទៀត (​អាស៊ាន​បូក​៥​ប្រទេស​) តែ​គុណភាព​នៅ​ទាប​ជាង ទ្វេភាគី​»៕
 

Tag:
 ឈាង វណ្ណា​រិ​ទ្ធ​
  កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​
  FTA
© រក្សាសិទ្ធិដោយ thmeythmey.com