វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
TikTok មានការដោនឡូតជាង៧០០លានក្នុងឆ្នាំ២០១៩ ជាពិសេសនៅឥណ្ឌា
× តួលេខដែលសិក្សាដោយ Sensor Tower បានបង្ហាញថា App នៃបណ្តាញសង្គម TikTok របស់ចិន មានការទាញយកទៅប្រើប្រាស់ (ដោនឡូត) ដល់ទៅ៧០០លាន កាលពីឆ្នាំ២០១៩ ពោលគឺឈរនៅលំដាប់ទីពីរ បន្ទាប់ពី WhatsApp។
App TikTok របស់ចិនមួយនេះ អនុញ្ញាតឲ្យអ្នកប្រើប្រាស់ថតវីដេអូ បញ្ចូលសំឡេង និងសម្តែងកាយវិការរបស់ខ្លួន។ Tik Tok ដែលគេហៅម្យ៉ាងទៀតថា Douying នេះ ត្រូវបានបង្កើតនៅខែកញ្ញា ឆ្នាំ២០១៦ ដោយលោក Zhang Yiming វិស្វករសូហ្វែរ និងជាមហាសេដ្ឋីម្នាក់របស់ចិន។
ក្នុងចំណោមការទាញយកប្រមាណ៧០០លាន មាន៤៥ភាគរយនៅឥណ្ឌា ដោយភាគច្រើនគឺយុវជនដែលមានអាយុក្រោម២៥ឆ្នាំ។ នៅអឺរ៉ុប តួលេខក៏បានបង្ហាញផងដែរថា TikTok ត្រូវបានទាញយកជាង៩លាននៅលើ App Store និងជិត២៥លាននៅលើ Google Play ដោយរុស្ស៊ី តួកគី និងអ៊ីតាលី មានអ្នកប្រើប្រាស់ច្រើនជាងគេ។
WhatsApp ដែលជាកម្មសិទ្ធិរបស់ហ្វេសប៊ុក បន្តឈរចំណាត់ថ្នាក់លេខ១ ប្រចាំឆ្នាំ២០១៩ នៅក្នុងតារាងចំណាត់ថ្នាក់របស់ Sensor Tower ប៉ុន្តែនេះជាលើកដំបូង ដែល TikTok ដណ្តើមទីតាំងលំដាប់ទីពីរពី App Messenger និង Facebook របស់លោក Mark Zuckerberg៕
Tag:
បណ្តាញសង្គម
TikTok
© រក្សាសិទ្ធិដោយ thmeythmey.com