AIMF៖ អភិបាល និង​អតីត​អភិបាល​រាជធានី បង្ហាញ​ពីបទ​ពិសោធន៍​ធ្វើ​ឲ្យ​ភ្នំពេញ​រស់​ឡើងវិញ​
ជាតិ
សង្គមជាតិ
AIMF៖ អភិបាល និង​អតីត​អភិបាល​រាជធានី បង្ហាញ​ពីបទ​ពិសោធន៍​ធ្វើ​ឲ្យ​ភ្នំពេញ​រស់​ឡើងវិញ​
03, Dec 2019 , 4:35 pm        
រូបភាព
ពីឆ្វេងទៅស្តាំ លោក ឃួង ស្រេង លោក ថោង ខុន និងលោក ប៉ា សុជាតិវង្ស
ពីឆ្វេងទៅស្តាំ លោក ឃួង ស្រេង លោក ថោង ខុន និងលោក ប៉ា សុជាតិវង្ស
លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ រួមជាមួយ​អតីត​អភិបាល​រាជធានី​ពីររូប គឺ​លោក ថោង ខុន និង​លោក ប៉ា សុជាតិ​វង្ស បានបង្ហាញ​ពីបទ​ពិសោធន៍​របស់​ក​ម្ពុ​ជានា​រយៈពេល​៤០​ឆ្នាំ​ចុង​ក្រោយនេះ ក្នុងការ​ប្រែក្លាយ​ភ្នំពេញ ដែលជា​ទីក្រុង​ខ្មោច​នៅ​សម័យ​ខ្មែរក្រហម ឲ្យ​រស់​ឡើងវិញ ចាប់ពី​ឆ្នាំ​១៩៧៩​មក​។ បទ​បង្ហាញ​ទាំងនេះ ត្រូវបាន​ធ្វើឡើង​ក្នុង​ក្របខណ្ឌ​នៃ​មហាសន្និបាត​លើក​ទី​៣៩ របស់​សមាគម​អន្តរជាតិ​នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (AIMF) នៅ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​អង្គារ ទី​៣ ខែធ្នូ ឆ្នាំ​២០១៩​។​



ក្នុង​សន្និសីទ​ស្តីពី «​ទីក្រុង​ដែលមាន​ភាព​ធន់​៖ ការគិតគូរ​ពី​បញ្ហា​ប្រឈម និង​ការស្ថាបនា​ទីក្រុង​ឡើងវិញ​»  លោក ឃួ​ង ស្រេង ដែល​កាន់តំណែង​ជា​អភិបាល​រាជធានី​ភ្នំពេញ​តាំងពី​ឆ្នាំ​២០១៧ មក បានលើកឡើង​ពី​មោទកភាព​របស់​ភ្នំពេញ ដែល​បាន​ក្លាយជា​ម្ចាស់ផ្ទះ​មហាសន្និបាត AIMF ក្នុងនាម​ជា​សមាជិក​មួយ​តាំងពី​ឆ្នាំ​១៩៩០​មក​។​

​លោក ឃួ​ង ស្រេង បាន​គូសបញ្ជាក់ថា ភ្នំពេញ​ដែល​ធ្លាប់មាន​ឈ្មោះថា ជាទី​ក្រុង​គជ់​អាស៊ី បានក្លាយ​ជាទី​ក្រុង​ខ្មោច គ្មាន​មនុស្ស​នៅ ហើយ​ត្រូវបាន​បំផ្លាញ​ស្ទើរតែ​ទាំងស្រុង ដោយសារ​សង្គ្រាម មុន​ថ្ងៃ​រំដោះ ៧​មករា ឆ្នាំ​១៩៧៩​។

«​ការដឹកនាំ​ដ៏​ត្រឹមត្រូវ បានធ្វើ​ឲ្យ​ទីក្រុង​នេះ​មានការ​អភិវឌ្ឍ​រីកចម្រើន​គួរកត់សម្គាល់ ហើយ​រាជធានី​ភ្នំពេញ​នៅតែ​រក្សាបាន​នូវ​អត្តសញ្ញាណ​ទីក្រុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន ដែលជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​មជ្ឈមណ្ឌល​ប្រមូលផ្តុំ​លើ​គ្រប់​វិស័យ រួមមាន វិស័យ​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច បេតិកភណ្ឌ វប្បធម៌ ទេសចរណ៍ និង​ការទូត​»​។ នេះ​ជាការ​គូសបញ្ជាក់​របស់​លោក ឃួ​ង ស្រេង​។​



លោក​អភិបាល​រាជធានី បាន​បន្ថែមថា ការស្តារ និង​អភិវឌ្ឍ​រាជធានី​ភ្នំពេញ​ឡើងវិញ ឆ្លងកាត់​៥​ដំណាក់កាល​សំខាន់ៗ គឺ​ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩៣, ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០០០, ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០០៨, ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១៣ និង​ពី​ឆ្នាំ​២០១៣ រហូតដល់​បច្ចុប្បន្ន​។ ដំណាក់កាល​ទាំងនេះ ចាប់ផ្តើម​ពី​ការធ្វើ​មាតុភូមិនិវត្តន៍​ពលរ​ដ្ឋ​ខ្មែរ ការស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ការលើកកម្ពស់​សហគម​ន៍​ក្រីក្រ រហូតដល់​ការ​ប្រែ​ក្លាយទៅជា​ទីក្រុង​វៃឆ្លាត​។​

«​ជា​អច្ឆរិយៈ​ក្នុង​ប្រវត្តិសាស្ត្រ ដែល​ទីក្រុង​ស្លាប់​ហើយ តែ​បាន​រស់​ឡើងវិញ​»​។ នេះ​ជាការ​គូសបញ្ជាក់​របស់​លោក ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​ជា​អតីត​អភិបាល​រាជធានី​ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៧ ដោយ​លោក​បានលើកឡើង​ពី​ការដាក់ចេញ​នូវ​គោលនយោបាយ​ឈ្នះ​ឈ្នះ ចាប់ពី​ឆ្នាំ​១៩៩៨ មក ដែល​ធ្វើ​ឲ្យ​ភ្នំពេញ កាន់តែ​មានការ​កែប្រែ​យ៉ាង​ឆាប់រហ័ស​។​



​លោក ប៉ា សុជាតិ​វង្ស បាន​លើកឡើងថា ភ្នំពេញ​ដែលជា​ក្រុង​វ័យ​ចំណាស់​មួយ​ក្នុងចំណោម​ក្រុង​នៃ​ប្រទេស​និយាយ​ភាសា​បារាំង ក្លាយជា​ទីក្រុង​ដែលមាន​ការប្រកួតប្រជែង និង​អភិវឌ្ឍ​ជា​បន្តបន្ទាប់ ដូចជា ស្ពាន​អាកាស ផ្លូវ​ក្រោម​ដី ផ្លូវ​ប៉េ​តុង សួនច្បារ ផ្លូវ​ថ្មើ​ជើង អភិវឌ្ឍ​ច្រាំងទន្លេ មាន​កំណើន​យានយន្ត​គ្រប់​ប្រភេទ​មាន​អគា​ពាណិជ្ជកម្ម​ខ្ពស់ៗ​ជាច្រើន​។​

​ជាមួយគ្នានេះ​ផងដែរ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អតីត​អភិបាល​រាជធានី​ភ្នំពេញ​ពី​ឆ្នាំ​១៩៨៥ ដល់​ឆ្នាំ​១៩៩០ បាន​ថ្លែង​ជា​ភាសា​បារាំង ក្នុង​បទ​បង្ហាញ​របស់លោក​ស្តីពី «​ការអនុវត្ត និង​ការសាកល្បង​ការស្ថាបនា​ទីក្រុង​ឡើងវិញ​»​។​



ក្រោយ​របប​ខ្មែរក្រហម លោក ថោង ខុន ដែល​មនុស្ស​ទី​៤​កាន់តំណែង​ជា​អភិបាល​រាជធានី បន្ទាប់ពី​លោក ខាង សារិន លោក ចាន់ វ៉ែន និង​លោក កែវ ចិន្តា បាន​រំលឹក​ពី​ការប្រឹងប្រែង​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​ការស្តារ​ភ្នំពេញ​ឡើងវិញ ខណៈ​ប្រទេសជាតិ​ខ្វះខាត​គ្រប់បែបយ៉ាង​។

«​គ្រានោះ​រាជរដ្ឋាភិបាល ដៃ​ម្ខាង​ខិតខំ​អភិវឌ្ឍ និង​ដៃ​ម្ខាង​ទៀត​កាន់​កាំភ្លើង​ប្រយុទ្ធ​ជាមួយ​ពួក​ខ្មែរក្រហម​កុំ​ឲ្យ​ចូលមក​វិញ​។ ប្រជាពលរដ្ឋ​រស់នៅ​ដោយ​ការភ័យខ្លាច​ពី​សុវត្ថិភាព មិន​ចង់​ធ្វើការ មិន​ចង់បាន​ទ្រព្យសម្បត្តិ​នោះទេ ទីក្រុង​ភ្នំពេញ​មាន​ភាពស្ងប់ស្ងាត់​ដូចជា​ទីក្រុង​ខ្មោច​»​។ នេះ​ជាការ​លើកឡើង​របស់លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដោយ​បន្ថែមថា កម្លាំង​បញ្ញវន្ត​ត្រូវបាន​បណ្តុះបណ្តាល​ជា​បន្តបន្ទាប់ ដើម្បី​ជា​ស្នូល​ក្នុង​ការធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ រស់​ឡើងវិញ​៕

អត្ថបទទាក់ទង







Tag:
 AIMF
© រក្សាសិទ្ធិដោយ thmeythmey.com