ជាតិ
សង្គមជាតិ
លោក រៀម មុនីស៊ីឡុង គ្រោងបង្កើតសាលតាំងពិព័រណ៍វត្ថុប្រើប្រាស់ និងរូបសត្វដែលច្នៃពីសំរាមផ្ទះបាយ និងប្លាស្ទិក វត្ថុប្រើប្រាស់ផ្សេងៗដែលលោក រៀម មុនីស៊ីឡុង ច្នៃពីសំរាមប្លាស្ទិក
× ភ្នំពេញ៖ លោក រៀម មុនីស៊ីឡុង ដែលគេនិយមស្គាល់ថា ជាសិល្បករសូនរូប គូររូប និងឆ្លាក់រូប គ្រោងបង្កើតសាលតាំងពិព័រណ៍វត្ថុប្រើប្រាស់ និងរូបសត្វដែលច្នៃពីសំរាមផ្ទះបាយ និងប្លាស្ទិក។ គម្រោងបង្កើតសាលពិព័រណ៍នេះ គឺលោក ស៊ីឡុង ចង់ជំរុញឱ្យពលរដ្ឋយល់ដឹងពីបញ្ហាសំរាម ជាពិសេសកាកសំណល់ប្លាស្ទិក។
រាល់ស្នាដៃរបស់លោកដែលបានបង្កើតឡើងអស់រយៈពេល១០ឆ្នាំមកហើយនោះ អាចសមល្មមនឹងឲ្យលោកបើកជាសាលតាំងពិព័រណ៍ និងមន្ទីរកែច្នៃសំរាម នៅខេត្តសៀមរាបនៅថ្ងៃអនាគត។ នេះជាគម្រោងដែលលោក កំពុងតែរៀបចំជាបណ្តើរៗហើយ។ ជាប់ជាយុវជនអាស៊ានផ្នែកបរិស្ថានកាលពីខែតុលាកន្លងទៅ លោក មុនីស៊ីឡុង បានអះអាងថា គម្រោងបង្កើតមន្ទីរតាំងពិព័រណ៍ និងមន្ទីរកែច្នៃសំរាមនេះ លោកកំពុងតែស្វែងរកដៃគូជំនួយ និងអ្នកឧបត្ថម្ភ ដើម្បីឲ្យឆាប់លេចចេញជារូបរាងឲ្យបានឆាប់ៗនៅថ្ងៃខាងមុខ សម្រាប់បង្ហាញទៅឲ្យពិភពលោកបានឃើញ និងបង្ហាញទៅសាធារណជនឲ្យចេះគិតគូរពីការទុកដាក់សំរាមឲ្យត្រឹមត្រូវ ។ ជាពិសេសការយល់ដឹងពីគុណតម្លៃនៃសំណល់ដែលគេបោះចោល ដែលអាចយកមកច្នៃធ្វើជាវត្ថុប្រើប្រាស់ផ្សេងៗបាន។
លោក ស៊ីឡុង ជ្រើសរើសខេត្តសៀមរាបធ្វើជាកន្លែងតាំងបង្ហាញវត្ថុ និងរូបសត្វ ដែលច្នៃពីសំរាមនោះ ដោយសារលោកជាអ្នកខេត្តសៀមរាបស្រាប់ផង ដូច្នេះការបង្កើតសាលតាំងពិព័រណ៍នេះ នឹងជួយទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាខេត្តប្រាង្គប្រាសាទមួយនេះ។ មានលំនៅដ្ឋានក្នុងភូមិមណ្ឌល៣ ខេត្តសៀមរាប លោក មុនីស៊ីឡុង តែងតែប្រមូលសំរាមដែលជាកាកសំណល់ផ្ទះបាយ កាកអំពៅ សំបកខ្យង ខ្ចៅ ស្លឹកឈើ ស្រកាត្រី ជាពិសេសសំរាមប្លាស្ទិក មកច្នៃជាវត្ថុមានតម្លៃ។
រូបចាប៉ីដងវែង ដែលលោក រៀម មុនីស៊ីឡុង ច្នៃពីសំរាមប្លាស្ទិក សម្រាប់បង្ហាញឲ្យសាធារណជនបានទស្សនានៅខេត្តសៀមរាប
«នៅថ្ងៃខាងមុខ ខ្ញុំនឹងបង្កើតអ្វីដែលថ្មីៗទៀត ដើម្បីឲ្យសង្គមគេបានឃើញ ហើយនឹងជួយលើកកម្ពស់លើកិច្ចការងារមួយហ្នឹង។ ខ្ញុំមានគម្រោងបង្កើតសាលតាំងពិព័រណ៍ និងមន្ទីរកែច្នៃសំរាមធ្វើជាវត្ថុផ្សេងៗ។ យើងនឹងបង្កើតជាទីតាំងបង្រៀនពីរបៀបកែច្នៃសំរាម មានទីតាំងបង្ហាញរូបគំនូរ និងមានសាលសិក្ខាសាលាផងដែរ។ យើងនឹងមានគម្រោងលក់សំបុត្រ សម្រាប់ភ្ញៀវអន្តរជាតិដែលចង់ចូលទស្សនា»។ នេះជាការលើកឡើងរបស់លោក មុនីស៊ីឡុង ដែលមានមហិច្ឆតាចង់ឲ្យកូនចៅជំនាន់ក្រោយផ្តល់តម្លៃឲ្យសំរាម និងស្វែងយល់ពីសំរាមណាដែលអាចច្នៃឡើងវិញ ដើម្បីធ្វើជារបស់ប្រើប្រាស់។ ជាពិសេសចូលរួមកាត់បន្ថយការប្រើប្រាស់សំរាមប្លាស្ទិក ដែលជួយឲ្យបរិស្ថានល្អប្រកបដោយផាសុកភាព។
ការទុកដាក់សំរាមឲ្យរៀបរយ និងចាត់ទុកសំរាមជាដុំមាស នោះនឹងបង្ហាញពីអត្តចរិតល្អ និងទីក្រុងមានសោភ័ណភាព
«បើសិនជាបុគ្គលម្នាក់ៗចាត់ទុកសំរាមប្រៀបដូចជាដុំមាស ដោយមិនបោះចោលពាសវាសពាសកាល និងទុកដាក់ឲ្យបានត្រឹមត្រូវនោះ វានឹងបង្ហាញពីអត្តចរិតរបស់យើង និងបង្ហាញពីសោភ័ណភាពទីក្រុងដែលស្រស់ស្អាត»។ នេះជាការរៀបរាប់របស់លោក មុនីស៊ីឡុង ដែលសព្វថ្ងៃថ្វីដៃរបស់លោកមួយចំនួន កំពុងតែមានការទទួលស្គាល់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងបរិស្ថាន។
រូបសត្វតោ ដែលលោក រៀម មុនីស៊ីឡុង បានច្នៃពីកាកអំពៅ សំរាមផ្ទះបាយ និងដបប្លាស្ទិក យកទៅតាំងបង្ហាញនៅពិព័រណ៍នៅរាជធានីភ្នំពេញ
មុននឹងលោកមានក្តីស្រមៃបង្កើតជាសាលតាំងពិព័រណ៍រាល់ស្នាដៃរបស់លោកនេះឡើង លោកក៏ធ្លាប់បោះបង់ចោលនូវអាជីពមួយនេះដែរ កាលអំឡុងឆ្នាំ២០១៣-២០១៤ ដោយសារកត្តាជីវភាព ស្របពេលដែលគ្មានអ្នកឲ្យតម្លៃ និងគ្មានទីផ្សារ។ ប៉ុន្តែ៣ខែក្រោយមក លោកបានចាប់ផ្តើមឡើងវិញ ដោយគិតថាការងារនេះពិតជាមានសារសំខាន់សម្រាប់សង្គម និងបរិស្ថាន។ បច្ចុប្បន្នសា្នដៃរបស់លោក តែងតែមានវត្តមាននៅក្នុងពិធីតាំងពិព័រណ៍ធំៗនានា ជាពិសេសតាមបណ្តាភោជនីយដ្ឋាន និងក្រុមហ៊ុនមួយចំនួនក៏បានជាវទិញនូវស្នាដៃរបស់លោកយកទៅតាំងបង្ហាញផងដែរ។
ស្នាដៃដែលលោក ស៊ីឡុង បានច្នៃសំរាម បង្កើតជារូបរាងបែបសិល្បៈនោះ មានដូចជាចាប៉ីដងវែង នាងមច្ឆា ស្តេចសមុទ្រ និងរូបសត្វផ្សេងៗ។ ភាគច្រើនស្នាដៃរបស់លោកត្រូវបានដាក់តាំងនៅពិព័រណ៍ផ្សេងៗ ក្នុងប្រទេសកម្ពុជា៕
លោក រៀម មុនីស៊ីឡុង ជាមួយនឹងចាប៉ីដងវែងដែលខ្លួនបានច្នៃពីសំរាមប្លាស្ទិក
លោក រៀម មុនីស៊ីឡុង ដែលច្នៃសំរាមបា្លស្ទិក កាកសំពៅ ដើមឈូក ស្រកាត្រី សំបកងាវ សំបងពងទា ធ្វើជារូបនាងមច្ឆា និងសេ្តចសមុទ្រ
លោក រៀម មុនីស៊ីឡុង ដែលយកសំរាមប្លាស្ទិកធ្វើជារូបសត្វផ្សេងៗ
Tag:
លោក រៀម មុនីស៊ីឡុង
សំរាម
ប្លាស្ទិក
ពិព័រណ៍
វត្ថុ
© រក្សាសិទ្ធិដោយ thmeythmey.com